ប្រទេសប៉ាគីស្ថាន និងសម្ព័ន្ធជិតស្និទរបស់ខ្លួនគឺប្រទេសចិនបានចាប់ផ្តើមការសាងសង់ជាផ្លូវការនូវទំនប់ទឹកដែលមានតម្លៃរាប់ពាន់លានដុល្លារនៅក្នុងផ្នែកមួយនៃតំបន់ Kashmir ដែលមានជម្លោះ និងគ្រប់គ្រងដោយប៉ាគីស្ថាន ដោយមិនខ្វាយខ្វល់ចំពោះការជំទាស់ទៅលើគម្រោងនេះពីគូប្រជែងរបស់ខ្លួនគឺប្រទេសឥណ្ឌា។
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan បានទៅធ្វើទស្សនកិច្ចនៅការដ្ឋានសាងសង់កាលពីថ្ងៃពុធ ទី១៥ ជាមួយនឹងមេដឹកនាំយោធាកំពូលៗ និងឯកអគ្គរដ្ឋទូតចិននៅក្នុងក្រុងអ៊ីស្លាម៉ាបាដ ដើម្បីចាប់ផ្តើម «ជោគជ័យជាប្រវត្តិសាស្ត្រ»។ នេះជាអ្វីដែលក្រុមមន្ត្រីបានហៅ។
ទំនប់ទឹកពហុបំណង Diamer Bhasha ត្រូវបានគេរំពឹងថា នឹងត្រូវបញ្ចប់នៅក្នុងឆ្នាំ២០២៨ ដោយត្រូវចំណាយទឹកប្រាក់សរុបអស់ជាង៨ពាន់លានដុល្លារ។ ទំនប់នេះត្រូវបានគេរំពឹងថា នឹងផលិតបាននូវអគ្គិសនីស្អាត និងមានតម្លៃទាបចំនួន៤.៥០០មេហ្គាវ៉ាត់។
លោ Khan បាននិយាយក្នុងសម្តីដើមថា «នេះនឹងក្លាយជាទំនប់ធំបំផុតទី៣របស់ប៉ាគីស្ថាន ខណៈប្រទេសចិនដែលជាប្រទេសជិតខាងបានសាងសង់ទំនប់ទឹកធំៗជិត៥.០០០កន្លែងក្នុងចំណោមទំនប់ទឹកជាង៨០.០០០កន្លែងរបស់ខ្លួន»។
ទំនប់ទឹកនេះមានទំហំស្តុកទឹកអាចប្រើប្រាស់បានប្រមាណជា៨គីឡូម៉ែត្រគូប ហើយនឹងមានកម្ពស់២៧២ម៉ែត្រនៅក្នុងតំបន់ Gilgit-Baltistan នៅភាគខាងជើង ដែលមានចម្ងាយប្រមាណ៤០០គ.ម.ពីព្រំដែនផ្លូវគោកតែមួយគត់រវាងចិន និងប៉ាគីស្ថាន។
ក្រុមមន្ត្រីនិយាយថា គម្រោងនេះនឹងជួយគ្រប់គ្រងទឹកជំនន់ និងបន្ថែមដីកសិដ្ឋានចំនួនប្រមាណ៤៨៥.៦២៣ហិកតា និងបង្កើតការងារចំនួន១៦.០០០បន្ថែមសម្រាប់ពលរដ្ឋក្នុងមូលដ្ឋាន។
ក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋចិនឈ្មោះ China Power និងអង្គការ Frontier Works Organization ដែលជាបុត្រសម្ព័ន្ធពាណិជ្ជកម្មរបស់កងព័ទប៉ាគីស្ថានកំពុងសាងសង់គម្រោងនេះដោយឈរលើមាត្រដ្ឋាន៧០ និង៣០។
ប្រទេសឥណ្ឌា ដែលគ្រប់គ្រងតំបន់ Kashmir ភាគច្រើន និងអះអាងទាមទារតំបន់នេះទាំងមូលដូចដែលប៉ាគីស្ថានដែរនោះ បានរិះគន់ខ្លាំងៗទៅលើគម្រោងនេះថាជាការបំពានដល់អធិបតេយ្យភាពដែនដីរបស់ខ្លួន។
រដ្ឋាភិបាលប៉ាគីស្ថាន និងចិនបានច្រានចោលនូវក្តីបារម្ភរបស់ឥណ្ឌាដោយអះអាងថា វាមិនត្រឹមត្រូវ និងបានទទូចថា កិច្ចសហការផ្នែកសេដ្ឋកិច្ចមានបំណងធ្វើឱ្យប្រសើរនូវ «សុខមាលភាពរបស់ពលរដ្ឋក្នុងមូលដ្ឋាន»។
កិច្ចសហការច្រកសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន
