ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានទទួលស្គាល់ជាលើកដំបូងកាលពីថ្ងៃអាទិត្យថា លោក Joe Biden ខាងគណបក្សប្រជាធិបតេយ្យ «បានឈ្នះ» ការបោះឆ្នោតប្រធានាធិបតី នៅក្នុងការប្រកួតប្រជែងជាមួយនឹងលោកកាលពីជិតពីរសប្ដាហ៍មុន ប៉ុន្តែលោកនៅតែបន្ដអះអាងដោយគ្មានភស្តុតាងថា លោកបានចាញ់ការបោះឆ្នោត ដោយសារតែការបោះឆ្នោតនោះមានការលួចបន្លំ។
លោកប្រធានាធិបតី Trump ខាងគណបក្សសាធារណរដ្ឋ បានបដិសេធមិនព្រមទទួលស្គាល់ជាផ្លូវការទេថាលោកចាញ់លោក Biden នៅក្នុងការបោះឆ្នោតប្រធានាធិបតី បើទោះបីជាបណ្ដាញព័ត៌មានធំៗរបស់សហរដ្ឋអាមេរិកបានផ្សព្វផ្សាយអស់រយៈពេលមួយសប្ដាហ៍មកហើយថា លោក Biden ទទួលបានចំនួនអង្គបោះឆ្នោតច្រើនជាង ២៧០ ក្នុងចំណោមអង្គបោះឆ្នោតសរុបចំនួន ៥៣៨ ដែលត្រូវការដើម្បីឈ្នះការបោះឆ្នោតប្រធានាធិបតី។ ប្រធានាធិបតីជាប់ឆ្នោតនឹងត្រូវស្បថចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករា ខាងមុខនេះ។
នៅក្នុងសារមួយក្នុងចំណោមសារជាបន្ដបន្ទាប់លើ Twitter លោក Trump បាននិយាយសំដៅដល់លោក Biden ថា «លោកបានឈ្នះ [ការបោះឆ្នោត] ដោយសារការបោះឆ្នោតមានការលួចបន្លំ»។
លោក Trump បានធ្វើការចោទប្រកាន់ដោយគ្មានភស្តុតាងអំពីការបោះឆ្នោតនេះ ដោយនិយាយថា «អ្នកសង្កេតការណ៍បោះឆ្នោតមិនត្រូវបានអនុញ្ញាតឲ្យចូលមើលដំណើរការបោះឆ្នោតទេ។ សន្លឹកឆ្នោតត្រូវបានរាប់ដោយក្រុមហ៊ុនឯកជន Dominion ដែលប្រកាន់ឆ្វេងនិយមជ្រុល និងមានកិត្តិនាមអាក្រក់ និងឧបករណ៍មិនសុក្រឹត ដែលមិនអាចសូម្បីតែគណនាចំនួនសន្លឹកឆ្នោតនៅរដ្ឋ Texas បាន (ដែលខ្ញុំបានឈ្នះយ៉ាងច្រើននៅរដ្ឋនោះ!) ប្រព័ន្ធផ្សព្វផ្សាយក្លែងក្លាយ និងមិនព្រមផ្សព្វផ្សាយព័ត៌មានពិត និងបញ្ហាជាច្រើនទៀត»។
ក្រុមហ៊ុន Twitter បានដាក់សញ្ញាឲ្យអ្នកអានប្រុងប្រយ័ត្នចំពោះការអះអាងរបស់លោក Trump ដោយបញ្ជាក់ថា៖ «ការអះអាងអំពីការលួចបន្លំនៅក្នុងការបោះឆ្នោតនេះអាចប្រកែកតវ៉ាបាន»។
បន្ទាប់មក លោក Trump បានបញ្ជាក់អំពីទស្សនៈរបស់លោកចំពោះលទ្ធផលនៃការបោះឆ្នោត ដោយនិយាយថា៖ «លោក [Biden] បានឈ្នះតែនៅក្នុងក្រសែភ្នែករបស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្លែងក្លាយតែប៉ុណ្ណោះ។ ខ្ញុំមិនចុះចាញ់អ្វីទាំងអស់! យើងនៅមានពេលច្រើនទៀត។ នេះគឺជាការបោះឆ្នោតដែលមានការលួចបន្លំ»។
ខណៈដែលបណ្ដឹងតវ៉ាផ្លូវច្បាប់មួយចំនួនអំពីការបោះឆ្នោតកំពុងប្រព្រឹត្តទៅនៅក្នុងតុលាការសហរដ្ឋអាមេរិកនៅតាមបណ្ដារដ្ឋដែលមានការប្រជែងខ្លាំងមួយចំនួន លោក Trump បានចាញ់ក្នុងសំណុំរឿងជាច្រើនមកហើយ ដែលចោទប្រកាន់ថាមានភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោត និងនៅក្នុងដំណើរការរាប់សន្លឹកឆ្នោត។ ពាក្យបណ្ដឹងមួយចំនួនគឺពាក់ព័ន្ធនឹងចំនួនសន្លឹកឆ្នោតបន្ដិចបន្ដួច ដែលបើទោះជាលោក Trump ឈ្នះពាក្យបណ្ដឹងទាំងនោះក៏ដោយ ក៏នៅតែមិនអាចផ្លាស់ប្ដូរជ័យជម្នះរបស់លោក Biden នៅក្នុងរដ្ឋនីមួយៗបានដែរ៕