ភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ ឬហៅកាត់ប៉ូលិស ICE កាលពីថ្ងៃអាទិត្យគ្រោងនឹងបើកការឆ្មក់ចាប់ខ្លួនជនអន្តោប្រវេសន៍នៅទូទាំងប្រទេសដែលកំពុងប្រឈមនឹងការចាប់ខ្លួនដើម្បីបញ្ជូនពួកគេត្រឡប់ទៅប្រទេសកំណើតវិញ។
យុទ្ធនាការដែលត្រូវបានបញ្ជាក់កាលពីថ្ងៃសុក្រដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវគេរំពឹងថានឹងផ្ដោតទៅលើគ្រួសារជនអន្តោប្រវេសន៍រាប់រយគ្រួសារដែលកំពុងរស់នៅក្នុងទីក្រុងធំៗចំនួន៩រួមទាំងទីក្រុងឈីខាហ្គោ ឡូអានជេឡេស និងទីក្រុងញូវយ៉កផងដែរ។
លោកត្រាំ បានមានប្រសាសន៍ថា «ប្រជាជននាំគ្នាចូលមកក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់។ យើងកំពុងនាំពួកគេចេញទៅវិញដោយស្របច្បាប់»។
ប៉ូលិស ICE នឹងតម្រង់គោលដៅភាគច្រើនទៅលើជនអន្តោប្រវេសន៍ដែលត្រូវបានចាត់ទុកថាបង្កគ្រោះថ្នាក់។
នាយកស្ដីទីនៃទីភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ (ICE) គឺលោក Matthew Albence មានប្រសាសន៍ថា ជនអន្តោប្រវេសន៍ដែលភ្នាក់ងាររបស់លោកកំពុងតាមរកចាប់ខ្លួនទាំងនេះ កំពុងតតាំងនៅតុលាការអន្តោប្រវេសន្ត។
ការឆ្មក់ចាប់ខ្លួនជនអន្តោប្រវេសន៍ដោយរដ្ឋបាលដឹកនាំដោយលោកត្រាំនេះ ត្រូវគេរំពឹងថានឹងទទួលបានការគាំទ្រពីសំណាក់អ្នកបោះឆ្នោត ដែលបានបោះឆ្នោតឱ្យលោក ដោយសារលោកបានសន្យាម្ដងហើយម្ដងទៀតថានឹងបង្ក្រាបជនអន្តោប្រវេសន៍ខុសច្បាប់នៅក្នុងសហរដ្ឋអាមេរិក៕