ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ជួយ​បោស​សម្អាត​មីន​បន្សល់​ទុក​ពី​សង្គ្រាម​នៅ​អាស៊ីអាគ្នេយ៍


រូបឯកសារ៖ ក្រុមអ្នកដោះមីនកំពុងប្រតិបត្តិការនោះមីននៅស្រុក Trieu Phong នៃខេត្ត Quang Tri ប្រទេសវៀតណាម កាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២០។
រូបឯកសារ៖ ក្រុមអ្នកដោះមីនកំពុងប្រតិបត្តិការនោះមីននៅស្រុក Trieu Phong នៃខេត្ត Quang Tri ប្រទេសវៀតណាម កាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២០។

សហរដ្ឋ​អាមេរិក​បេ្តជ្ញា​បោស​សម្អាត​គ្រាប់មីន​ និង​គ្រឿង​ផ្ទុះ​សេសសល់​ពី​សង្រ្គាម​នៅ​វៀតណាម​ទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍។ នេះ​បើ​យោង​ទៅ​តាម​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​ចេញ​ដោយ​ក្រសួង​ការ​បរទេស​អាមេរិក។

យោង​តាម​របាយការណ៍ «ដើរ​លើ​ផែនដី​ដោយ​សុវត្ថិភាព» ឬTo Walk the Earth in Safety វៀតណាម​ ឡាវ និង​កម្ពុជា កំពុង​ប្រឈម​នឹង​បញ្ហា​ក្នុង​ការ​បោសសម្អាត​គ្រឿង​ផ្ទុះ​សេសសល់​ពី​សង្គ្រាម​ចេញ​ដោយ​សុវត្ថិភាព។

អ៊ីរ៉ាក់​គឺ​ជាប្រទេស​ទទួល​បាន​ថវិកា​ជំនួយ​ធំ​ជាង​គេ​បង្អស់​ពី​គម្រោង​បោស​សម្អាត​គ្រឿង​យុទ្ធភណ្ឌ​ទូទៅ​របស់​រដ្ឋាភិបាល​អាមេរិក​ ដោយ​ទទួល​បាន​ទឹក​ប្រាក់​ជាង​ ៦៧៥ ​លាន​ដុល្លារ​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៩៣។ ប្រទេស​ទទួល​បាន​ជំនួយ​ច្រើន​ជាង​គេ​ថ្នាក់​កំពូល​ទាំង​ប្រាំ​បន្ទាប់​ពី​អ៊ីរ៉ាក់នោះ​គឺមានអាហ្វហ្គានីស្ថាន​ជិត​ ៥៧៤​ លាន​ដុល្លារ​ ឡាវ​ជាង ៣៥៥​ លាន​ដុល្លារ ​វៀតណាម​ជាង​ ២០៦​ លាន​ដុល្លារ ​និង​កម្ពុជា​ជិត​ ១៩២​ លាន​ដុល្លារ។

បញ្ហា​ប្រឈម​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​គម្រោង​បោស​សម្អាត​គ្រឿង​យុទ្ធភណ្ឌ​ទូទៅ​របស់​រដ្ឋា​ភិបាល​អាមេរិកនៅ​វៀតណាម​ ឡាវ និង​កម្ពុជា​ គឺ​រង​ផល​ប៉ះពាល់​ពីការ​ប្រែប្រួល​អាកាស​ធាតុ​ ដែល​បង្ក​ឲ្យ​មាន​អាកាស​ធាតុ​ក្តៅ​ជាង​មុន ​គ្រោះ​ទឹកជំនន់ ​គ្រោះ​បាក់ដី​ និង​គ្រោះ​រាំងស្ងួត។ នេះ​បើ​យោង​ទៅតាម​របាយ​ការណ៍។

អ្នកស្រី​ Karen Chandler ​ឧបការី​រង​រដ្ឋមន្ត្រី​ការ​បរទេស​ទទួល​បន្ទុក​ការិយាល័យ​យោធា​និង​នយោបាយ​នៃ​ក្រសួង​ការ​បរទេស​អាមេរិក​ បាន​ប្រាប់​វីអូអេ​ភាសា​វៀតណាម​កាល​ពី​ថ្ងៃ​អង្គារ ទី ៤ ខែ​មេសា​ថា៖

