ក្រុមបាតុករបានប្រមូលផ្ដុំគ្នាតវ៉ានៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃសៅរ៍ ដើម្បីគាំទ្រប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងការអះអាងរបស់លោកដោយគ្មានភស្តុតាងដែលថាមានការលួចបន្លំសន្លឹកឆ្នោត នៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី ៣ ខែវិច្ឆិកា។
បាតុកម្មមួយចំនួនត្រូវបានធ្វើឡើង ដែលក្នុងនោះរួមមានទាំងការតវ៉ាមួយចំនួនដែលមានឈ្មោះថា Million MAGA March ការតវ៉ា Women for Trump និងការតវ៉ា Stop the Steal ដែលសុទ្ធតែធ្វើឡើងដើម្បីគាំទ្រដល់ការអះអាងដែលគ្មានភស្តុតាងអំពីការលួចបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី។
លោក Trump បានបដិសេធមិនព្រមទទួលស្គាល់ថាចាញ់លោក Joe Biden នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដោយបានលើកឡើងថា មានភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោតនៅក្នុងរដ្ឋដែលមានការប្រជែងខ្លាំងមួយចំនួន។ ក្រុមមន្ត្រីរៀបចំការបោះឆ្នោតប្រចាំរដ្ឋបានរាយការណ៍ថាមិនមានភាពមិនប្រក្រតីខ្លាំងក្លានៅក្នុងការបោះឆ្នោត ដែលអាចជះឥទ្ធិពលដល់លទ្ធផលនៃការបោះឆ្នោតនោះទេ។
ការតវ៉ាទាំងនេះបានធ្វើឡើង ក្រោយពីមានការព្យាករណ៍ថា លោក Biden ឈ្នះដាច់នៅក្នុងការបោះឆ្នោត ដោយទទួលបានចំនួនអង្គបោះឆ្នោតច្រើនលើសពីចំនួន ២៧០ ដែលបេក្ខជនប្រធានាធិបតីម្នាក់ត្រូវការដើម្បីឈ្នះឆ្នោត។
ប្រហែលពីរម៉ោងមុនការតវ៉ាដើម្បីគាំទ្រលោក Trump បានចាប់ផ្ដើម លោក Trump បានធ្វើដំណើរតាមក្បួនរថយន្តទៅកាន់មហាវិថី Pennsylvania ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដោយលោកបានញញឹម និងគ្រវីដៃទៅកាន់បាតុករមួយចំនួន ដែលបានទៅទីនោះដើម្បីបង្ហាញការគាំទ្រដល់លោក៕