ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័តសេចក្ដីព្រាងច្បាប់កញ្ចប់ថវិកាចំនួន ១,៩ លានលានដុល្លារសម្រាប់សង្គ្រោះវិបត្តិកូវីដ១៩ កាលពីថ្ងៃសៅរ៍។ ការអនុម័តនេះបានផ្ដល់នូវជ័យជម្នះធំធេងលើកទី មួយដល់ច្បាប់ដែលស្នើឡើងដោយលោកប្រធានាធិបតី Joe Biden ចាប់តាំងពីលោកបានចូលកាន់តំណែងកាលពីថ្ងៃទី ២០ ខែមករាមក។
លោក Biden បានថ្លែងពីសេតវិមានក្នុងពេលប៉ុន្មាននាទីក្រោយមក បន្ទាប់ពីច្បាប់នេះត្រូវបានអនុម័តដោយព្រឹទ្ធសភាថា៖ «ថ្ងៃនេះ ខ្ញុំអាចនិយាយបានថា យើងបានបោះជំហានដ៏ធំមួយទៀតស្របតាមការសន្យារបស់យើងដែលថា ជំនួយកំពុងត្រូវបានផ្ដល់ជូនទៅហើយ»។
លោកបានថ្លែងទៀតថា៖ «ជាការពិត វាមិនមែនជាការងាយស្រួលនោះទេ ប៉ុន្តែវាគឺជារឿងដែលចាំបាច់ត្រូវធ្វើជាបន្ទាន់»។
ការអនុម័តសេចក្ដីព្រាងច្បាប់នេះត្រូវបានធ្វើឡើង បន្ទាប់ពីមានកិច្ចប្រជុំរយៈពេលយូរមួយដើម្បីកែប្រែចំណុចមួយចំនួនឲ្យមានការគាំទ្រពីសមាជិកគណបក្សប្រជាធិបតេយ្យ។
សេចក្ដីព្រាងច្បាប់នេះត្រូវបានអនុម័តដោយសំឡេងគាំទ្រ ៥០ ទល់នឹង ៤៩ នៅក្នុងព្រឹទ្ធសភាដែលមានសមាជិកសរុបចំនួន ១០០ នាក់ ដោយពុំទទួលបានការគាំទ្រពីសមាជិកណាម្នាក់នៃគណបក្សសាធារណរដ្ឋនោះឡើយ។
ឥឡូវនេះច្បាប់កញ្ចប់ថវិកាជំនួយនេះត្រូវបានបញ្ជូនទៅរដ្ឋសភាវិញដើម្បីពិនិត្យពិច័យ មុននឹងបញ្ជូនទៅឲ្យលោកប្រធានាធិបតី Biden ចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ចុងក្រោយដើម្បីក្លាយទៅជាច្បាប់ពេញលេញ។
សមាជិកគណបក្សប្រជាធិបតេយ្យបានកាត់បន្ថយសំណើថវិកាជំនួយសម្រាប់អ្នកបាត់បង់ការងារពី ៤០០ ដុល្លារក្នុងមួយសប្ដាហ៍ មកនៅត្រឹម ៣០០ ដុល្លារក្នុងមួយសប្ដាហ៍វិញ និងផ្ដល់ការលើកលែងពន្ធលើប្រាក់ជំនួយពេលគ្មានការងារធ្វើនេះសម្រាប់មនុស្សភាគច្រើន ដើម្បីទទួលបានការគាំទ្រពីលោក Joe Manchin សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យតំណាងរដ្ឋ West Virginia ដែលប្រកាន់ទស្សនៈកណ្ដាលនិយម។
កាលពីដើមសប្ដាហ៍ សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យ និងលោក Biden បានព្រមព្រៀងគ្នាទៅលើការរឹតបន្ដឹងលក្ខខណ្ឌសម្រាប់ពលរដ្ឋអាមេរិកាំងដែលនឹងត្រូវទទួលបានថវិកាចំនួន ១.៤០០ ដុល្លារ។
នៅក្នុងសំណើច្បាប់ថ្មីនេះ អ្នកដែលមានប្រាក់បៀវត្សរ៍លើសពី ៨០.០០០ ដុល្លារក្នុងមួយឆ្នាំ ឬប្ដីប្រពន្ធដែលមានប្រាក់បៀវត្សរ៍រួមគ្នាលើសពី ១៦០.០០០ ដុល្លារក្នុងមួយឆ្នាំ នឹងមិនទទួលបានប្រាក់ជំនួយឧបត្ថម្ភ ១.៤០០ ដុល្លារនេះនោះទេ៕