ក្រុមមន្រ្តីសហរដ្ឋអាមេរិកបានប្រឈមនឹងការសាកសួរនៅថ្ងៃច័ន្ទនៅក្នុងទីក្រុងហ្សឺណែវ អំពីការប្រើប្រាស់ទោសប្រហារជីវិត ការប្រើកម្លាំងហួសរបស់ប៉ូលីស ហើយនិងវិធានការសន្តិសុខជាតិ នៅពេលដែលក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិធ្វើការពិនិត្យសើរើការអនុវត្តសិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិកនោះ។
លោក Jame Cadoganមន្រ្តីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានលើកឡើងពីករណីល្បីល្បាញមួយចំនួនដែលពាក់ព័ន្ធនឹងប៉ូលីសសម្លាប់បុរសជនជាតិស្បែកខ្មៅដែលមិនមានអាវុធ ដោយនិយាយថា សហរដ្ឋអាមេរិកត្រូវតែធ្វើឲ្យមានភាពប្រសើរឡើងដើម្បីលើកស្ទួយសិទ្ធិពលរដ្ឋ។
លោក Cadoganមានប្រសាសន៍ទៀតថា «ព្រឹត្តិការណ៍ទាំងនេះជំរុញយើងឲ្យធ្វើការងារប្រសើរឡើងនិងខំធ្វើការកាន់តែខ្លាំងឡើង ដើម្បីឲ្យមានការជឿនលឿន។
ការប្រើប្រាស់ទោសប្រហារជីវិតនៅក្នុងសហរដ្ឋអាមេរិក ក៏បានទាក់ទាញឲ្យមានការយកចិត្តទុកដាក់ខ្លាំងផងដែរ ដោយប្រទេសនានាធ្វើការអំពាវនាវឲ្យលុបចោលទោសប្រហារជីវិត ហើយប្រទេសផ្សេងទៀតនិយាយថា សហរដ្ឋអាមេរិក ចាំបាច់ចាត់វិធានការជាអប្បរមាដើម្បីធ្វើឲ្យប្រាកដថា ក្រុមអ្នកទោសដែលជាជនពិការខ្សោយសតិបញ្ញាមិនត្រូវបានប្រហារជីវិតទេ។
នៅក្នុងការឆ្លើយតបទៅនឹងសំណួរអំពីការធ្វើបាបពលករចំណាកស្រុក គណៈប្រតិភូសហរដ្ឋអាមេរិកបានសន្យាថា នឹងខិតខំការពារសិទ្ធិរបស់ពួកគេ រួមទាំងបញ្ចៀសមិនកេងផលប្រយោជន៍ពីកូនក្មេងផង៕