ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អភិបាល​រដ្ឋ​ និង​មន្ត្រី​មូលដ្ឋាន​​​ប្រឆាំង​​គ្នា​រឿង​តម្រូវការ​ឲ្យ​ពាក់​ម៉ាស


រូបឯកសារ៖ សិស្ស​វិទ្យាល័យ​ Wylie ​ក្នុង​ក្រុង Wylie ​រដ្ឋ​ Texas សហរដ្ឋ​អាមេរិក ត្រូវ​ពាក់ម៉ាស និង​ត្រូវ​វាស់​កម្ដៅ​ក្នុង​ខ្លួន​មុន​នឹង​ចូល​រៀន ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០។
រូបឯកសារ៖ សិស្ស​វិទ្យាល័យ​ Wylie ​ក្នុង​ក្រុង Wylie ​រដ្ឋ​ Texas សហរដ្ឋ​អាមេរិក ត្រូវ​ពាក់ម៉ាស និង​ត្រូវ​វាស់​កម្ដៅ​ក្នុង​ខ្លួន​មុន​នឹង​ចូល​រៀន ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០។

សាលារៀន​នៅ​ស្រុក​២​ក្នុង​រដ្ឋ​ Texas​ មិន​ស្តាប់តាម​បទ​បញ្ជា​របស់​អភិបាល​រដ្ឋ​លោក ​Greg Abbott​ ដែលហាម​ប្រាម​មិន​ឲ្យ​រដ្ឋបាល​មូលដ្ឋាន​ចេញ​គោល​ការណ៍តម្រូវ​ឲ្យ​ពាក់​ម៉ាស​នោះ​ទេ​ ស្រប​ពេល​ដែល​រដ្ឋនៅ​ភាគ​និរតី​សហរដ្ឋ​អាមេរិកមួយ​នេះប្រឈម​នឹង​ការ​ហក់​ឡើង​ខ្ពស់​នៃ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​នោះ។​

លោក​ Michael Hinojosa ​ប្រធាន​មន្ទីរ​អប់រំ​ក្នុង​ទីក្រុង​ Dallas រដ្ឋ Texas បាន​ប្រកាសនៅ​ថ្ងៃ​ច័ន្ទ​ថា សិស្ស​ ​និង​គ្រូ​ទាំង​អស់​ត្រូវ​ពាក់​ម៉ាស។​ ​ការ​ប្រកាសនេះកើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​ប្រធាន​មន្ទីរ​អប់រំសាល​រដ្ឋ​ក្នុងទីក្រុង ​Houston ​ក្នុង​រដ្ឋTexasដែរ​ ដែល​ជា​ស្រុក​ដែល​មាន​សាលា​រៀន​ជា​ច្រើន​ក្នុង​រដ្ឋនេះ​ បាន​ប្រកាស​ថា​ លោក​នឹងស្នើ​ឲ្យ​គណៈ​អភិបាលស្រុកដើម្បី​ដាក់​ចេញ​វិធាន​ការតម្រូវ​ឲ្យ​ពាក់​ម៉ាស។​

ប្រធាន​គណៈអភិបាលស្រុក ​Dallas ​លោក​ចៅ​ក្រម ​Clay Jenkins​ បាន​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំងបទ​បញ្ជា​នីតិ​ប្រតិបត្តិ​របស់​អភិបាល​រដ្ឋ​ Texas ​ដែល​មិន​ចេញ​វិធានការ​តម្រូវឲ្យពាក់​ម៉ាស​នោះ។ ​

ដូច​រដ្ឋ​ Texas​ ដែរ រដ្ឋ​ ​Florida ​កំពុង​ប្រឈម​ការ​ហក់​ឡើង​ជា​ថ្មី​នៃការ​ឆ្លង​ជំងឺ​កូវីដ​១៩​ ដោយ​៤០%​នៃ​ចំនួន​គ្រែ​អ្នក​ជំងឺក្នុង​បន្ទប់​សង្គ្រោះ​មាន​អ្នកជំងឺ​កូវីដ​១៩។ ​

សារព័ត៌មាន The New York Times ​រាយ​ការណ៍​ថា​ ​សហរដ្ឋ​អាមេរិក​នៅ​ពេល​នេះមាន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​ប្រចាំថ្ងៃ​ជា​មធ្យម​ជាង​១០ម៉ឺន​នាក់ដែល​ជា​តួ​លេខខ្ពស់​បំផុត​ ចាប់​តាំង​ពី​ខែ​កុម្ភៈ​មក។

អ្នក​ជំនាញ​ផ្នែក​សុខភាព​ថា​ ​ការ​កើន​ឡើង​ថ្មី​នេះ​គឺមក​ពីការ​រាលដាល​នៃ​វីរុសកូរ៉ូណា​ប្រភេទ​ដែលតា(delta)​ដែល​ឆ្លង​ខ្លាំង​និង​ការធ្លាក់ចុះ​នៃ​ចំនួន​ជនជាតិ​អាមេរិក​ ដែល​ចង់​ចាក់​វ៉ាក់សាំង។ ​ភាគ​ច្រើន​នៃ​ករណីជំងឺ​កូវីដ​១៩​ថ្មី​គឺ​ជា​កុមារ​តូចៗ​ដែល​មិន​ទាន់​អាច​ចាក់​វ៉ាក់សាំង​បាន។ នេះ​បើ​តាម​កាសែត​ The New York Times៕

XS
SM
MD
LG