ទោះជាយ៉ាងនេះក្តី ទំនប់នេះមិនមែនជាផ្នែកមួយនៃគម្រោងកិច្ចសហការច្រកសេដ្ឋកិច្ចចិន-ប៉ាគីស្ថានដែលបានទឹកប្រាក់រាប់ពាន់លានដុល្លារ និងដែលជាចំណុចស្នូលនៃគម្រោងផ្លូវក្រវ៉ាត់ពាណិជ្ជកម្មចិន (ឬ BRI) ក្នុងសាកលលោករបស់លោកប្រធានាធិបតី ស៊ី ជីនពីងនោះទេ។
ក្នុងរយៈពេលពីរខែចុងក្រោយនេះ រដ្ឋាភិបាលក្រុងប៉េកាំងក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួនពីរជាមួយនឹងរដ្ឋាភិបាលក្រុងអ៊ីស្លាម៉ាបាដនៅក្រោមក្របខណ្ឌកិច្ចសហការច្រកសេដ្ឋកិច្ចចិន-ប៉ាគីស្ថានដើម្បីវិនិយោគដោយផ្ទាល់នូវទឹកប្រាក់រហូតដល់៤ពាន់លានដុល្លារដើម្បីអភិវឌ្ឍន៍គម្រោងវារីអគ្គិសនីពីរនៅក្នុងតំបន់ Kashmir ដែលមានកម្លាំងសរុបប្រមាណជា១.៨០០មេហ្គាវ៉ាត់។
នាយករងកម្មវិធីអាស៊ីនៃមជ្ឈមណ្ឌល Wilson ដែលមានមូលដ្ឋាននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន លោក Michael Kugelman យល់ថា ការវិនិយោគចិនដែលកំពុងកើនឡើងនៅក្នុងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាននេះគឺជាការវាយប្រហារមួយទៅលើប្រទេសឥណ្ឌា។
លោកបាននិយាយក្នុងសម្តីដើមថា «ជំហានទាំងនេះនឹងនាំឱ្យមានភាពតានតឹងមួយទៀត ចំពោះទំនាក់ទំនងឥណ្ឌា និងចិន ដែលឥឡូវនេះកំពុងតែមានភាពរកាំរកូសជាងប៉ុន្មានទសវត្សរ៍មុនរួចទៅហើយ»។
លោក Kugelman បាននិយាយសំដៅដល់ការប៉ះទង្គិចព្រំដែនកាលពីខែមុនរវាងប្រទេសទាំងពីរនៅក្នុងភ្នំ Himalayas នៅភាគខាងលិច ដែលនៅពេលនោះមានទាហានឥណ្ឌា២០នាក់បានស្លាប់។ មន្ត្រីចិន និងឥណ្ឌាកំពុងស្ថិតក្នុងការចរចាដើម្បីបន្ធូរបន្ថយភាពតានតឹងនេះ។
លោក Kugelman បាននិយាយក្នុងសម្តីដើមថា «យើងក៏អាចនិយាយបានថា មួយផ្នែកវាអាចជាការឆ្លើយតបបែបគឃ្លើនពីរដ្ឋាភិបាលក្រុងប៉េកាំង និងរដ្ឋាភិបាលក្រុងអ៊ីស្លាម៉ាបាដដើម្បីបង្កើនឱ្យមានការគំរាមកំហែងពីភាគីឥណ្ឌា នៅក្នុងប៉ុន្មានខែចុងក្រោយដើម្បីឱ្យមានការវិវត្តទៅលើតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន»។
នៅក្នុងប៉ុន្មានខែចុងក្រោយនេះ មេដឹកនាំឥណ្ឌាបានចោទប្រកាន់ម្តងហើយម្តងទៀតថា យោធាភាគីប៉ាគីស្ថានកំពុងត្រៀមខ្លួនលបចូលតំបន់ Kashmir ដែលគ្រប់គ្រងដោយឥណ្ឌា ហើយបានព្រមានពីសកម្មភាពតបតរបស់យោធានៅព្រំដែន ដែលអាចនឹងបង្កឱ្យមានភាពតានតឹងទាំងសងខាង។
ប្រទេសចិនបានវិនិយោគទឹកប្រាក់ប្រមាណ២៩ពាន់លានដុល្លារនៅក្នុងប្រទេសប៉ាគីស្ថាន រួមទាំងការវិនិយោគដោយផ្ទាល់ ប្រាក់កម្ចីដែលមានលក្ខខណ្ឌធូរ និងប្រាក់ជំនួយ ដែលត្រូវបានផ្តល់ឱ្យទៅលើការសាងសង់រោងចក្រថាមពល ផ្លូវថ្នល់ ផ្លូវរថភ្លើង កំពង់ផែសមុទ្រជ្រៅថ្មីមួយនៅក្នុងក្រុង Gwadar និងអាកាសយានដ្ឋានអន្តរជាតិនៅក្នុងខេត្ត Baluchistan៕