ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​អាច​ប្រឈម​នឹង​ទណ្ឌកម្ម​ថ្មី ក្រោយ​មរណភាព​លោក Navalny


រូបឯកសារ៖ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថ្លែងទៅកាន់​និស្សិត​និង​បុគ្គលិក​នៃ​រោងចក្រ​ Chelyabinsk Forge-and-Press នៅទីក្រុង Chelyabinsk ប្រទេសរុស្ស៊ី កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។ (Alexander Ryumin, Sputnik, Kremlin Pool Photo via AP)
រូបឯកសារ៖ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថ្លែងទៅកាន់​និស្សិត​និង​បុគ្គលិក​នៃ​រោងចក្រ​ Chelyabinsk Forge-and-Press នៅទីក្រុង Chelyabinsk ប្រទេសរុស្ស៊ី កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។ (Alexander Ryumin, Sputnik, Kremlin Pool Photo via AP)

យោធា​អ៊ុយក្រែនរាយការណ៍​ពី​ការ​វាយប្រហារ​ថ្មីៗ​ដោយ​ដ្រូន​របស់​រុស្ស៊ីនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ខណៈ​សម្ពាធ​មានកាន់​តែ​ខ្លាំង​ឡើង​លើការ​ដាក់​ទណ្ឌកម្ម​ជា​ថ្មី​លើ​ប្រទេស​រុស្ស៊ី ជុំវិញ​ការ​ស្លាប់​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​រុស្ស៊ី​លោក​ Alexey Navalny​ ក្នុងពន្ធនាគារ។

កងកម្លាំង​ការពារ​ដែន​អាកាស​អ៊ុយក្រែន​និយាយ​ថា​ ​ ប្រព័ន្ធការពារ​ដែន​អាកាស​របស់ខ្លួន​ បាន​បាញ់​ទម្លាក់ដ្រូន​រុស្ស៊ី​ទាំង​២៣គ្រឿង​ដែលបានវាយប្រហារ​នោះ។​ ការ​ស្ទាក់​បាញ់​ទម្លាក់​ដ្រូន​រុស្ស៊ី​ទាំង​នេះត្រូវ​បាន​ធ្វើ​ឡើង​នៅ​លើ​តំបន់​ជា​ច្រើន​ក្នុង​ប្រទេស​អ៊ុយក្រែន ដែល​រួម​មាន​តំបន់ Kharkiv តំបន់​ Dnipropetrovsk តំបន់​ Kherson និង​តំបន់ Mykolaiv។

ការ​វាយប្រហារ​របស់​រុស្ស៊ី​ក៏​រួម​មានមីស៊ីល​នាំ​ផ្លូវ​ ៤ គ្រាប់​ផង​ដែរ។ គេ​នៅ​មិន​ទាន់​ឃើញ​មាន​របាយការណ៍​ភ្លាមៗស្តីពីការខូចខាត​ឬ​មនុស្ស​រងគ្រោះ​នោះ​ឡើយ។ ​

នាយករដ្ឋមន្ត្រី​អ៊ុយក្រែន​លោក​ Denys Shmyhal បាន​ជំរុញ​ដល់​ប្រទេស​ជប៉ុន​និង​សហភាព​អឺរ៉ុបនៅ​ថ្ងៃ​ចន្ទ​នេះ​ ឱ្យ​ដាក់​ទណ្ឌកម្ម​ជា​ថ្មី​ទៀត​ដល់ប្រទេស​រុស្ស៊ី។​

ប្រធាន​គោលនយោបាយ​ការបរទេសសហភាព​អឺរ៉ុប​ លោក ​Josep Borrell​ និយាយ​នៅ​ថ្ងៃ​ចន្ទនេះ​ថា​ ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin នឹង​ត្រូវដាក់​ឱ្យ​ទទួល​ខុសត្រូវ​លើ​ការ​ស្លាប់​មេដឹកនាំ​បក្សប្រឆាំង​រុស្ស៊ី​ ​លោក​ Navalny​ ។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក Joe Biden និយាយកាល​ពី​ថ្ងៃ​ចន្ទ​ថា​ ​រដ្ឋបាល​របស់​លោកកំពុង​ពិចារណា​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​រុស្ស៊ី​ ហើយ​លោក​បានស្តីបន្ទោស​ប្រធានាធិបតី​រុស្ស៊ី​លោក​ Vladimir Putin​ និង​ជន​ដៃដល់​របស់មេដឹកនាំ​រុស្ស៊ីរូប​នេះ​ ជុំវិញ​ការស្លាប់របស់​លោក​ Navalny កាល​ពី​សប្តាហ៍​មុន។​

ការ​ស្លាប់​របស់​លោក Navalny កើត​មាន​ឡើងខណៈ​ដែល​លោក Biden​ កំពុង​ប្រឹងប្រែងដើម្បីជំរុញ​ឱ្យ​មាន​ការ​អនុម័តកញ្ចប់​ជំនួយ​ថវិកា ​៩៥ ពាន់​លានដុល្លារ​ លើជំនួយសន្តិសុខ​អន្តរជាតិសម្រាប់​ប្រទេស​អ៊ុយក្រែន​ អ៊ីស្រាអែល​និង​កោះតៃវ៉ាន់​ តាម​រយៈ​សភា​អាមេរិក​ ដោយ​មាន​ការប្រឆាំង​ពី​សមាជិកសភា​នៃ​គណបក្ស​សាធារណរដ្ឋ​ជា​ច្រើន​នាក់៕​

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, Reuters និង​ AFP

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG