ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជាបានចូលរួមប្រារព្ធពិធីខួបលើកទី៣០នៅប្រាសាទបាក់ខែង ក្នុងតំបន់អង្គរ ខេត្តសៀមរាប ដើម្បីអបអរសាទរការចូលរួមចំណែកក្នុងវិស័យអភិរក្សបេតិកភណ្ឌវប្បធម៌ និងការកសាងធនធានមនុស្សនៅកម្ពុជា។
ពិធីនេះត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទ ដោយមានការចូលរួមពីលោកភារធារី Michael Newbill នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោកស្រី ភឿង សកុណា និងតំណាងមួយរូបមកពីមូលនិធិប្រាសាទពិភពលោក (WMF)ដែលជាអ្នករៀបចំកម្មវិធីក្រោមការឧបត្ថម្ភពីរដ្ឋាភិបាលអាមេរិកាំង។
មកទល់ពេលនេះ សហរដ្ឋអាមេរិកបានផ្គត់ផ្គង់ថវិកាសរុប ដែលមានចំនួន ៣,២២៥,០០០ ដុល្លារសហរដ្ឋអាមេរិកលើគម្រោងរបស់មូលនិធិប្រាសាទពិភពលោកដែលផ្តោតជាពិសេសលើគម្រោងស្តារប្រាសាទបាក់ខែងឡើងវិញ ដែលគម្រោងនេះចាប់ផ្តើមតាំងពីឆ្នាំ ២០០៤ មកម្ល៉េះ។ លើសពីនេះទៀត មូលនិធិប្រាសាទពិភពលោកក៏បានបណ្តុះបណ្តាលពលរដ្ឋកម្ពុជាជាង ១០០នាក់ តាមជំនាញផ្សេងៗផ្នែកបេតិកភណ្ឌវប្បធម៌។
ដោយសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលសហរដ្ឋអាមេរិកនិងរដ្ឋាភិបាលកម្ពុជា លោកភារធារី Michael Newbill បាននិយាយថា លោកមាន៖ «មោទនភាពយ៉ាងខ្លាំងដែលគម្រោងជួសជុលភ្នំបាខែងគឺជាគម្រោងមូលនិធិឯកអគ្គរដ្ឋទូតដ៏ធំបំផុតជាងគ្រប់ទីកន្លែងក្នុងពិភពលោក»។
យ៉ាងណាក្តី លោកភារធារី Newbill ក៏បានលើកឡើងពីបញ្ហានាពេលអតីតកាលដែលកម្ពុជាបានប្រឈមមុខនៅក្នុងវិស័យបេតិកភណ្ឌវប្បធម៌។
លោកបានបញ្ជាក់ថា៖
«នៅពេលមូលនិធិប្រាសាទពិភពលោក (WMF) បានមកដល់តំបន់អង្គរនៅឆ្នាំ១៩៨៩ ពួកគេបានរកឃើញថា ទោះបីជាមានជម្លោះស៊ីវិលនិងភាពឯកាពីអន្តរជាតិក៏ដោយ ក៏ប្រាសាទទាំងនោះមិនទទួលរងឥទ្ធិពលឡើយ។ គួរឲ្យសោកស្តាយ ទោះយ៉ាងណា ប្រទេសនេះបានបាត់បង់អ្នកជំនាញបេតិកភណ្ឌមួយជំនាន់ រួមមានអ្នកថែរក្សាអង្គរ ស្ថាបត្យករ និងអ្នកជំនាញដទៃទៀត»។
រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បានលើកឡើងពីបទពិសោធន៍ទេពកោសល្យ និងចំណេះដឹងដែលពលរដ្ឋកម្ពុជាទទួលបានច្រើនជាងមុនក្នុងការអភិរក្ស និងសិក្សាស្រាវជ្រាវផ្នែកបេតិកភណ្ឌវប្បធម៌។
ដោយសង្កត់ធ្ងន់ពីកិច្ចសហប្រតិបត្តិការពីប្រទេសភាគីពាក់ព័ន្ធ និងអង្គការដៃគូនានា ក៏ដូចជាជំនួយផ្សេងៗដែលមានចំនួនសរុបជាង ៥០០ លានដុល្លារដើម្បីអភិរក្ស និងជួសជុលសម្បត្តិវប្បធម៌នៅកម្ពុជាអស់រយៈពេលជាង ២៥ឆ្នាំ ចុងក្រោយនេះ លោកស្រី ភឿង សកុណា បានមានប្រសាសន៍ថា៖
«ដូច្នេះជាកម្លាំងរួមគ្នាជាតិ និងអន្តរជាតិ គឺជាយន្តការមួយដែលអាចចាត់ទុកជាគំរូសម្រាប់ពិភពលោកទាំងមូលតែម្តងនៅក្នុងការថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌។ ដូច្នេះគឺថាបំណងរួមគ្នាហើយ ហើយនិយាយទៅប្រាសាទខ្មែរត្រូវការជួសជុលច្រើនណាស់ ពីព្រោះយើងរាប់ពាន់ឆ្នាំមកហើយ»។
លោកស្រីរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក៏បានអំពាវនាវផងដែរឲ្យពលរដ្ឋកម្ពុជាចូលរួមថែរក្សាសម្បត្តិវប្បធម៌ទាំងរូបិយ និងអរូបិយម្រាប់អ្នកជំនាន់ក្រោយផងដែរ។
នាពេលបច្ចុប្បន្ន គម្រោងទ្រទ្រង់ប្រាសាទបាក់ខែងកំពុងស្ថិតនៅក្នុងដំណាក់កាលទី ០៥ ដែលបានចាប់ផ្តើមនៅឆ្នាំ ២០១៧។ នៅក្នុងដំណាក់កាលទី០៥ គម្រោងនេះទទួលបានថវិកាចំនួន ៣ សែន ៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ក្រុមការងារគម្រោងនឹងបញ្ចប់ការជួសជុសផ្នែកនៅទិសខាងកើតនៃប្រាសាទបាក់ខែង ដែលត្រូវបានសាងសង់ឡើងក្នុងសតវត្សរ៍ទី១០៕