ប្រទេសមីយ៉ាន់ម៉ា និយាយថា កងទ័ពជើងទឹករបស់ខ្លួនបាន ជួយសង្គ្រោះជនទេសន្តរប្រវេសន៍ ២០៨ នាក់ នៅលើនាវានេសាទត្រី ២ គ្រឿង នៅតាមឆ្នេរសមុទ្រភាគខាងលិចរបស់ខ្លួន។
លោក Zaw Htay នាយកការិយាល័យលោកប្រធានាធិបតីបាននិយាយថា ជនទេសន្តរប្រវេសន៍ទាំងនោះជាជនជាតិបង់ក្លាដែស។ មន្រ្តីភូមាមិនទទួលស្គាល់ជនភាគតិច Rohingya ដែលកាន់សាសនាអ៊ីស្លាមទេ ហើយចាត់ទុកជនទាំងនេះថា ជាជនអន្តោប្រវេសន៍ខុសច្បាប់មកពីប្រទេសបង់ក្លាដែស។
គេបានរកឃើញនាវាទាំងពីរគ្រឿងកាលពីថ្ងៃព្រហស្បតិ៍ នៅតាមឆ្នេរសមុទ្រនៃរដ្ឋ Rakhine ជាទីកន្លែងដែលពួក Rohingya បានគេចរត់ចេញពីការធ្វើទុក្ខបុកម្នេញ។
មន្ត្រីមីយ៉ាន់ម៉ានិយាយថា ជនជាតិបង់ក្លាដែសបានក្លែងខ្លួនជាពួក Rohingya ដើម្បីឲ្យបានទទួលជំនួយពីអ.ស.ប។
អាជ្ញាធរនិយាយថា កងទ័ពជើងទឹកភូមានឹងផ្តល់ជំនួយមនុស្សធម៌ ធ្វើការបញ្ជាក់អត្តសញ្ញាណ ហើយបញ្ជូនជនទាំងនោះឲ្យត្រឡប់ទៅទីកន្លែងដើមរបស់ពួកគេវិញ៕