លោក Zalmay Khalilzad បេសកជនសន្តិភាពសហរដ្ឋអាមេរិកប្រចាំនៅប្រទេសអាហ្វហ្គានីស្ថាន បានធ្វើទស្សនកិច្ចទៅប្រទេសប៉ាគីស្ថានកាលពីច្ងៃចន្ទម្សិលមិញ និងបាននាំយកនូវការថ្លែងអំណរគុណររបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន សម្រាប់ «តួនាទីដ៏សំខាន់» របស់រដ្ឋាភិបាលប៉ាគីស្ថាននៅក្នុងការសម្របសម្រួលឱ្យមានការចាប់ផ្ដើមនៃការចរចាសន្តិភាពរវាងភាគីជម្លោះនានានៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមការបញ្ជាក់របស់មន្ត្រីពាក់ព័ន្ធនានា។
កិច្ចចរចាសន្តិភាពជាប្រវត្តិសាស្ត្រនេះបានចាប់ផ្ដើមកាលពីថ្ងៃសៅរ៍សប្ដាហ៍មុននៅក្នុងរាជធានីដូហា ប្រទេសកាតា ដោយអ្នកតំណាងក្រុមតាលីបង់ និងរដ្ឋាភិបាលអាហ្វហ្គានីស្ថានចរចាគ្នាដើម្បីរកដំណោះស្រាយបញ្ចប់សង្គ្រាមរយៈពេល ៤ ទសវត្សរ៍នៅក្នុងប្រទេសរបស់ពួកគេ។
ស្ថានទូតអាមេរិកប្រចាំរដ្ឋធានីអ៊ីស្លាម៉ាបាត បានឱ្យដឹងថា លោក Khalilzad និងប្រតិភូរបស់លោក បានជួបជាមួយលោកឧត្តមសេនីយ៍ Qamar Javed Bajwa មេបញ្ជាការយោធាប៉ាគីស្ថាន និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត។
សេចក្ដីថ្លែងការណ៍របស់ស្ថានទូតបានឱ្យដឹងថា៖ «លោកឯកអគ្គរដ្ឋទូត Khalilzad បានសម្ដែងការដឹងគុណជំនួសមុខឱ្យសហរដ្ឋអាមេរិក ជាពិសេសចំពោះតួនាទីដ៏សំខាន់របស់លោកនាយករដ្ឋមន្ត្រី Imran Khan និងលោកឧត្តមសេនីយ៍ Bajwa នៅក្នុងការសម្របសម្រួលឱ្យមានការចាប់ផ្ដើមនៃកិច្ចចរចាសន្តិភាពនៅក្នុងទីក្រុងដូហា ប្រទេសកាតា កាលពីថ្ងៃទី ១២ ខែកញ្ញា និងបានសង្កត់ធ្ងន់អំពីតម្រូវការឱ្យមានការគាំទ្រក្នុងតំបន់ និងអនុ្តរជាតិលើឱកាសសន្តិភាពជាប្រវត្ដិសាស្ត្រនេះ»៕