គណៈកម្មាធិការទទួលបន្ទុកកិច្ចការបរទេសនៃព្រឹទ្ធសភាអាមេរិក នៅថ្ងៃអង្គារនេះ គ្រោងនឹងបើកសវនាការលើសំណើរបស់សេតវិមានក្នុងការតែងតាំងលោក W. Patrick Murphy ជាឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា ក្រោយពីលោក William A. Heidt បានបញ្ចប់អាណត្តិផ្លូវការរបស់លោកកាលពីសប្ដាហ៍មុន។
លោក W. Patrick Murphy បច្ចុប្បន្នគឺជាឧបការីរងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិកនៃក្រសួងការបរទេសសហរដ្ឋអាមេរិក។
មុនមកកាន់ដំណែងនេះចាប់តាំងពីឆ្នាំ២០១៦មក លោកW. Patrick Murphy ធ្លាប់ធ្វើជាភារធារីនិងអនុប្រធានបេសកកម្មការទូតប្រចាំប្រទេសថៃ ចាប់ពីឆ្នាំ២០១៣ ដល់២០១៦ និងប្រទេសឡេសូតូ ដែលស្ថិតនៅប៉ែកខាងត្បូងប្រទេសអាហ្វ្រិកខាងត្បូង ចាប់ពីឆ្នាំ២០០៦ ដល់២០០៨។ នេះបើយោងតាមក្រសួងការបរទេសសហរដ្ឋអាមេរិក។
អ្នកជំនាញកិច្ចការតំបន់អាស៊ីអាគ្នេយ៍ជាច្រើនឆ្នាំរូបនេះ បានបញ្ចប់កិច្ចការទូតរបស់លោកនៅតាមបណ្ដាប្រទេសជាច្រើនដូចជាភូមា ចិន អ៊ីរ៉ាក់ ហ្គីណេនិងម៉ាលី ចាប់តាំងពីលោកបានចូលបម្រើការងារក្នុងក្រសួងការបរទេសអាមេរិកតាំងពីឆ្នាំ១៩៩២មក។
លោក W. Patrick Murphy បានធ្វើដំណើរជាច្រើនដងទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ហើយគ្រាន់តែឆ្នាំ២០១៧កន្លងទៅនេះ លោកបានទៅបំពេញទស្សនកិច្ចការងារយ៉ាងហោចណាស់ពីរដងនៅកម្ពុជា។
អ្នកការទូតចាស់វស្សារូបនេះ ទទួលបានសញ្ញាប័ត្រថ្នាក់អនុបណ្ឌិតខាងទំនាក់ទំនងអន្តរជាតិពីសាកលវិទ្យាល័យ Johns Hopkins University និងសញ្ញាប័ត្រថ្នាក់អនុបណ្ឌិតខាងយុទ្ធសាស្ត្រសន្តិសុខជាតិពីមហាវិទ្យាល័យ National War College។ នេះបើផ្អែកតាមប្រវត្តិរូបសង្ខេបរបស់លោកដែលចេញផ្សាយដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។
លោកឯកអគ្គរដ្ឋទូត William A. Heidt បានថ្លែងក្នុងបទវិចារមួយដែលត្រូវបានបង្ហោះ លើទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតអាមេរិក មុនបញ្ចប់បេសកកម្មការទូតជាផ្លូវការរបស់លោកនៅកម្ពុជា យ៉ាងដូច្នេះថា៖
«លោក Patrick គឺជាបេក្ខជនតែងតាំងដ៏ល្អបំផុត។ លោកមានប្រវត្តិលេចធ្លោនៅក្នុងការងារ ស្គាល់តំបន់អាស៊ីអាគ្នេយ៍ច្បាស់ ហើយដឹងពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់នេះយ៉ាងច្បាស់»។
បន្ទាប់ពីសាកសួរលោក W. Patrick Murphy រួចហើយ គណៈកម្មាធិការទទួលបន្ទុកកិច្ចការបរទេសនៃព្រឹទ្ធសភាអាមេរិក នឹងបញ្ជូនសំណើតែងតាំងនេះ ទៅកាន់ព្រឹទ្ធសភាអាមេរិកទាំងមូល ដើម្បីបោះឆ្នោត អនុម័ត។
ប្រសិនបើសំណើតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជានេះ ត្រូវបានព្រឹទ្ធសភាអនុម័តមែននោះ លោក W. Patrick Murphy នឹងទៅជំនួសលោក William A. Heidt សម្រាប់អាណត្តិរយៈពេល៣ឆ្នាំបន្ទាប់ទៀត៕