«មាន​ផលវិបាក​ពីរ៖ ទី​ ១ ​គឺ​ថា គ្រឿងយុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ដែល​ពី​មុន​មក​ត្រូវ​កប់ក្នុង ដីបាត់​ បាន​លេច​ចេញ​មក … ហើយ​ភ្លាមៗ​អ្នក​អាច​ឃើញ​នូវ​គ្រឿងយុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះបង្ហាញ​ខ្លួន ពាស​ពេញ​ទីនោះ ​ដោយសារ​ការ​បាក់ដី​... មួយ​ទៀត​គឺ​ វា​ធ្វើឲ្យ​ការងារ​យឺតយ៉ាវ និង​លំបាក​ជាង​មុន»។ ​

អ្នកស្រី Chandler បាន​ពណ៌នា​ការងារ​បោស​សម្អាត​គ្រឿង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ថា​ជា​ «ការ​លំបាក​ប៉ុន្តែជីវិត​និង​សុខមាលភាព​របស់​មនុស្ស​ លែង​មាន​គ្រោះ​ថ្នាក់​ទៀត»។ ការ​ទុក​ឲ្យ​គ្រឿង​យុទ្ធភណ្ឌ​ទាំង​នេះ​បន្ត​មាន ​គឺ​បាន «ផ្តល់​ផលវិបាក​ជាមហន្តរាយ​ដល់​ជនស៊ីវិល​ ដែល​រស់នៅ​ជិត​កន្លែង​គ្រោះ​ថ្នាក់​ទាំង​នោះ»។ ការ​បោសសម្អាត​គ្រឿង​យុទ្ធភណ្ឌមិន​ទាន់​ផ្ទុះ​ដែល​នៅ​សេសសល់​ ក៏​បង្កើនសន្តិសុខ​ស្បៀង​អាហារ​ តាមរយៈ​ការ​ធ្វើ​ឲ្យ​ដី​មាន​សុវត្ថិភាព​សម្រាប់​កសិកម្ម​ផង​ដែរ។

សហរដ្ឋ​អាមេរិក​គឺ​ជា​ប្រទេស​ផ្តល់​ហិរញ្ញប្បទាន​ធំជាង​គេ​តែ​មួយ​គត់​ ចំពោះ​ការ​កម្ទេច​ចោល​នូវ​គ្រឿង​យុទ្ធភណ្ឌ​ទូទៅ។ ចាប់​តាំង​ពី​ឆ្នាំ​ ១៩៩៣​ សហរដ្ឋ​អាមេរិក​បាន​ចំណាយ​លុយ​ជាង​ ៤ ពាន់ ៦ រយ​លាន​ដុល្លារ​ សម្រាប់​ប្រតិបត្តិការ​បោស​សម្អាត​គ្រាប់មីន​ និង​គ្រឿង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ ក៏​ដូចជា​ ការ​រាវ​រក​និង​កម្ទេច​ចោល​ដោយ​សុវត្ថិភាព​នៃ​អាវុធ​ និង​គ្រឿង​យុទ្ធភណ្ឌ​ធុន​តូច​និង​ស្រាល​នៅ​ក្នុង​ប្រទេស​និង​តំបន់​ជាង ​១២០។ នេះ​បើ​យោង​ទៅ​តាម​របាយការណ៍។

នៅ​ឆ្នាំ​សារពើ​ពន្ធ ២០២២ ​អាមេរិក​បាន​គាំទ្រ​ការ​កម្ទេច​ចោល​គ្រឿង​យុទ្ធភណ្ឌ​ទូទៅ​នៅ​ក្នុង​ប្រទេស​និង​តំបន់​ជាង ​៦៥ ​ជាមួយ​នឹង​ទឹក​ប្រាក់​ជាង​ ៣៧៦​ លាន​ដុល្លារ។

សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ប្រាក់​ជាង ៧៥៣​ លាន​ដុល្លារ​នៅ​ក្នុង​រយៈពេល​បី​ទសវត្សរ៍​មក​នេះ​សម្រាប់​គម្រោង​បោស​សម្អាត​គ្រឿង​យុទ្ធភណ្ឌ​ទូទៅ​នៅ​វៀតណាម ​ឡាវ ​និង​កម្ពុជា។ ប្រទេស​ទាំង​នេះ​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​គម្រោង​នេះ​ក្នុង​ទំហំ​ច្រើន​ជាង​គេ​បង្អស់​នៅ​តំបន់​អាស៊ី​បូព៌ា​ និង​តំបន់​ប៉ាស៊ីហ្វិក។ ប្រទេស​ទាំង​បី​នេះ​ទទួល​បាន​ទឹក​ប្រាក់​ជិត​ ៧៥​ លាន​ដុល្លារ​សម្រាប់​ឆ្នាំ​មុន។ ឡាវ​ទទួល​បាន​ជាង​ ៤៥​ លាន​ដុល្លារ​ ស្រប​ពេល​វៀតណាម​ទទួល​បាន​ជាង​ ២០.២ ​លាន​ដុល្លារ ​ហើយ​កម្ពុជា​ទទួល​បាន​ជាង​ ៩.៥​ លាន​ដុល្លារ។ នេះ​បើ​យោង​ទៅ​តាម​របាយការណ៍។ ​

នៅពេល​សំដៅ​ទៅ​គម្រោង​បោស​សម្អាត​គ្រឿង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ ដែល​អាមេរិក​កំពុង​អនុវត្ត​នៅ​ប្រទេស​ជាង​ ១២០ នៅ​លើ​ពិភពលោក​ អ្នកស្រី Chandler បាន​ថ្លែង​ប្រាប់​វីអូអេ​ថា៖

«វៀតណាម​គឺ​ជា​ គម្រោង​ដ៏​យូរ​អង្វែង​និង​ខ្លាំង​បំផុត​របស់​យើង។ ជំនួយ​របស់​យើង​នៅ​តំបន់​អាស៊ី​បូព៌ា​ប៉ាស៊ីហ្វិក​សរុប​មាន​ប្រមាណ ៨២២​ លាន​ដុល្លារ​ ចាប់​តាំង​ពី​ឆ្នាំ​ ១៩៩៣​ និង​ប្រមាណ ១៦៨​លាន​ដុល្លារ​នៅ​ក្នុង​នោះ​ជា​ជំនួយ​រវាង​សហរដ្ឋ​អាមេរិក​និង​រដ្ឋាភិបាល​វៀតណាម»។

ហិរញ្ញប្បទាន​សរុប​ដែល​សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ឲ្យ​វៀតណាម​មក​ទល់​ពេល​នេះ​គឺ​មាន​ជាង ១៦៨​ លាន​ដុល្លារ។ នេះ​បើ​យោង​ទៅ​តាម​របាយការណ៍។

រូបឯកសារ៖ បំរាមអំពីគ្រាប់មីនត្រូវបានដាក់សម្គាល់នៅក្នុងស្រុក Trieu Phong នៃខេត្ត Quang Tri ក្នុងប្រទេសវៀតណាម។
រូបឯកសារ៖ បំរាមអំពីគ្រាប់មីនត្រូវបានដាក់សម្គាល់នៅក្នុងស្រុក Trieu Phong នៃខេត្ត Quang Tri ក្នុងប្រទេសវៀតណាម។

លោក Nguyen Hanh Phuc នាយក​រង​មជ្ឈមណ្ឌល​កំចាត់មីនវៀតណាម​ (VNMAC) ដែល​សហការ​ជាមួយ​ក្រសួង​ការបរទេស​អាមេរិក​សម្រាប់​គម្រោង​បោស​សម្អាត​គ្រឿង​យុទ្ធភណ្ឌ​ទូទៅ​នៅ​វៀតណាម​ បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​ក្រុង​ហាណូយ​ អំឡុងពេល​ទិវាអន្តរជាតិ​ស្តី​ពី​ការ​យល់​ដឹង​ពី​គ្រាប់​មីន​ កាល​ពី​ថ្ងៃ​ទី ៤ ខែ​មេសា​ថា ​គ្រឿង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​គឺ​ មាន​នៅ​លើ​ដី​ទំហំ​ប្រមាណ ៦.១​ លាន​ហិកតា។ ភាគ​ច្រើន​នៃ​គ្រឿង​យុទ្ធភណ្ឌ​គឺ​ជា​គ្រាប់​បែក​ចង្កោម​អាច​សម្លាប់​មនុស្ស​ដែល​នៅ​មាន​ផ្តុំគ្នា​ក្នុង​បណ្តា​ខេត្ត​ភាគ​កណ្តាល​ជិត​តំបន់​ស​ឬអតីត​តំបន់​គ្មាន​យោធា។ នេះ​បើ​យោង​តាម​របាយការណ៍។

