ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្យុះ​ត្រូពិក​ធ្វើ​ឲ្យ​មាន​ភ្លៀង​យ៉ាង​ខ្លាំង​នៅ​ហៃទី ​​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ការ​រញ្ជួយ​ដី​ដ៏​ខ្លាំង


បុរស​ម្នាក់​ឈរ​នៅ​ខាង​ក្រៅ​ហាង​មួយ​ដែល​រងការ​បំផ្លិចបំផ្លាញដោយសារ​ការ​រញ្ជួយដី​កម្រិត ៧,២ ​នៅ​ក្នុងក្រុង Saint-Louis-du-Sud ប្រទេស​ហៃទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។
បុរស​ម្នាក់​ឈរ​នៅ​ខាង​ក្រៅ​ហាង​មួយ​ដែល​រងការ​បំផ្លិចបំផ្លាញដោយសារ​ការ​រញ្ជួយដី​កម្រិត ៧,២ ​នៅ​ក្នុងក្រុង Saint-Louis-du-Sud ប្រទេស​ហៃទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។

ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ការ​រញ្ជួយ​ដី​ដ៏​ប្រល័យ​ក្នុង​ប្រទេស​ហៃទី ព្យុះ​ត្រូពិក Depression Grace បាន​ធ្វើ​ឲ្យ​មានភ្លៀង និង​ខ្យល់​យ៉ាង​ខ្លាំង​នៅ​ប្រទេស​នោះ។

ពួក​អ្នក​ព្យាករណ៍​អាកាសធាតុ​និយាយ​ថា​ ព្យុះ​នោះ​អាច​ធ្វើ​ឱ្យ​មាន​កម្ពស់​ទឹក​ភ្លៀង​ពី​១២​ទៅ​២៥​សង្ទីម៉ែត្រ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ហៃទី រហូត​ដល់​ថ្ងៃ​អង្គារ​ ដែល​អាច​នាំ​ឲ្យ​មាន​ទឹក​ជំនន់​ និង​បាក់​ដី។

ព្យុះ​នេះ​ក៏​អាច​ប៉ះពាល់​ដល់​ការស្វែងរក​អ្នក​នៅ​មាន​ជីវិត​ពី​ការ​រញ្ជួយដី​ និង​ការខំ​ប្រឹងប្រែង​ផ្តល់​ជំនួយ​សម្រាប់​មនុស្ស​ដែល​គ្មាន​ទីលំនៅ នៅ​ផ្នែក​ខាង​ត្បូង​ ដែលរង​ការ​រញ្ជួយ​ដី​ដ៏​ខ្លាំង​ ដែល​មាន​កម្លាំង​រំញ័រ​៧,២ កាលពី​ថ្ងៃ​សៅរ៍។

អាជ្ញាធរ​ហៃទី​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា ​ចំនួន​មនុស្ស​ស្លាប់​ពី​ការ​រញ្ជួយ​ដី​បាន​ឡើង​ទៅ​ដល់​១.៤១៩​នាក់ ​គឺ​ជិត​២​រយ​នាក់​ច្រើន​ជាង​តួលេខ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ។

មនុស្ស​យ៉ាង​តិចណាស់​៦​ពាន់​នាក់​បាន​រង​របួស​ ហើយ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដែល​ពោរ​ពេញ​ដោយ​អ្នក​ជំងឺ។

មនុស្ស​រាប់រយ​នាក់​បាន​រង់ចាំ​នៅ​កាំជណ្តើរ​មន្ទីរ​ពេទ្យ ​Les Cayes ​ ហើយ​អ្នក​ជំងឺ​ជាច្រើន​ទៀត​បាន​ត្រូវ​គេ​ព្យាបាល​នៅ​លើ​កន្ទេល​ លើ​ដី​នៅ​ក្រៅ​មន្ទីរពេទ្យ​ ដែល​មាន​ថ្នាំ​តិចតួច។

ការ​រញ្ជួយ​ដី​នេះ​មាន​ចំណុច​កណ្តាល​ជិត​នៅ​ទីក្រុង​ Petit-Trou-de-Nippes ចម្ងាយ​ប្រហែល​១២៥​គីឡូម៉ែត្រ​ភាគ​ខាង​លិច​រដ្ឋធានី ព័រអូប្រ៉ាំង​ ក្នុង​ជម្រៅ​ដី​១០​គីឡូម៉ែត្រ។ នេះ​បើតាម​ការ​ទីភ្នាក់ងារ​សហ​រដ្ឋ​អាមេរិក​សិក្សា​ភូគព្ភសាស្ត្រ។

នាយក​រដ្ឋមន្ត្រី​ហៃទី​លោក ​Ariel Henry ​បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា​ «យើង​ត្រូវតែ​ធ្វើ​ការរួម​គ្នា​ដើម្បីឆ្លើយតប​ដ៏​ឆាប់​រហ័ស​និង​ប្រកប​ដោយ​ប្រសិទ្ធភាព​ចំពោះ​ស្ថានភាព​ដ៏​ធ្ងន់ធ្ងរ​នេះ»។ លោក​បាន​ជិះ​យន្តហោះ​ទៅទីក្រុង Les Cayes កាល​ពី​ថ្ងៃ​សៅរ៍​ដើម្បី​មើល​ការ​ខូច​ខាត​នោះ។

អ្នកស្រុក​ជាច្រើន​នៅ Les Cayes ដែល​ជា​ទីក្រុង​ធំ​ទី​៣​របស់​ប្រទេស​នេះ​ ហើយ​ដែល​មាន​ប្រជាជន​ចំនួន​៩០.០០០​នាក់​នោះបាន​ស្នាក់នៅ​ក្រៅ​ផ្ទះ​មួយ​យប់​ដោយ​សារ​តែ​រំញ័រ​ការ​រញ្ជួយ​ដី​បាន​បន្តធ្វើ​ឲ្យ​ញ័រ​តំបន់​នេះ​រហូត​ដល់​ថ្ងៃ​អាទិត្យ។​ ទីភ្នាក់ងារ​សហ​រដ្ឋ​អាមេរិក​សិក្សា​ភូគព្ភសាស្ត្រ​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ ការ​រញ្ជួយ​ដី​នេះ​បាន​បង្កើន​ហានិភ័យ​នៃ​ការ​បាក់​ដី​នៅ​ក្នុង​តំបន់​នេះ។

សាធារណរដ្ឋ​ដូមីនីក និង​ប្រទេសម៉ិកស៊ិក​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​បាន​បញ្ជូន​អាហារ​និង​ថ្នាំ​ពេទ្យ​ទៅ​ប្រទេស​ហៃទី។ ប្រទេស​គុយបា​បាន​បញ្ជូន​ក្រុម​ថែទាំ​សុខភាព២៣៥នាក់។

កាលពី​ជាង​មួយ​ខែមុន​ ប្រទេស​ហៃទី​មាន​ភាព​រំជើប​រំជួល​ បន្ទាប់ពី​លោក​ប្រធានាធិបតី Jovenel Moise ត្រូវ​បាន​គេ​ធ្វើឃាត​នៅ​ក្នុង​ផ្ទះ​របស់​គាត់​កាល​ពី​ថ្ងៃ​ទី​៧ ​ខែ​កក្កដា។ ភរិយា​របស់​គាត់​ឈ្មោះ Martine Moise បាន​រង​របួស​នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ៕


(ព័ត៌មានខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន ​The Associated Press, Reuters និង Agence France-Presse)

XS
SM
MD
LG