ចំនួនមនុស្សស្លាប់បានកើនឡើងដល់១.២៩៧នាក់កាលពីថ្ងៃអាទិត្យបន្ទាប់ពីការរញ្ជួយដីដ៏ប្រល័យនៅក្នុងប្រទេសហៃទីកាលពីមួយថ្ងៃមុន។ នេះបើតាមអាជ្ញាធរ។
សេវាកម្មការពារជនស៊ីវិលនៃប្រទេសហៃទីបានបញ្ជាក់ថាចំនួនមនុស្សរងរបួសក៏បានកើនឡើងដែរដល់ជាង៥.៧០០នាក់។មន្ទីរពេទ្យនានាព្យាយាមជួយអ្នករបួសដែលមកដល់មន្ទីរពេទ្យ។
ពួកមន្ត្រីបន្តស្វែងរកអ្នកនៅមានជីវិតបន្ទាប់ពីការរញ្ជួយដីដែលមានកម្លាំងរំញ័រ៧,២កាលពីព្រឹកថ្ងៃសៅរ៍។ការរញ្ជួយដីនេះមានចំណុចកណ្តាលជិតនៅទីក្រុង Petit-Trou-de-Nippes នៅចម្ងាយប្រហែល១២៥គីឡូម៉ែត្រភាគខាងលិចរដ្ឋធានីព័រអូប្រាំងក្នុងជម្រៅដី១០គីឡូម៉ែត្រ។នេះបើតាមការទីភ្នាក់ងារសហរដ្ឋអាមេរិកសិក្សាភូគព្ភសាស្ត្រ។
ការរញ្ជួយដីដែលបានធ្វើឲ្យខូចខាតផ្ទះសម្បែងផ្លូវថ្នល់និងស្ពាននេះបានធ្វើឲ្យមនុស្សរាប់ម៉ឺននាក់រត់ចោលទីលំនៅ។
នាយករដ្ឋមន្ត្រីហៃទីលោក Ariel Henry បាននិយាយកាលពីថ្ងៃអាទិត្យថា៖ «យើងត្រូវតែធ្វើការរួមគ្នាដើម្បីឆ្លើយតបដ៏ឆាប់រហ័សនិងប្រកបដោយប្រសិទ្ធភាពចំពោះស្ថានភាពដ៏ធ្ងន់ធ្ងរនេះ»។
លោកបានជិះយន្តហោះទៅទីក្រុង Les Cayes កាលពីថ្ងៃសៅរ៍ដើម្បីមើលការខូចខាតនោះ។
ពលរដ្ឋជាច្រើននៅក្រុង Les Cayes ដែលជាទីក្រុងធំទី៣នៅប្រទេសហៃទីដែលមានប្រជាពលរដ្ឋ៩ម៉ឺននាក់បានស្ថិតនៅខាងក្រៅផ្ទះអស់រយៈពេលមួយយប់នៅពេលរលករំញ័របានបន្តធ្វើឲ្យរង្គើតំបន់នោះពេញមួយថ្ងៃអាទិត្យ៕
(ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មានAP, Reuters និង Agence France-Presse.)