ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានបញ្ជាឲ្យទីភ្នាក់ងារសហព័ន្ធនានាកាលពីថ្ងៃអាទិត្យ ចាត់វិធានការឲ្យបានសមរម្យដើម្បីធ្វើឲ្យប្រសើរឡើងនូវសិទ្ធិបោះឆ្នោតស្មើគ្នា ថ្វីបើនឹងមានការតទល់គ្នាដ៏ធំមួយនៅសភា អំពីសិទ្ធិបោះឆ្នោតនៅទូទាំងប្រទេស។
លោកប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាលើបទបញ្ជានេះ នៅខួបទី៥៦ នៃ«ថ្ងៃអាទិត្យដ៏បង្ហូរឈាម» ឬ Bloody Sunday ដែលជាឧបទ្ទវហេតុឆ្នាំ១៩៦៥ ដែលមានសកម្មជនសិទ្ធិពលរដ្ឋប្រហែល៦០០នាក់ បានត្រូវវាយតប់ដោយទាហានរដ្ឋ Alabama នៅពេលដែលពួកគេបានព្យាយាមដើរដង្ហែរក្បួនទាមទារសិទ្ធិបោះឆ្នោតនៅក្នុងទីក្រុង Selma។
ការវាយប្រហារនេះ ជាចំណុចរបត់មួយនៅក្នុងចលនាសិទ្ធិពលរដ្ឋនៅសហរដ្ឋអាមេរិក ហើយបាននាំឲ្យមានការអនុម័តច្បាប់សិទ្ធិបោះឆ្នោតក្រោយមកនៅក្នុងឆ្នាំ១៩៦៥។
ដោយសារមានការរាតត្បាតជំងឺកូវីដ១៩ទូទាំងប្រទេសកាលពីឆ្នាំទៅ រដ្ឋមួយចំនួនបានបន្ធូរបន្ថយច្បាប់បោះឆ្នោត ដោយអនុញ្ញាតឱ្យអាចបោះឆ្នោតមុនថ្ងៃបោះឆ្នោតផ្លូវការ ថ្ងៃទី៣ ខែវិច្ឆិកា ឬបោះឆ្នោតផ្ញើតាមប្រៃសណីយ៍ដោយមិនប្រាប់ពីហេតុផល។
ក៏ប៉ុន្តែក្រោយលោក Biden ជាប់ឆ្នោត សមាជិកសភាខាងគណបក្សសាធារណរដ្ឋនៅបណ្តារដ្ឋដែលលោក Biden បានឈ្នះ ឥឡូវនេះកំពុងព្យាយាមអនុម័តច្បាប់ដែលនឹងទប់ស្កាត់សិទ្ធិបោះឆ្នោតសម្រាប់ការបោះឆ្នោតនៅថ្ងៃអនាគត ដូចជាហាមឃាត់ការបោះឆ្នោតនៅថ្ងៃអាទិត្យមុនថ្ងៃបោះឆ្នោតផ្លូវការ។
ក្រុមគណបក្សប្រជាធិបតេយ្យថា សេចក្តីព្រាងច្បាប់នេះ នឹងជួយទប់ស្កាត់ការប៉ុនប៉ងរឹតត្បិតការបោះឆ្នោតនៅសហរដ្ឋអាមេរិក ខណៈក្រុមសាធារណរដ្ឋថា សេចក្តីព្រាងច្បាប់នេះ ជាការជ្រៀតជ្រែករបស់រដ្ឋាភិបាលសហព័ន្ធដែលគេមិនចង់បាន ទៅក្នុងការគ្រប់គ្រងការបោះឆ្នោត ដែលកន្លងមកជាសមត្ថកិច្ចរបស់រដ្ឋនិមួយៗ៕