អ្នកស្រី​ Chandler បាន​និយាយ​ថា ​កិច្ច​ប្រឹង​ប្រែង​នៃ​ការ​បោសសម្អាត​គឺ​ផ្តោត​លើ​ «ការ​បោស​សម្អាត​នៅ​ខេត្ត Quang Binh និង​ Quang Tri …. ទាំង​នេះ​ជា​បណ្តា​ខេត្ត​ភាគ​កណ្តាល​ប្រទេស​ ដែល​យើង​ឃើញ​មាន​សំណល់គ្រឿង​យុទ្ធភណ្ឌ​មិនទាន់ផ្ទុះ​ច្រើន​បំផុត​ជា​កេរដំណែល​ពី​សង្គ្រាម​វៀតណាម»។

របាយ​ការណ៍​បាន​និយាយ​ថា​ បណ្តុំ​គ្រឿង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ក៏​មាន​នៅ​ផ្នែក​នានា​ភាគ​ខាង​ត្បូង​វៀតណាម ​ដូចជា ​សំណល់​មីន​តាម​បណ្តោយ​ព្រំដែន​ភាគ​ខាងជើង​រវាង​វៀតណាម​និង​ចិន ជា​ទីដែល​ប្រទេស​ពីរ​នេះ​បាន​ប្រយុទ្ធ​គ្នា​កាល​ពី​ឆ្នាំ ១៩៧៩។

នាយក​រដ្ឋមន្រ្តី​វៀតណាម​លោក Pham Minh Chinh បាន​និយាយ​កាល​ពី​ខែ​មេសា​ឆ្នាំ​មុន​ថា​ គ្រាប់​បែក​និង​គ្រាប់​មីន​បន្សល់​ទុក​ដោយ​សហរដ្ឋ​អាមេរិក​ និង​សម្ព័ន្ធមិត្ត​ ក្រោយ​សង្រ្គាម​វៀតណាម​ បាន​សម្លាប់​មនុស្ស​ជាង​ ៤០.០០០​នាក់​ និង​ធ្វើ​ឲ្យ​របួស​ ៦០.០០០​នាក់​ ចាប់​តាំង​ពី​ឆ្នាំ ១៩៧៥។

នៅ​ឡាវ ​ភាគច្រើន​នៃ​គ្រឿង​យុទ្ធភណ្ឌ​សេស​សល់​ពី​សង្រ្គាម​គឺ​មក​ពី​យុទ្ធនាការ​ទម្លាក់​គ្រាប់បែក​ពី​លើ​អាកាស​របស់​អាមេរិក ​ប្រឆាំង​នឹង​ក្រុម​កុំម្មុយនិស្ត Pathet Lao ធ្វើ​ឡើង​អំឡុងពេល​សង្រ្គាម​វៀតណាម។ នេះ​បើ​យោង​ទៅ​តាម​របាយការណ៍​កាល​ពី​ឆ្នាំ ២០១៩ ដោយ​ទីភ្នាក់ងារ​ស្រាវជ្រាវ​ស​ភា ហៅ​ថា «បញ្ហា​កេរដំណែល​សង្រ្គាម​នៅ​តំបន់​អាស៊ីអាគ្នេយ៍៖ គ្រឿង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ»។ គ្រាប់​បែក​ចង្កោម​មិន​ទាន់​ផ្ទុះ​បាន​ស្ថិត​នៅ​តាម​បណ្តាខេត្តភាគច្រើន​នៅ​ក្នុង​ប្រទេស​ឡាវ។ ​

ឡាវ​បាន​ទទួល​ប្រាក់​ជំនួយ​ជាង​ ៣៥៥ ​លាន​ដុល្លារ​នៅឆ្នាំ ១៩៥៥ ពី​សហរដ្ឋ​អាមេរិក​សម្រាប់​គម្រោង​បោស​សម្អាត​អាវុធ​យុទ្ធភណ្ឌ​ទូទៅ។ អំឡុងពេល «សង្រ្គាម​ស្រមោល» រវាង​ឆ្នាំ ​១៩៦៤ ​និង​ ១៩៧៣ ​សហ​រដ្ឋអាមេរិក​បាន​ទម្លាក់​គ្រាប់​បែក​ជាង​ពីរ​លាន​តោន​មក​លើ​ប្រទេស​ឡាវ ដោយ​ធ្វើ​ឲ្យ​ប្រទេស​នេះ​ក្លាយ​ជា​ប្រទេស​រង​ការ​ទម្លាក់​គ្រាប់បែក​ខ្លាំង​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត បើ​ប្រៀប​ធៀប​ចំនួន​គ្រាប់បែក​ជាមួយ​នឹង​ចំនួន​ប្រជាជន។

