ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ផ្តល់​ជំនួយ​៤២​ម៉ឺន​ដុល្លារ​​ សម្រាប់​អភិរក្ស​ប្រាសាទ​បុរាណ​កម្ពុជា


ប្រាសាទភ្នំបាខែង ក្នុងខេត្តសៀមរាប ស្ថិតក្រោមការជួសជុល និងអភិរក្ស ខែមករា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)
ប្រាសាទភ្នំបាខែង ក្នុងខេត្តសៀមរាប ស្ថិតក្រោមការជួសជុល និងអភិរក្ស ខែមករា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

សហរដ្ឋ​អាមេរិក​បន្ត​ផ្តល់​ជំនួយ​អភិរក្ស​វប្បធម៌​ដល់​កម្ពុជា​សរុប​ចំនួន​ ៤២​ម៉ឺនដុល្លារ​អាមេរិក ដើម្បី​អភិរក្ស​ប្រាសាទ​បុរាណ​កម្ពុជា គឺ​ប្រាសាទ​ព្រះវិហារ​ក្នុង​ខេត្ត​ព្រះវិហារ និង​ប្រាសាទ​ភ្នំ​បាខែង ក្នុង​ខេត្ត​សៀមរាប។ នេះ​បើ​តាម​ការ​ប្រកាស​របស់ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា។

មន្រ្តី​កម្ពុជា​រំពឹង​ថា ​ជំនួយ​អភិរក្ស​វប្បធម៌​នេះ​នឹង​ចូលរួម​ចំណែក​ក្នុង​វិស័យ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌ និងបណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ផ្នែក​អភិរក្ស​វប្បធម៌​ផង​ដែរ។

មូលនិធិ​ឯក​អគ្គរដ្ឋទូត​សម្រាប់​ការ​អភិរក្ស​វប្បធម៌​ (Ambassadors Fund for Cultural Preservation) ​របស់​ក្រសួង​ការបរទេស​អាមេរិក​នេះ នឹង​ផ្តល់​ថវិកា​ចំនួន​ ១២​ម៉ឺន​ដុល្លារ​ ដល់​អាជ្ញាធរ​ជាតិ​ព្រះវិហារ ដើម្បី​អភិរក្ស​ជណ្តើរ​ខាង​ជើង​នៃ​ប្រាសាទ​ព្រះវិហារ ព្រម​ទាំង​ជួសជុល​ប្រព័ន្ធ​បង្ហូរ​ទឹក​សម័យ​បុរាណ​នៅ​សង​ខាង​ជណ្តើរ​នោះ។

ចំណែក​ទឹក​ប្រាក់​ចំនួន​ ៣០​ម៉ឺន​ដុល្លារ​ទៀត ត្រូវ​ផ្តល់​ឲ្យ​មូលនិធិ​ប្រាសាទ​ពិភពលោក WMF (World Monuments Fund in Cambodia) សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​បន្ត​ការងារ​អភិរក្ស​ដំណាក់​កាល​ទី​៥ នៅ​ប្រាសាទ​ភ្នំ​បាខែង​ក្នុង​ខេត្ត​សៀមរាប ​សម្រាប់​រយៈ​ពេល ​២​ឆ្នាំ ​ខាង​មុខ គឺ​រហូត​ដល់​ឆ្នាំ​២០២២។

កន្លង​មក​ មូលនិធិ​ប្រាសាទ​ពិភព​លោក (WMF) ក៏​បាន​បណ្តុះ​បណ្តាល​ពលរដ្ឋ​កម្ពុជា​ប្រមាណ ១០០​នាក់​ តាម​ជំនាញ​ផ្សេងៗ​ផ្នែក​បេតិកភណ្ឌ​វប្បធម៌​ផងដែរ។ នេះ​បើ​តាម​ការ​ប្រកាស​របស់​ស្ថានទូត​អាមេរិក។

នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង សម្រាប់​គម្រោង​ជំនួយ​ប្រាសាទ​ព្រះ​វិហារ​និង​ប្រាសាទ​ភ្នំ​បាខែង​ក្នុង​ខេត្ត​សៀម​រាប​ កាល​ពី​ថ្ងៃ​សោរ៍ ទី​១៦ ខែ​មករា លោក​ឯកអគ្គ​រដ្ឋទូត​អាមេរិក W. Patrick Murphy ​ថ្លែង​ថា​ការ​អភិរក្ស និង​ថែទាំប្រាសាទ​បុរាណ​នៅ​កម្ពុជា​ មិន​ត្រឹម​តែ​មាន​សារៈសំខាន់​ចំពោះ​ប្រវត្តិសាស្ត្រ និង​វប្បធម៌​កម្ពុជា​នោះ​ទេ ​ក៏​ប៉ុន្តែ​ក៏​ជួយ​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ភាព​រុង​រឿង​នៅ​កម្ពុជា​ផង​ដែរ។

លោក​ឯកអគ្គរដ្ឋទូតថ្លែង​ថា៖ «យើង​រំពឹង​ថា​ការ​គាំទ្រ​នេះ នឹង​ជួយ​ពង្រឹងគុណភាព​នៃ​ការ​ជួស​ជុល​ប្រាសាទ​ផ្តល់​ការងារ​ដល់​ប្រជាជន​ក្នុង​ស្រុក​បង្កើន​ជំនាញ​និង​បច្ចេក​ទេស​ក្នុង​ការ​អភិរក្ស​ និង​ថែទាំ​ទីតាំង​វប្បធម៌​នានា​សម្រាប់​អ្នក​ជួសជុល​ប្រាសាទក្នុង​ស្រុក។ ខ្ញុំ​អាច​និយាយ​បាន​ថា ប្រាសាទ​ទាំង​នេះ​មិន​មែន​គ្រាន់​តែ​ជា​សម្បត្តិ​បេតិក​ភណ្ឌ​របស់​កម្ពុជា​នោះ​ទេ ក៏​ប៉ុន្តែ​ជា​សម្បត្តិ​បេតិក​ភណ្ឌពិភព​លោក​ផង​ដែរ»។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា និងលោកឯកអគ្គរដ្ឋទូត W. Patrick Murphy ទស្សនាការជួសជុលប្រាសាទភ្នំបាខែង ក្នុងខេត្តសៀមរាប ខែមករា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា និងលោកឯកអគ្គរដ្ឋទូត W. Patrick Murphy ទស្សនាការជួសជុលប្រាសាទភ្នំបាខែង ក្នុងខេត្តសៀមរាប ខែមករា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

ប្រាសាទភ្នំបាខែង ក្នុងខេត្តសៀមរាប ស្ថិតក្រោមការជួសជុល និងអភិរក្ស ខែមករា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)
ប្រាសាទភ្នំបាខែង ក្នុងខេត្តសៀមរាប ស្ថិតក្រោមការជួសជុល និងអភិរក្ស ខែមករា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ លោក​ស្រី​ ភឿង សកុណា ​ថ្លែង​ថា ​ការ​ផ្តល់​ជំនួយ​សម្រាប់​ការ​អភិរក្ស​ប្រាសាទនេះតំណាង​ឲ្យកិច្ច​សហ​ប្រតិបត្តិ​ការ​នៃ​ប្រទេស​ទាំង​ពី​រ ក្នុង​វិស័យ​វប្បធម៌​ដូចជា​ការ​ជួស​ជុស​ប្រាសាទ​ ការ​ទប់​ស្កាត់​ការ​នាំ​ចេញ​វត្ថុ​បុរាណ​ខុស​ច្បាប់ ព្រម​ទាំ​ង​ជា​ការ​ចូល​រួម​ការពារ​មរតក​វប្បធម៌​ទាំង​កម្ពុជា និង​ពិភព​លោក។

លោកស្រី​ថ្លែង​ថា៖ «ជា​គំរូ​បង្ហាញ​ថា​ទោះ​បី​ជា​បរិយា​កាស​ដ៏សែន​លំបាកក្នុង​ពេល​កូវីដ​នេះ​ក្តី ក៏​ផ្នែក​វប្បធម៌​នៅ​បន្ត​ដំណើរ។ […] ចំពោះ​ថវិកា​មិន​ដែល​មាន​ពេល​ណា​គ្រប់​គ្រាន់​ទាំង​អស់​ទេ ប៉ុន្តែ​អនុញ្ញាត​ឲ្យ​ប្រាសាទ​ខ្មែរ​ជា​ច្រើន​ត្រូវ​បាន​ជួស​ជុល​ជា​ហូរហែ ជា​បន្ត​បន្ទាប់»។​

