ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខណៈ​ភ្លើង​ឆេះព្រៃ​នៅ​រដ្ឋ California នៅ​បន្ត អាជ្ញាធរ​ព្យាករ​ថា ​ខ្យល់​បក់​ខ្លាំង​នឹង​ធ្វើឲ្យ​ភ្លើង​កាន់តែ​ឆេះ​រាលដាល


អគារ​ដែល​ធ្លាប់​ជា​ភោជនីយដ្ឋាន និង​ហាងកាហ្វេ​ត្រូវបាន​បំផ្លាញ​ដោយ​អគ្គិភ័យ​នៅតំបន់ Palisades រដ្ឋកាលីហ្វ័រញ៉ា កាលពី​ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៥។
អគារ​ដែល​ធ្លាប់​ជា​ភោជនីយដ្ឋាន និង​ហាងកាហ្វេ​ត្រូវបាន​បំផ្លាញ​ដោយ​អគ្គិភ័យ​នៅតំបន់ Palisades រដ្ឋកាលីហ្វ័រញ៉ា កាលពី​ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៥។

ក្រុម​អ្នកពន្លត់​អគ្គិភ័យ​នៅ​រដ្ឋ California ប៉ែក​ខាងត្បូង​កំពុង​ប្រឹងប្រែង​ពន្លត់​ភ្លើង​ឆេះព្រៃ​ជាច្រើន​កន្លែង​នៅ​ក្នុង​ស្រុក Los Angeles កាលពី​ថ្ងៃចន្ទ ខណៈ​ទីភ្នាក់ងារ​ព្យាករ​ធាតុអាកាស​អាមេរិក​ព្រមាន​ថា​អាច​នឹង​មាន​ខ្យល់​បក់​ខ្លាំង​ម្តងទៀត​ដែល​អាច​ធ្វើ​ឲ្យ​ភ្លើង«ឆេះ​កាន់តែ​រាលដាល​សន្ធោសន្ធៅ»។

ការ​ព្រមាន​អំពី​ខ្យល់​បក់​ខ្លាំង​ថ្មី​នេះ ដោយ​ការ​ព្រួយបារម្ភ​ខ្លាំង​បំផុត​គឺ​ថា វា​អាច​នឹង​កើតឡើង​នៅ​ថ្ងៃ​អង្គារ​នេះត្រូវគេ​រំពឹង​ថា​នឹង​មាន​ខ្យល់​បោកបក់​ថេរ​ក្នុង​ល្បឿន ៨០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​និង​សន្ទុះ​ខ្យល់​ក្នុង​ល្បឿន​រហូត​ដល់​ទៅ​ប្រហែល ១១០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ នេះ​បើ​យោង​តាម​ការ​ព្រមាន​ពី​ទីភ្នាក់ងារ​ជាតិ​ធាតុអាកាស​អាមេរិក (National Weather Service)។

ខ្យល់​ខ្លាំង​និង​ស្ថានភាព​ស្ងួត​ក្នុង​តំបន់​ដែល​គ្មាន​ភ្លៀង​ធ្លាក់​ជាង ៨ ខែ​កន្លង​មក​នេះ​បាន​ធ្វើ​ឲ្យ​ភ្លើង​ឆេះ​កាន់តែ​ខ្លាំង​ដែល​បាន​សម្លាប់​មនុស្ស​អស់​យ៉ាងតិច ២៤ នាក់​និង​បាន​បង្ក​ការ​ខូចខាត​គិត​ជា​ទឹកប្រាក់​អស់​រាប់​ពាន់​លាន​ដុល្លារ​ចាប់តាំង​ពី​ភ្លើង​ឆេះព្រៃ​ទាំងនេះ​បាន​ចាប់ផ្តើម​កាល​ពី​មួយ​សប្តាហ៍​មុន​មក។

មនុស្ស ៨ នាក់​បាន​ស្លាប់​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​នៅ​ក្នុង​តំបន់ Pacific Palisades។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អាជ្ញាធរ។ មនុស្ស ១៦ នាក់​ទៀត​បាន​ស្លាប់​ដោយសារ​ភ្លើង​ឆេះព្រៃ​នៅ​ភាគ​ខាង​ជើង​តំបន់ Pasadena និង​តំបន់ Altadena ដែល​ភ្លើង​ឆេះ​នេះ​ត្រូវបាន​ពន្លត់ ២៧% និង​បាន​ឆេះ​ព្រៃ​អស់​ជិត ៦០ គីឡូម៉ែត្រ​ការ៉េ។

ក្នុង​ចំណោម​តំបន់​សំខាន់ៗ​ទាំង ៣ ដែល​ភ្លើង​នៅ​ឆេះ​នៅឡើយ​ក្នុង​តំបន់​ស្រុក Los Angeles មន្ទីរ​គ្រប់គ្រង​ព្រៃឈើ​និង​អគ្គិភ័យ​រដ្ឋ California (Cal Fire) បាន​បញ្ជាក់​កាលពី​យប់​ថ្ងៃ​អាទិត្យ​ថា​ភ្លើងឆេះ​នៅ​តំបន់ Pacific Palisades ត្រូវបាន​ពន្លត់ ១៣% និង​បាន​ឆេះ​ព្រៃ​ទំហំ ៩៦ គីឡូម៉ែត្រ​ការ៉េ។ Cal Fire បាន​បន្ថែម​ថា​ភ្លើងឆេះ​មួយ​ទៀត​នៅ​ក្នុង​តំបន់ Sylmar ត្រូវបាន​ពន្លត់ ៨៩% ហើយ​ក្រោយពី​បាន​ឆេះ​រាលដាល​ជាង ៣ គីឡូម៉ែត្រ​ការ៉េ។

សរុបមក ភ្លើង​ឆេះព្រៃ​ទាំង ៣ កន្លែង​នេះ​បាន​បំផ្លាញ​អគារ​អស់​ជាង ១២.០០០ ខ្នង។ មនុស្ស​ប្រមាណ ១០០.០០០ នាក់​នៅ​ស្ថិត​ក្រោម​បទបញ្ជា​ឲ្យ​ភៀសខ្លួន​ចេញ​ពី​តំបន់​ទាំងនោះ​នៅឡើយ​គិត​ត្រឹម​យប់​ថ្ងៃ​អាទិត្យ ដោយ​អាជ្ញាធរ​និយាយ​ថា​អ្នក​ទាំងនោះ​នឹង​មិន​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​ចូល​ក្នុង​តំបន់​ដែល​មាន​ហានិភ័យ​ភ្លើងឆេះ​ទេ ខណៈ​មាន​ការ​ព្រមាន​ថ្មី​អំពី​ខ្យល់បក់​ខ្លាំង​នៅ​ថ្ងៃ​អង្គារ​នេះ៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្តី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង Reuters។

XS
SM
MD
LG