ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អភិបាល​រដ្ឋ​អាមេរិក​ធ្វើ​ទស្សនកិច្ច​ទៅ​តៃវ៉ាន់ បន្ទាប់ពី​ចិន​ធ្វើ​សមយុទ្ធ​យោធា


ប្រធានាធិបតី​កោះតៃវ៉ាន់​អ្នកស្រី Tsai Ing-wen ជួប​ជាមួយ​នឹង​អភិបាល​រដ្ឋ​ Indiana លោក Eric Holcomb នៅ​ខុទ្ទកាល័យ​ប្រធានាធិបតី​កោះតៃវ៉ាន់​ក្នុង​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ ថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២២។
ប្រធានាធិបតី​កោះតៃវ៉ាន់​អ្នកស្រី Tsai Ing-wen ជួប​ជាមួយ​នឹង​អភិបាល​រដ្ឋ​ Indiana លោក Eric Holcomb នៅ​ខុទ្ទកាល័យ​ប្រធានាធិបតី​កោះតៃវ៉ាន់​ក្នុង​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ ថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២២។

អភិបាល​រដ្ឋ​សហរដ្ឋ​អាមេរិក​មួយ​រូប​បាន​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​តៃវ៉ាន់​នៅ​ថ្ងៃ​ចន្ទ​នេះ។ ជំនួប​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​អំពី​ការ​ចរចា​ពាណិជ្ជកម្ម​ជាមួយ​រដ្ឋាភិបាល​តៃវ៉ាន់​ដើម្បី​បង្ហាញ​ការ​គាំទ្រ បន្ទាប់ពី​មាន​ការ​គំរាមកំហែង​បែប​យោធា​របស់​ចិន​ចំពោះ​តៃវ៉ាន់​មក។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

លោក Eric Holcomb អភិបាល​រដ្ឋ Indiana ខាង​គណបក្ស​សាធារណរដ្ឋ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​កោះ​តៃវ៉ាន់​កាលពី​ថ្ងៃ​អាទិត្យ ដើម្បី​បំពេញ «ទស្សនកិច្ច​ផ្នែក​អភិវឌ្ឍន៏​សេដ្ឋកិច្ច»។

ភាព​តានតឹង​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ចិន​បាន​កើនឡើង​ចាប់​តាំងពី​រដ្ឋាភិបាល​ចិន​បាន​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​នៅ​ជុំវិញ​កោះ​តៃវ៉ាន់​មក​ដើម្បី​សងសឹក​ចំពោះ​ទស្សនកិច្ច​របស់​ប្រធាន​រដ្ឋសភា​អាមេរិក​អ្នកស្រី Nancy Pelosi ទៅកាន់​កោះ​តៃវ៉ាន់​កាលពី​ដើម​ខែ​នេះ។

តៃវ៉ាន់​ស្ថិត​នៅ​ក្រោម​ការ​គំរាម​ឈ្លានពាន​របស់​ចិន​មិន​ឈប់ឈរ។ ប្រទេស​ចិន​អះអាង​ថា​កោះ​តៃវ៉ាន់​គឺ​ជា​ផ្នែក​មួយ​របស់​ខ្លួន ដែល​ខ្លួន​អាច​ដណ្តើម​យក​មក​វិញ​នៅ​ថ្ងៃ​ណា​មួយ​តាម​រយៈ​ការ​ប្រើ​កម្លាំង​ប្រសិនបើ​ចាំបាច់។

រដ្ឋាភិបាល​ចិន​បាន​រិះគន់​រាល់​សកម្មភាព​ការទូត​ទាំង​ឡាយ​ណា​ដែល​អាច​ជួយ​តៃវ៉ាន់​ឱ្យ​មាន​ភាព​ស្រប​ច្បាប់ ហើយ​បាន​ឆ្លើយតប​ដោយ​ការ​ខឹង​សម្បា​កាន់តែ​ខ្លាំង​ឡើង​ចំពោះ​ទស្សនកិច្ច​របស់​មន្ត្រី​និង​អ្នក​នយោបាយ​បស្ចិម​ប្រទេស​នានា​ទៅកាន់​កោះ​តៃវ៉ាន់។

នៅ​ក្នុង​ជំនួប​ជាមួយ​នឹង​លោក Holcomb នៅ​ថ្ងៃ​ចន្ទ​នេះ ប្រធានាធិបតី​តៃវ៉ាន់​អ្នកស្រី Tsai Ing-wen បាន​លើកឡើង​ដោយ​ចំៗ​អំពី​សមយុទ្ធ​យោធា​របស់​ចិន ហើយ​បាន​អំពាវនាវ​ឱ្យ​បណ្តា​ប្រទេស​ដែល​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ដូចគ្នា​បន្ត​គាំទ្រ​តៃវ៉ាន់។

អ្នកស្រី​បាន​ថ្លែង​ប្រាប់​លោក Holcomb ថា៖ «បច្ចុប្បន្ន​យើង​កំពុង​ប្រឈម​នឹង​ការ​ពង្រីក​ជា​បន្ត​នៃ​របប​អាជ្ញាធិបតេយ្យ​នៅ​ទូទាំង​ពិភពលោក‍»។

អ្នកស្រី​បាន​បន្ថែម​ថា៖ «តៃវ៉ាន់​ប្រឈម​នឹង​ការ​គំរាម​ផ្នែក​យោធា​ពី​ប្រទេស​ចិន​នៅ​ក្នុង​និង​ជុំវិញ​ច្រក​សមុទ្រ​តៃវ៉ាន់។ នៅ​ពេល​នេះ សម្ព័ន្ធមិត្ត​ប្រជាធិបតេយ្យ​នានា​ចាំបាច់​ត្រូវតែ​ឈរ​ជាមួយ​គ្នា​និង​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ទាំង​អស់»។

លោក Holcomb បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​និង​តៃវ៉ាន់ «មាន​គុណតម្លៃ ផល​ប្រយោជន៍ និង គោលដៅ​ដូចគ្នា​ជា​ច្រើន‍»។

លោក​បាន​បន្ថែម​ថា៖ «សហរដ្ឋ​អាមេរិក​នឹង​បន្ត​ស្វែងរក​វិធី​កសាង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​នឹង​តៃវ៉ាន់»។

លោក Holcomb មាន​គម្រោង​ជួប​ជាមួយ​អ្នក​តំណាង​ខាង​ឧស្សាហកម្ម​ផលិត​បន្ទះ​អេឡិចត្រូនិក Semiconductor នាំ​មុខ​គេ​ក្នុង​ពិភពលោក​របស់​តៃវ៉ាន់ មុន​នឹង​បន្ត​ដំណើរ​ទៅកាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅ​ថ្ងៃ​ពុធ៕

XS
SM
MD
LG