ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកស្រី Pelosi ថា កញ្ចប់​ជំនួយ​ថ្មី​សម្រាប់​វិបត្តិ​ជំងឺ​កូវីដ១៩ សម្រេច​បាន​ឬ​មិន​បាន​អាស្រ័យ​លើ​រដ្ឋបាល​លោក Trump


រូបឯកសារ៖ ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​អ្នកស្រី Nancy Pelosi ជួបជាមួយអ្នកយកព័ត៌មាននៅ​វិមាន​សភា​កាពីតូល ក្នុង​រដ្ឋធានី​​វ៉ាស៊ីនតោន កាលពី​​ថ្ងៃទី៨ ខែតុលាឆ្នាំ២០២០។
រូបឯកសារ៖ ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​អ្នកស្រី Nancy Pelosi ជួបជាមួយអ្នកយកព័ត៌មាននៅ​វិមាន​សភា​កាពីតូល ក្នុង​រដ្ឋធានី​​វ៉ាស៊ីនតោន កាលពី​​ថ្ងៃទី៨ ខែតុលាឆ្នាំ២០២០។

ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​អ្នកស្រី Nancy Pelosi បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា កិច្ច​ព្រមព្រៀង​មួយ​ជាមួយ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Donald Trump ស្តីពី​កញ្ចប់​ជំនួយ​ថ្មី​សម្រាប់​វិបត្តិ​ជំងឺ​កូវីដ១៩ នឹង​ត្រូវ​ធ្វើ​យ៉ាង​ណា​សម្រេច​ឲ្យ​បាន​នៅ​ក្នុង​រយៈ​ពេល ៤៨ ម៉ោង​ខាង​មុខ បើ​មិន​ដូច្នេះ​ទេ​ នឹង​គ្មាន​កិច្ច​ព្រមព្រៀង​នេះ​មុន​ការ​បោះឆ្នោត​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា​នោះ​ឡើយ។

អ្នកស្រី Pelosi បាន​ចូលរួម​នៅ​ក្នុង​ការ​ចរចា​អស់​ប៉ុន្មាន​សប្តាហ៍​កន្លង​មក​ជាមួយ​នឹង​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​លោក Steven Munchin ដែល​តំណាង​ឲ្យ​លោក​ប្រធានាធិបតី Donald Trump។ ប៉ុន្តែ អ្នក​ទាំង​ពីរ​មិន​អាច​សម្រេច​បាន​កិច្ច​ព្រមព្រៀង​ណា​មួយ​ទេ ថ្វីបើ​ចំនួន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ កំពុង​កើនឡើង​ម្តង​ទៀត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ហើយ​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​មាន​ភាព​យឺតយ៉ាវ​ក៏ដោយ។

អ្នកស្រី Pelosi និង​លោក Mnuchin កំពុង​ចរចា​លើ​កញ្ចប់​ជំនួយ​មួយ​ដែល​អាច​មាន​តម្លៃ​ចន្លោះ​ពី ១,៨ លាន​លាន​ដុល្លារ ទៅ ២,២ លាន​លាន​ដុល្លារ ក៏​ប៉ុន្តែ អ្នក​ទាំង​ពីរ​មិន​បាន​ឯកភាព​គ្នា​លើ​លក្ខខណ្ឌ​ជាក់លាក់​ទាក់ទិន​នឹង​ផែនការ​យុទ្ធសាស្ត្រ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ ថ្នាក់​ជាតិ ក្នុង​ចំណោម​បញ្ហា​ផ្សេងៗ​ទៀត​នោះ​ទេ។

អ្នកស្រី Pelosi បាន​បញ្ជាក់​ក្នុង​កម្មវិធី «This Week» របស់​ទូរទស្សន៍ ABC ថា អ្នកស្រី​អាច​សម្រេច​កិច្ច​ព្រមព្រៀង​ជាមួយ​លោក Mnuchin នៅ​ថ្ងៃ​អង្គារ​ស្អែក​បាន​ឬ​ក៏​មិន​បាន គឺ​អាស្រ័យ​លើ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Trump និង​ការ​តាំងចិត្ត​របស់​រដ្ឋបាល​នោះ​តែ​ប៉ុណ្ណោះ។

លោក Munichin បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា លោក​នឹង​សុខចិត្ត​ទទួល​យក​តាម​ការ​ទាមទារ​របស់​អ្នកស្រី Pelosi ទាក់ទិន​នឹង​ផែនការ​យុទ្ធសាស្ត្រ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ ថ្នាក់​ជាតិ ដោយ​អាច​មាន​ការ​ផ្លាស់ប្តូរ​តិចតួច​តែ​ប៉ុណ្ណោះ៕

XS
SM
MD
LG