ទាក់​ទង​នឹង​បច្ចេកទេស​នៃ​ការ​អភិរក្ស​និង​ជួស​ជុល​ប្រាសាទ លោកស្រី ភឿង​ សកុណា​ ពន្យល់​ថា៖«បច្ចេកទេស​រយៈ​ពេល​រាប់​សិប​ឆ្នាំ​មក​នេះ​ ខ្មែរ​របស់​យើង​មាន​ភាព​សមត្ថភាព​គ្រប់​គ្រាន់ ​ក៏​ដូច​ជា​ធ្វើ​ការ​សហការ​ជាមួយ​ដៃ​គូ​បរទេស។ ដូច្នេះ​ ចូល​ដល់​កម្រិត​មួយ​ដែល​ប្រាសាទ​ខ្មែរ​បុរាណ​ភាគ​ច្រើន​ជួស​ជុល​ដោយ​អ្នក​ជំនាញ​របស់​យើង»។

លោក គង់ ពុទ្ធិការ អគ្គនាយក​អាជ្ញាធរ​ជាតិ​ព្រះវិហារ ថ្លែងថា​ មាន​កត្តា​ពីរ​សំខាន់​ដែល​បង្ក​ការ​ខូចខាត​ដល់​ប្រាសាទ​នៅ​កម្ពុជា គឺ​កត្តា​អាយុ​កាល និង​កត្តា​ធម្មជាតិ។

លោក​ពន្យល់​ប្រាប់​វីអូអេ​ទាក់​ទង​នឹង​បញ្ហា​ធម្មជាតិ​យ៉ាង​ដូច្នេះ៖ «កត្តា​ធម្មជាតិ​ពាក់​ព័ន្ធ​បញ្ហា​ទឹក។ ទឹក​ហូរ​ចុះ​ទៅ​ វា​ច្រោះ​គ្រឹះ​ប្រាសាទ​ធ្វើ​ឲ្យ​គ្រឹះ​ប្រាសាទ​លែង​សូវ​រឹង​មាំ។ បញ្ហា​ដើម​ឈើ​ដុះ​នៅ​លើ​តួ​ប្រាសាទ​ឬស​របស់​ដើម​ឈើ​ចាក់​ចូល​ប្រាសាទ​ធ្វើ​ឲ្យ​គ្រឹះ​ប្រាសាទ​ហើប ធ្វើ​ឲ្យ​ប្រេះទ្រុឌទ្រោម»។

ចាប់​តាំង​ពី​ឆ្នាំ​២០០១​ មក​ តាម​រយៈ​មូលនិធិ​ឯក​អគ្គរដ្ឋទូត​សម្រាប់​ការ​អភិរក្ស​វប្បធម៌ (AFCP) សហរដ្ឋអាមេរិក​បាន​ផ្តល់​ថវិកាជាង​ ៤​លាន​ដុល្លារ​ ដល់​កម្ពុជា ដើម្បី​ជួយ​អភិរក្ស​ទីតាំង​បេតិក​ភណ្ឌ​វប្បធម៌​សំខាន់ៗ។ នេះ​បើ​តាម​របាយការណ៍​របស់​ស្ថានទូត​អាមេរិក។

បើ​តាម​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌ ក្រៅ​ពី​សហរដ្ឋ​អាមេរិក រដ្ឋាភិបាល​កម្ពុជាក៏​ទទួល​បាន​ជំនួយ​ពី​ប្រទេស​មួយ​ចំនួន​ទៀត​ដូចជា​ប្រទេស​បារាំង ឥណ្ឌា​ចិន និង​ជប៉ុន​ជាដើម។

គួរ​បញ្ជាក់​ថា​ កម្ពុជា​មាន​ប្រាសាទបុរាណ​សរុប​ចំនួន​ ១០៨០​ នៅ​ទូទាំង​ប្រទេស៕

XS
SM
MD
LG