ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តៃវ៉ាន់​ធ្វើ​សមយុទ្ធ​យោធា​និង​ចោទ​ចិន​ថា​ត្រៀម​ឈ្លានពាន​ខ្លួន


ទាហាន​តៃវ៉ាន់​បាញ់​កាំភ្លើង howitzer ក្នុង​អំឡុង​សមយុទ្ធ​​យោធា​មួយ​នៅ​ស្រុក Pingtung ភាគ​ខាង​ត្បូង​កោះ​តៃវ៉ាន់ កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០២២។
ទាហាន​តៃវ៉ាន់​បាញ់​កាំភ្លើង howitzer ក្នុង​អំឡុង​សមយុទ្ធ​​យោធា​មួយ​នៅ​ស្រុក Pingtung ភាគ​ខាង​ត្បូង​កោះ​តៃវ៉ាន់ កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០២២។

កោះ​តៃវ៉ាន់​បាន​ធ្វើ​សមយុទ្ធ​បាញ់​កាំភ្លើង​ធំ​នៅ​ថ្ងៃ​អង្គារ​នេះ ដោយ​ធ្វើ​ឱ្យ​ដូច​ទៅ​នឹង​ស្ថានការណ៍​ដែល​តៃវ៉ាន់​ទប់ទល់​ប្រឆាំង​នឹង​ការ​វាយ​ប្រហារ​ណា​មួយ​ដូច្នេះ​ដែរ។ ស្រប​ពេល​នោះ​ដែរ មន្ត្រី​ការទូត​កំពូល​របស់​តៃវ៉ាន់​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ចិន​ថា​ បាន​ត្រៀម​លក្ខណៈ​ឈ្លានពាន​កោះ​តៃវ៉ាន់ បន្ទាប់ពី​ចិន​បាន​ធ្វើ​សមយុទ្ធ​យោធា​ដ៏​ធំ​អស់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

សមយុទ្ធ​របស់​តៃវ៉ាន់​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ស្រុក Pingtung នៅ​ភាគ​ខាង​ត្បូង​កោះ​តៃវ៉ាន់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Lou Woei Jye អ្នក​នាំពាក្យ​នៃ​កងពល​ទី ៨ របស់​យោធា​តៃវ៉ាន់។

យោធា​តៃវ៉ាន់​ថា ការ​ធ្វើ​សមយុទ្ធ​នេះ​ដែល​នឹង​ធ្វើ​ឡើង​ម្ដង​ទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ ក៏​មាន​ការ​ដាក់​ពង្រាយ​កងទ័ព​រាប់​រយ​នាក់​និង​កាំភ្លើង​ធំ​ធុន​ធ្ងន់​ប្រហែល ៤០ គ្រឿង​ផង​ដែរ។

កាលពី​សប្ដាហ៍​មុន ប្រទេស​ចិន​បាន​ធ្វើ​សមយុទ្ធ​យោធា​ដ៏​ធំ​បំផុត​មួយ​តាម​ផ្លូវ​ទឹក​និង​ផ្លូវ​អាកាស​នៅ​ជុំវិញ​កោះ​តៃវ៉ាន់​ដើម្បី​ឆ្លើយតប​បែប​ខឹង​សម្បា​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​រដ្ឋសភា​អាមេរិក​អ្នកស្រី Nancy Pelosi ទៅកាន់​កោះ​តៃវ៉ាន់។ យោធា​ចិន​បាន​បញ្ជាក់​ថា ការ​ធ្វើ​សមយុទ្ធ​របស់​ខ្លួន​បាន​បន្ត​នៅ​ថ្ងៃ​អង្គារ​នេះ។

រដ្ឋមន្ត្រី​ការបរទេស​តៃវ៉ាន់​លោក Joseph Wu បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់​នៅ​ថ្ងៃ​អង្គារ​នេះ​ថា៖ «ចិន​បាន​ប្រើ​សមយុទ្ធ​នោះ​នៅ​ក្នុង​ក្បួន​យុទ្ធសាស្ត្រ​យោធា​របស់​ខ្លួន​ដើម្បី​ត្រៀម​លក្ខណៈ​សម្រាប់​ការ​ឈ្លានពាន​លើ​កោះ​តៃវ៉ាន់»។

លោក Joseph Wu បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ចិន​ថា​បាន​ប្រើ​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី Pelosi ជា​លេស​ដើម្បី​ធ្វើ​សកម្មភាព​យោធា។

លោក​បាន​លើកឡើង​ដូច្នេះ​ថា៖ «ចេតនា​ពិត​ប្រាកដ​របស់​ចិន​គឺ​ធ្វើ​ឱ្យ​ប្រែប្រួល​ដល់​ស្ថានភាព​បច្ចុប្បន្ន​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​និង​នៅ​តំបន់​ទាំងមូល»៕

XS
SM
MD
LG