សហរដ្ឋអាមេរិករៀបចំកិច្ចប្រជុំជាមួយនឹងបណ្ដាប្រទេសសមាជិកអាស៊ាន នៅថ្ងៃព្រហស្បតិ៍នេះ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីដោះស្រាយបញ្ហាការរីកសាយភាយអាវុធនុយក្លេអ៊ែរ និងការគំរាមកំហែងមីស៊ីលរបស់កូរ៉េខាងជើង ដែលបញ្ហានេះត្រូវបានមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់សហរដ្ឋអាមេរិកបញ្ជាក់ថា ជាបញ្ហាអាទិភាពទីមួយសម្រាប់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។
មន្ត្រីការបរទេសជាន់ខ្ពស់មួយរូបរបស់សហរដ្ឋអាមេរិក បានប្រាប់ VOA ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កំពុងជំរុញបណ្ដាប្រទេសអាស៊ានទាំងអស់ ឲ្យផ្ដាច់ទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលក្រុងព្យុងយ៉ាង។
មន្ត្រីមួយរូបទៀតបានប្រាប់ VOA ថា ទោះបីជាមានជោគជ័យខ្លះទាក់ទិននឹងបង្កើនការត្រួតពិនិត្យ ដើម្បីរារាំងសកម្មភាពខុសច្បាប់របស់កូរ៉េខាងជើងក៏ដោយ ក៏យើងត្រូវចាត់វិធានការផ្សេងៗបន្តទៀតផងដែរ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Rex Tillerson បានបញ្ជាក់នៅក្នុងសន្ទរកថារបស់លោកទៅកាន់បុគ្គលិកក្រសួងការបរទេសកាលពីថ្ងៃពុធម្សិលមិញថា៖ «នៅទូទាំងទ្វីបអាស៊ី យើងមានកិច្ចការជាច្រើនដែលត្រូវធ្វើជាមួយនឹងបណ្ដាប្រទេសនៅក្នុងសមាគមអាស៊ាន»។ លោកបានបន្ថែមថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនកំពុងពង្រឹងការដឹកនាំរបស់ខ្លួនឲ្យបានរឹងមាំឡើងវិញ ជាមួយនឹងបណ្ដាប្រទេសនៅក្នុងសមាគមអាស៊ាន ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខផ្សេងៗជាច្រើន។
លោក Tillerson នឹងរៀបចំកិច្ចប្រជុំជាមួយនឹងរដ្ឋមន្ត្រីការបរទេសមកពីបណ្ដាប្រទេសនានានៅក្នុងសមាគមអាស៊ាន នៅថ្ងៃព្រហស្បតិ៍នេះ នៅឯក្រសួងការបរទេសសហរដ្ឋអាមេរិកក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ កិច្ចប្រជុំនេះធ្វើឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយមក បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាស៊ានទាំងនោះ បានជួបប្រជុំគ្នានៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន និងបានចេញសេចក្ដីថ្លែងការណ៍មួយរិះគន់លើភាពគឃ្លើនរបស់កូរ៉េខាងជើង៕