យោង​តាម​របាយ​ការណ៍​ នៅ​កម្ពុជា​ បន្ថែម​ពី​គ្រឿង​ផ្ទុះ​សេស​សល់​ពី​សង្គ្រាម​វៀតណាម​ ជម្លោះ​ផ្ទៃ ក្នុង​ដែល​បាន​បញ្ចប់​នៅ​ឆ្នាំ​ ១៩៩៩ ក៏​បាន​បន្សល់​ទុក​នូវ​គ្រឿង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ផង​ដែរ។ របាយ​ការណ៍​បាន​និយាយ​ថា ចំការ​មីន​លាត​សន្ធឹង​ធំធេង​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ពួក​ខ្មែរក្រហម​ កង​កម្លាំង​ខេមរភូមិន្ទ ​និង​យោធា​វៀតណាម ​និង​ថៃ អំឡុង​ពេល​ការ​ប្រយុទ្ធគ្នា ​និង​ការ​ចូល​កាន់​កាប់។

អ្នកស្រី​ Chandler បាន​ថ្លែង​ថា៖ «យើង​បាន​ផ្តល់​ប្រាក់​ប្រមាណ ​១៩១.៥ ​លាន​ដុល្លារ​សម្រាប់​ប្រតិបត្តិការ​បោស​សម្អាត​នៅ​កម្ពុជា ហើយ​ប្រហែល​ ៩​ លាន​ដុល្លារ​ក្នុង​ចំណោម​នោះ​គឺ​ សម្រាប់​ឆ្នាំ​នេះ»។

អ្នកស្រី​បន្ថែម​ថា​ មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា (CMAC) បាន​បញ្ជូន​ក្រុម​ការងារ​ដើម្បី​ផ្តល់​ការ​ហ្វឹកហ្វឺន​ដល់​ក្រុម​ដោះមីន​អ៊ុយក្រែន ​ពីព្រោះ​កម្ពុជា​មាន​ជំនាញ​ក្នុង​ការ​ប្រើ​ប្រាស់ «ឧបករណ៍​រាវរក​មីន​ពិសេស​ផ្តល់​ឲ្យ​ដោយ​ជប៉ុន»។ ឧបករណ៍​នេះ​មាន​ភាព​ទំនើប​ជាង​ឧបករណ៍​ចាស់ៗរាវ​រកមីន​ផលិត​ដោយ​រុស្ស៊ី ដែល​អ៊ុយក្រែន​កំពុង​ប្រើប្រាស់​ ស្រប​ពេល​ខ្លួន​កំពុង​ប្រយុទ្ធ​ជាមួយ​នឹង​កងកម្លាំង​ឈ្លានពាន​រុស្ស៊ី។

អ្នកស្រី​ Chandler បាន​ប្រាប់​វីអូអេ​ភាសា​ខ្មែរ​ បន្ទាប់​ពី​ធ្វើ​សេចក្តី​ថ្លែងការណ៍​ខ្លី​មួយ​ថា៖ «ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា ​វា​ពិតជា​អាទិភាព​សម្រាប់​យើង​ក្នុង​ការ​អាច​បន្ត​ជួយ​កម្ពុជា​បោស​សម្អាត​មីន​ និង​គ្រឿង​យុទ្ធភណ្ឌមិន​ទាន់​ផ្ទុះ​សេស​សល់​ពី​សង្រ្គាម​ ដើម្បី​ជា​មធ្យោបាយ​មួយ​ក្នុង​ការ​ផ្តល់​ដីធ្លី​ទៅ​ដល់​ពលរដ្ឋ​កម្ពុជា​វិញ​ ក៏​ដូចជា​ លើក​កម្ពស់​វឌ្ឍនភាព​សេដ្ឋកិច្ច និង​សន្តិសុខ​ស្បៀងអាហារ»៕

លោក សុខ ខេមរា នៃ​វីអូអេ​ខេមរ​ភាសា រួម​ចំណែក​ក្នុង​សេចក្តីរាយការណ៍​នេះ

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG