រដ្ឋសភាពេញអង្គរបស់សហរដ្ឋអាមេរិកនឹងបោះឆ្នោតនៅក្នុងសប្ដាហ៍នេះលើការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់លោកប្រធានាធិបតី Donald Trump ពីតំណែង ដើម្បីឆ្លើយតបទៅនឹងការអះអាងរបស់សេតវិមានដែលថាការស៊ើបអង្កេតនេះមិនត្រឹមត្រូវតាមច្បាប់។
ស្របពេលនេះដែរ មន្ត្រីរដ្ឋបាលរបស់លោក Trump ម្នាក់ទៀតគ្រោងនឹងផ្ដល់សក្ខីកម្មនៅពីមុខគណៈកម្មាធិការមួយចំនួននៃរដ្ឋសភានៅថ្ងៃអង្គារនេះអំពីការសន្ទនាតាមទូរស័ព្ទរបស់លោក Trump ជាមួយនឹងប្រធានាធិបតីអ៊ុយក្រែនលោក Volodymir Zelenskiy កាលពីខែកក្កដា ដែលនេះគឺជាចំណុចស្នូលនៃការស៊ើបអង្កេតនេះ។
ប្រធានរដ្ឋសភាអ្នកស្រី Nancy Pelosi គ្រោងធ្វើការបោះឆ្នោតនេះនៅថ្ងៃព្រហស្បតិ៍ខាងមុខ ដោយបានបញ្ជាក់នៅក្នុងលិខិតមួយច្បាប់ទៅកាន់សមាជិករដ្ឋសភាដទៃទៀតថា អ្នកស្រីចង់ «បំបាត់ចម្ងល់ណាមួយ» អំពីដំណើរការស៊ើបអង្កេតនេះ។
អ្នកស្រី Pelosi បានលើកឡើងថា សេចក្ដីសម្រេចនៃការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់ប្រធានាធិបតីពីតំណែងនេះនឹង «បញ្ជាក់ឲ្យឃើញពិតប្រាកដអំពីការស៊ើបអង្កេតកំពុងបន្តនៅពេលបច្ចុប្បន្ននេះ បង្កើតនូវនីតិវិធីសវនាការដែលនឹងបើកចំហសម្រាប់ប្រជាពលរដ្ឋអាមេរិកាំង បង្ហាញនូវនីតិវិធីដើម្បីផ្ទេរភស្តុតាងទៅឲ្យគណៈកម្មាធិការតុលាការនៃរដ្ឋសភា និងបង្ហាញឲ្យបានច្បាស់នូវសិទ្ធិនៃនីតិវិធីត្រឹមត្រូវតាមច្បាប់សម្រាប់លោកប្រធានាធិបតី និងមេធាវីរបស់លោក»។
គ្មានច្បាប់ណាមួយដែលបញ្ជាក់ថា រដ្ឋសភាពេញអង្គត្រូវតែអនុម័តលើការស៊ើបអង្កេតនេះទេ ហើយគ្មានច្បាប់ណាមួយដែលអះអាងថា គណបក្សដែលមានសំឡេងភាគច្រើនដែលគ្រប់គ្រងរដ្ឋសភា ដែលនៅពេលបច្ចុប្បន្ននេះគឺគណបក្សប្រជាធិបតេយ្យនោះ អាចបង្កើតលក្ខខណ្ឌសម្រាប់ដំណើរការចោទប្រកាន់ទម្លាក់ប្រធានាធិបតីពីតំណែងនោះឡើយ។
នៅមុនការបោះឆ្នោតនេះចូលមកដល់ សវនាការស្ដាប់សក្ខីកម្មអំពីរឿងស៊ើបអង្កេតនេះនៅបន្តធ្វើ ដោយនៅថ្ងៃអង្គារនេះ គណៈកម្មាធិការស៊ើបការណ៍សម្ងាត់ គណៈកម្មាធិការកិច្ចការបរទេស និងគណៈកម្មាធិការត្រួតពិនិត្យកិច្ចការរដ្ឋាភិបាលគ្រោងនឹងស្ដាប់សក្ខីកម្មរបស់វរសេនីយ៍ទោយោធាលោក Alexander Vindman ដែលជាអ្នកស្ថិតនៅក្នុងក្រុមប្រឹក្សាសន្តិសុខជាតិ៕