យោធាសហរដ្ឋអាមេរិក បានប្រាប់ឲ្យដឹងថា ទាហានរបស់ខ្លួនចំនួន១១នាក់ បានស្ថិតនៅក្នុងមន្ទីរពេទ្យបន្ទាប់ពីបង្ហាញនូវរោគសញ្ញារបួសខួរក្បាល បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់កាលពីសប្តាហ៍មុនលើបន្ទាយរបស់អ៊ីរ៉ង់ដែលកងទ័ពសហរដ្ឋអាមេរិកបោះទីតាំងនៅទីនោះ។
ការវាយប្រហារដោយកាំជ្រួចបាល់លីស្ទិករបស់អ៊ីរ៉ង់លើទីតាំងអ៊ីរ៉ាក់២ ជាការសងសឹកចំពោះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកដែលបានសម្លាប់ឧត្តមសេនីយ៍ Qassem Soleimani មេបញ្ជាការកំពូលនៃកងឆ្មាំការពារបដិវ្តិន៍អ៊ីស្លាមអ៊ីរ៉ង់។
លោកអនុសេនីយ៍ឯក Bill Urban អ្នកនាំពាក្យទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បត៍ថា៖ «ខណៈដែល មិនមានទាហានសហរដ្ឋអាមេរិកត្រូវបានសម្លាប់នៅក្នុងការវាយប្រហារថ្ងៃទី៨ ខែមករា លើទីតាំង Al Asad ទាហានជាច្រើននាក់ ត្រូវបានព្យាបាលរោគសញ្ញារបួសខួរក្បាលបណ្ដាលមកពីការផ្ទុះហើយពួកគេស្ថិតនៅក្នុងការវាយតម្លៃនៅឡើយ»។
ទាហានទាំងអស់នោះ បានស្ថិតនៅក្នុងមន្ទីរពេទ្យក្នុងប្រទេសអាល្លឺម៉ង់និងកូវ៉ែត។
លោក Urban និយាយទៀតថា៖ «នៅពេលដែលមានសុខភាពល្អត្រូវបំពេញភារកិច្ច ទាហានទាំងអស់នោះត្រូវគេរំពឹងនឹងវិលត្រឡប់ទៅកាន់ប្រទេសអ៊ីរ៉ាក់វិញ»។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយបន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ថា មិនមានកងកម្លាំងសហរដ្ឋអាមេរិករងរបួសទេ។ ប៉ុន្មានម៉ោងក្រោយការវាយប្រហារមីស៊ីលរបស់អ៊ីរ៉ង់លើកងកម្លាំងសហរដ្ឋអាមេរិកក្នុងប្រទេសអ៊ីរ៉ាក់ ឆ្មាំការពារបដិវត្តន៍អ៊ីរ៉ង់ បានច្រឡំបាញ់យន្តហោះអាកាសចរណ៍អន្តរជាតិអ៊ុយក្រែននៅក្នុងរដ្ឋធានីតេហេរ៉ង់ សម្លាប់មនុស្ស១៧៦នាក់នៅលើយន្តហោះនោះ៕