ការបោះឆ្នោតដោយផ្ទាល់មុនកាលកំណត់ បានចាប់ផ្តើមធ្វើឡើងនៅថ្ងៃចន្ទនេះ ក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក សម្រាប់ការបោះឆ្នោតផ្តាច់ព្រ័ត្រដណ្តើមអាសនៈចំនួន២ ក្នុងព្រឹទ្ធសភាអាមេរិក ដែលជាការកំណត់ ថាតើគណបក្សសាធារណរដ្ឋ ឬគណបក្សប្រជាធិបតេយ្យ ជាអ្នកមានសំឡេងភាគច្រើនក្នុងព្រឹទ្ធសភា នៅពេល ចាប់ផ្តើមការងារអាណត្តិថ្មីក្នុងខែមករាខាងមុខនេះ។
បេក្ខជនគណបក្សប្រជាធិបតេយ្យ កំពុងប្រកួតប្រជែងដណើ្តមអាសនៈព្រឹទ្ធសភាចំនួនពីរក្នុងរដ្ឋនេះ ដែលបច្ចុប្បន្នកាន់កាប់ដោយគណបក្សសាធារណរដ្ឋ។ គ្មានបេក្ខជនណាមួយ ដណ្តើមបានសំឡេងភាគច្រើនដាច់ខាត ក្នុងការបោះឆ្នោតសាកលកាលពីខែវិច្ឆិកាកន្លងទៅនោះទេ។
ពេលនេះ គណបក្សសាធារណរដ្ឋ គ្រប់គ្រងអាសនៈព្រឹទ្ធសភាចំនួន៥០ ទល់នឹង៤៨នៃគណបក្សប្រជាធិបតេយ្យ ក្នុងអាសនៈសរុបចំនួន ១០០របស់ព្រឹទ្ធសភាសហរដ្ឋអាមេរិក។ ដោយគណបក្សប្រជាធិបតេយ្យឈ្នះការបោះឆ្នោតប្រធានាធិបតី ហើយអនុប្រធានាធិបតី មានសំឡេងមួយដើម្បីបំបែកភាពស្មើគ្នាចំនួន៥០ទល់នឹង៥០នោះ គណបក្សប្រជាធិបតេយ្យ នឹងមានសំឡេងភាគច្រើនក្នុងព្រឹទ្ធសភាសហរដ្ឋអាមេរិក ក្នុងករណីដែលគណបក្សនេះ ឈ្នះអាសនៈព្រឹទ្ធសភាទាំងពីរក្នុងរដ្ឋGeorgia។
ដោយគណបក្សប្រជាធិបតេយ្យ មានសំឡេងភាគច្រើន ក្នុងសភាតំណាងរាស្ត្រនោះ ការឈ្នះអាសនៈព្រឹទ្ធសភាក្នុងរដ្ឋនេះរបស់គណបក្សទាំងពីរ មានសារៈសំខាន់ខ្លាំង ក្នុងការកំណត់គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកក្នុងបណ្តាឆ្នាំខាងមុខ៕