ស្រាដោយឥតគិតថ្លៃនិងត្រូវឆ្នោតមួយលានដុល្លារមិនមែនជាហេតុផលនាំឱ្យអត្រានៃការចាក់វ៉ាក់សាំងកូវីដ១៩បានកើនឡើងបីដងក្នុងរយៈពេលមួយខែចុងក្រោយនេះនៅរដ្ឋ Louisiana សហរដ្ឋអាមេរិកដែលស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំងនោះទេ។ អ្នកជំនាញនិយាយថាមូលហេតុចម្បងមិនមែនជាការលើកទឹកចិត្តនៅទូទាំងរដ្ឋនោះទេប៉ុន្តែមកពីកំណើនគួរឱ្យព្រួយបារម្ភនៃវីរុសកូរ៉ូណាប្រភេទដែលតា(delta) និងចំនួនឆ្លងនៃអ្នកជំងឺវ័យក្មេង។
រដ្ឋ Louisiana ស្ថិតក្នុងចំណោមរដ្ឋដែលមានការចាក់វ៉ាក់សាំងតិចបំផុតនៅក្នុងសហរដ្ឋអាមេរិក។ប៉ុន្តែចំនួនមនុស្សដែលទៅចាក់វ៉ាក់សាំងនេះបានកើនឡើងយ៉ាងខ្លាំងក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះដោយសារវីរុសប្រភេទដែលតាដែលបានឱ្យចំនួនឆ្លងកើនឡើង៧ដង។
ឥឡូវរដ្ឋនេះមានអត្រាឆ្លងជាមធ្យមខ្ពស់បំផុតក្នុងប្រទេសរយៈពេល៧ថ្ងៃនេះបើធៀបនឹងអត្រាចំនួនប្រជាជនហើយ «កំណើនអ្នកជំងឺចូលមន្ទីរពេទ្យគួរឱ្យចាប់អារម្មណ៍និងភ័យខ្លាច»។ នេះបើតាមប្រធានផ្នែកជំងឺឆ្លងលោក Julio Figueroa នៅសាលាវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Louisiana។
លោក Figueroa បានប្រាប់វីអូអេថា៖ «គ្មានការសង្ស័យទេថាការភ័យខ្លាចជំរុញការចាក់វ៉ាក់សាំងកូវីដ១៩ខ្លាំងជាងការលើកទឹកចិត្ត។ហើយខ្ញុំអាចប្រាប់អ្នកថាមានរឿងជាច្រើនដែលត្រូវព្រួយបារម្ភអំពីកំណើនការឆ្លងនេះ»៕