ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានជួបប្រជុំតាមអនឡាញកាលពីរសៀលថ្ងៃត្រង់ថ្ងៃចន្ទជាមួយមេដឹកនាំអឺរ៉ុបសំខាន់ៗអំពីការគំរាមកំហែងបន្តកើតមានឡើងនៃការ ឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែននៅពេលដែលលោកថ្លឹងថ្លែងពីការបញ្ជូនកង ទ័ពសហរដ្ឋអាមេរិករាប់ពាន់នាក់ទៅកាន់តំបន់បាល់ទិកនិងអឺរ៉ុបខាងកើត។
លោកប្រធានាធិបតី Biden បានប្រាប់ពួកអ្នកយកព័ត៌មានបន្ទាប់ពីជំនួបតាមអនឡាញជា មួយមេដឹកនាំសម្ព័ន្ធមិត្តមកពីអឺរ៉ុប សហភាពអឺរ៉ុបនិងអង្គការអូតង់ថា «ខ្ញុំមានជំនួបដ៏ល្អ ដោយមានការមូលមតិយ៉ាងល្អបំផុតជាមួយមេដឹកនាំអឺរ៉ុប»។
ការិយាល័យរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Boris Johnson បានចេញសេចក្តីថ្លែងការណ៍មួយដែលបានគាំទ្រជំនួបរបស់លោក Biden ដោយបានបញ្ជាក់ថា៖ «ពួកមេដឹកនាំបានព្រមព្រៀងគ្នាអំពីសារៈសំខាន់នៃសាមគ្គីភាពរបស់អន្តរជាតិនៅក្នុងការប្រឈមការកើនឡើងនៃអរិភាពរបស់រុស្ស៊ី»។
លោក Biden មិនបានសម្រេចថាតើនឹងបញ្ជូនឧបករណ៍យោធានិងបុគ្គលិកសហរដ្ឋអាមេរិកទៅកាន់តែជិតប្រទេសរុស្ស៊ីដែរឬទេ។ ក៏ប៉ុន្តែ អ្នកនាំពាក្យសេតវិមានលោកស្រី Jen Pasaki បាននិយាយមុនជំនួបជាមួយពួកមន្ត្រីអឺរ៉ុបថា សហរដ្ឋអាមេរិកជានិច្ចកាលបាននិយាយថា យើងគាំទ្រសម្ព័ន្ធមិត្តនៅព្រំដែនផ្នែកខាងកើតជាមួយរុស្ស៊ី។
រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បានដាក់បុគ្គលិកយោធាសហរដ្ឋអាមេរិកចំនួន៨ពាន់៥រយនាក់ឲ្យស្ថិតនៅក្នុងការប្រុងប្រយ័ត្នដែលត្រូវដាក់ពង្រាយនៅតំបន់អឺរ៉ុបខាងកើតជាទីកន្លែងភាគច្រើនអាចមានសកម្មភាពដែលជាផ្នែកមួយនៃកងកម្លាំងឆ្លើយតបរបស់អង្គការអូតង់ ប្រសិនបើ រុស្ស៊ីឈ្លានពានអ៊ុយក្រែននោះ។
អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីលោក Dmitry Peskov បានចោទប្រកាន់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអង្គការអូតង់របស់អាមេរិកថា បានពង្រីកភាពតានតឹង។
សេតវិមាន បានចេញសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីជំនួបនោះថា «ក្រុមមេដឹកនាំ ក៏បានពិភាក្សាពីការខំប្រឹងប្រែងរួមរបស់ខ្លួនដើម្បីកំញើញការឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន រួមទាំងការប្រុងប្រៀបការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏ខ្លាំងលើប្រទេសរុស្ស៊ីដូចជាការពង្រឹងសន្តិសុខនៅព្រំដែនផ្នែកខាងកើតរបស់អង្គការអូតង់ជាដើម»។
ក្រុមមន្ត្រីសហរដ្ឋអាមេរិកនិងរុស្ស៊ី មានជំនួបទុលមុខគ្នាចំនួន៤ដងក្នុងរយៈពេល២សប្តាហ៍កន្លងមកនេះអំពីការព្រួយកង្វល់របស់ប្រទេសលោកខាងលិចអំពីការគំរាមកំហែងនៃការ ឈ្លានពានរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនហើយនឹងការភ័យខ្លាចរបស់រុស្ស៊ីអំពីកិច្ចប្រតិបត្តិការរបស់អង្គការអូតង់នៅក្នុងតំបន់អឺរ៉ុបខាងកើត ហើយលោកប្រធានាធិបតី Biden ក៏បានពិភាក្សាដោយផ្ទាល់ជាមួយសម្ព័ន្ធមិត្តអឺរ៉ុបដែរ៕