ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកអ្នកស្រី Nancy Pelosi បាននិយាយថា អ្នកស្រីនិងរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump មានការវិវឌ្ឍខ្លះលើការចរចាអំពីកញ្ចប់ជំនួយថ្មីសម្រាប់វិបត្តិជំងឺកូវីដ១៩។
អ្នកស្រី Pelosi បានថ្លែងនៅក្នុងកិច្ចសម្ភាសន៍តាមទូរទស្សន៍កាលពីថ្ងៃចន្ទម្សិលមិញថា អ្នកស្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Steven Mnuchin បានបង្រួមចំណុចមិនចុះសម្រុងគ្នា ក្នុងអំឡុងពេលជជែកគ្នាតាមទូរស័ព្ទអស់រយ:ពេលមួយម៉ោងកាលពីថ្ងៃចន្ទ។
អ្នកស្រីបាននិយាយថា រដ្ឋបាលលោក Trump ជាចុងក្រោយ បានឈានដល់ចំណុចមួយដែលពួកគេត្រៀមខ្លួនរួចរាល់នៅក្នុងការសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងមួយ ហើយថា ភាគីទាំងពីរនឹងជជែកគ្នាម្ដងទៀតនៅថ្ងៃអង្គារនេះដើម្បីកំណត់អំពីគោលជំហររបស់ភាគីនីមួយៗឲ្យបានច្បាស់លាស់។
អ្នកស្រី Pelosi បានថ្លែងតាមកញ្ចក់ទូរស្សន៍ MSNBCថា៖ «យើងត្រូវតែសម្រេច [លើរឿងនេះ]។ យើងអាចនឹងមិនពេញចិត្តវា ប៉ុន្តែចាំថ្លឹងថ្លែងមើលគ្រប់ចំណុចទាំងអស់ថាតើយើងអាចទៅមុខបានឬក៏អត់»។
អ្នកស្រី Pelosi បានកំណត់យកថ្ងៃអង្គារនេះជាថ្ងៃចុងក្រោយដើម្បីសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងមួយជាមួយរដ្ឋបាលលោក Trump មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីចូលមកដល់នៅថ្ងៃទី ៣ ខែវិច្ឆិកាខាងមុខ។
ប្រសិនបើការចរចាលើកនេះបរាជ័យ ឱកាសបន្ទាប់សម្រាប់ចរចាលើកញ្ចប់ជំនួយថ្មីសម្រាប់វិបត្តិជំងឺកូវីដ១៩ នេះ នឹងធ្វើឡើងក្នុងអំឡុងពេលសម័យប្រជុំរបស់សភានៅខែវិច្ឆិកា និងខែធ្នូខាងមុខ ក្រោយការបោះឆ្នោត៕