អាជ្ញាធរនៅរដ្ឋ California ប៉ែកខាងលិចសហរដ្ឋអាមេរិកថា មនុស្សយ៉ាងតិច ១០ នាក់បានស្លាប់ក្នុងភ្លើងឆេះព្រៃដ៏ធំដែលបានរាលដាលបំផ្លាញផ្នែកខ្លះនៃទីក្រុង Los Angeles។
អាជ្ញាធរបានបញ្ជាក់ថាចំនួនអ្នកស្លាប់អាចកើនឡើងទៀតពេលភ្លើងឆេះព្រៃនេះត្រូវបានពន្លត់ហើយបុគ្គលិកសង្គ្រោះអាចចូលទៅកាន់កន្លែងដែលឆេះខ្ទេចខ្ទីទាំងនោះបាន។ ប្រតិបត្តិការពន្លត់អគ្គិភ័យបានបន្តរហូតដល់យប់ដោយឧទ្ធម្ភាគចក្រស្រោចទឹកពីលើភ្លើងក្នុងពេលដែលខ្យល់កំពុងស្ងប់មួយរយៈ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានថ្លែងក្នុងសន្និសីទកាសែតមួយនៅសេតវិមានកាលពីរសៀលថ្ងៃព្រហស្បតិ៍ថា ធនធាននិងថវិកាបន្ថែមពីរដ្ឋាភិបាលសហព័ន្ធត្រូវបានផ្តល់ដល់រដ្ឋ California ដើម្បីប្រយុទ្ធនឹងភ្លើងឆេះព្រៃទាំងនេះដែលលោកហៅថាជា «អគ្គិភ័យដ៏អាក្រក់បំផុតដែលឆេះនៅក្រុង Los Angeles»។
លោកប្រធានាធិបតីថាថវិកានោះនឹងត្រូវប្រើសម្រាប់ទូទាត់ថ្លៃចំណាយទាំងអស់រយៈពេល ១៨០ ថ្ងៃលើជម្រកស្នាក់នៅបណ្តោះអាសន្ន ការរើសម្ភារៈគ្រោះថ្នាក់ចេញ ប្រាក់ខែក្រុមអ្នកជួយសង្គ្រោះបន្ទាន់ និងវិធានការការពារជីវិត។
អនុប្រធានាធិបតីអាមេរិកអ្នកស្រី Kamala Harris ដែលជាអតីតសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកតំណាងរដ្ឋ California ក៏បាននិយាយក្នុងសន្និសីទកាសែតនោះដែរ។ អ្នកស្រីបានហៅស្ថានការណ៍នៅរដ្ឋ California នេះថាជាស្ថានការណ៍ «មហាវិនាស» និងជា «អ្វីមួយដែលនឹងជះឥទ្ធិពលរាប់ខែរាប់ឆ្នាំទៅមុខទៀត»។
អាជ្ញាធរថាភ្លើងឆេះព្រៃដែលឆេះនៅក្នុងនិងជុំវិញទីក្រុង Los Angelesនោះបាននាំឲ្យមានការជម្លៀសប្រជាជនជិត ១៨០.០០០ នាក់ បានបំផ្លាញផ្ទះរាប់ពាន់ខ្នង និងបានឆេះព្រៃអស់រាប់ម៉ឺនហិកតា៕
ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP និងទីភ្នាក់ងារសារព័ត៌មាន Reuters។
វេទិកាបញ្ចេញមតិ