សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើសហគ្រាសពីរបន្ថែមទៀត ដែលគ្រប់គ្រងដោយរដ្ឋនៃប្រទេសមីយ៉ាន់ម៉ា។ សហគ្រាសទាំងពីរនោះគឺសហគ្រាស Myanma Timber Enterprise និងសហគ្រាស Myanmar Pearl Enteprise។ ការដាក់ទណ្ឌកម្មនេះ គឺដើម្បីដាក់សម្ពាធបន្ថែមទៀតលើរបបយោធាមីយ៉ាន់ម៉ា ដែលបានធ្វើរដ្ឋប្រហារដណ្ដើមអំណាច កាលពីថ្ងៃទី ១ ខែកុម្ភៈកន្លងមក។
អ្នកស្រី Andrea Gacki ប្រធានការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសនៃក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានបញ្ជាក់ថា៖
«យោធាមីយ៉ាន់ម៉ាបានទទួលប្រាក់កម្រៃដ៏សំខាន់ពីសហគ្រាសរដ្ឋនានានៅក្នុងទីផ្សារធនធានធម្មជាតិ។ ការដាក់ទណ្ឌកម្មនៅថ្ងៃនេះបង្ហាញឲ្យឃើញពីការតាំងចិត្តរបស់សហរដ្ឋអាមេរិក នៅក្នុងការដៅលើបណ្ដាញផ្តល់ថវិកាដ៏សំខាន់នេះ និងនៅក្នុងការជំរុញឲ្យមានការទទួលខុសត្រូវសម្រាប់អ្នកធ្វើរដ្ឋប្រហារ និងអ្នកធ្វើឲ្យមានអំពើហិង្សាកើតឡើងជាបន្ត [នៅក្នុងប្រទេសមីយ៉ាន់ម៉ា]»។
គេនៅពុំទាន់ឃើញមានការឆ្លើយតបណាមួយភ្លាមៗពីរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានៅឡើយទេ។
សហគ្រាស Myanma Timber Enterprise «ទទួលខុសត្រូវលើការផលិតនិងនាំចេញក្ដារបន្ទះក្នុងនាមរបបយោធាមីយ៉ាន់ម៉ា» និងជា «ប្រភពបង្កើតចំណូលដ៏សំខាន់មួយសម្រាប់រដ្ឋាភិបាល»។ នេះបើតាមការបញ្ជាក់របស់របស់ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក។
រីឯសហគ្រាស Myanmar Pearl Enterprise វិញ គឺជាអ្នក «ទទួលខុសត្រូវលើការនេសាទ ការប្រមូលផល និងការបង្កាត់ពូជ oyster ក៏ដូចជាការចិញ្ចឹម ការប្រមូលផល និងការលក់គុជខ្យង» និងក៏ជា «ប្រភពបង្កើតចំណូលដ៏សំខាន់មួយសម្រាប់រដ្ឋាភិបាល» យោធាមីយ៉ាន់ម៉ាផងដែរ។ នេះបើយោងតាមការបញ្ជាក់បន្តរបស់ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក។
កន្លងមក សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មរួចហើយលើមេដឹកនាំយោធា ក្រុមគ្រួសាររបស់ពួកគេ និងក្រុមហ៊ុនមួយចំនួននៅក្នុងប្រទេសមីយ៉ាន់ម៉ា។
កាលពីដើមខែនេះ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើសហគ្រាស Myanma Gems Enterprises (MGE) របស់រដ្ឋាភិបាលមីយ៉ាន់ម៉ា ដោយចាត់ទុកសហគ្រាសនេះថា ជាអ្នក «ទទួលខុសត្រូវលើសកម្មភាពជំនួញត្បូងថ្មទាំងអស់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា»៕