បេក្ខជនឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជាគឺលោក W. Patrick Murphy បានសម្ដែងការប្ដេជ្ញាចិត្តនៅចំពោះមុខគណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃអង្គារថា លោកនឹងធ្វើការជាមួយភាគីពាក់ព័ន្ធនានា ដើម្បីជំរុញឱ្យអាជ្ញាធរកម្ពុជា ពង្រីកលំហសេរីភាពសារព័ត៌មានឯករាជ្យក្នុងប្រទេសនោះ។
ការប្ដេជ្ញាចិត្តនេះ ធ្វើឡើងក្នុងអំឡុងពេលសវនាការរបស់គណៈកម្មាធិការនេះ ដើម្បីសាកសួររូបលោកអំពីគោលជំហរ និងការតាំងចិត្តរបស់លោក ប្រសិនបើលោកត្រូវបានអនុម័ត ជាឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំកម្ពុជា។
ឆ្លើយតបនឹងសំណួររបស់សមាជិកម្នាក់នៃគណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភាគឺលោក Ed Markeyមកពីរដ្ឋម៉ាស្សាឈូសិត អំពីគោលជំហររបស់លោកក្នុងការដោះស្រាយការវាយប្រហាររបស់រដ្ឋាភិបាលកម្ពុជាទៅលើសំឡេងឯករាជ្យជាពិសេសសារព័ត៌មានសេរីក្នុងប្រទេសកម្ពុជានោះ លោក W. Patrick Murphy បានមានប្រសាសន៍យ៉ាងដូច្នេះថា៖
«ប្រសិនបើព្រឹទ្ធសភាអនុម័តបេក្ខភាពរបស់ខ្ញុំ ខ្ញុំនឹងពាំនាំសារដ៏ខ្លាំងនេះពីសភានិងរដ្ឋបាលសហរដ្ឋអាមេរិក ហើយនិងធ្វើការជាមួយភាគីទាំងអស់រួមទាំងអង្គការសង្គមស៊ីវិល និងដៃគូអង្គការអន្តរជាតិនានា ដើម្បីជំរុញយ៉ាងខ្លាំងក្លា ឱ្យអាជ្ញាធរ បើកឡើងវិញនិងពង្រីកលំហសម្រាប់ប្រព័ន្ធផ្សព្វផ្សាយនេះ»។
តាំងពីឆ្នាំមុនមក ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យ ដែលនៅសេសសល់តែបន្តិចបន្តួចក្នុងប្រទេសកម្ពុជា បានរងការគាបសង្កត់និងរឹតត្បិតសេរីភាពពីសំណាក់រដ្ឋាភិបាលកម្ពុជា ដោយក្នុងនោះ កាសែតឌឹខែមបូឌាដេលី និងការិយាល័យរបស់វិទ្យុអាស៊ីសេរីក្នុងទីក្រុងភ្នំពេញ បានបង្ខំចិត្តបិទលែងដំណើរការក្នុងប្រទេសតទៅទៀត។ ទោះបីជាការិយាល័យវីអូអេក្នុងប្រទេសកម្ពុជា មិនត្រូវបានបិទក៏ដោយ ក៏ស្ថានីយវិទ្យុក្នុងស្រុក ត្រូវបានរដ្ឋាភិបាលបង្គាប់ឬហាមប្រាណមិនឱ្យផ្សាយបន្តកម្មវិធីផ្សាយរបស់ស្ថាប័នសារព័ត៌មានដែលគាំទ្រថវិកាដោយសហរដ្ឋអាមេរិកនេះដែរ។
ទន្ទឹមពេលជាមួយគ្នានោះ គណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងដ៏ធំ ក៏ត្រូវបានរំលាយ ហើយក្រុមអង្គការសង្គមស៊ីវិលខ្លះដែលសកម្ម ក៏ត្រូវបានបិទ ឬបង្ខំឱ្យផ្អាកសកម្មភាពរបស់ពួកគេ ខណៈដែលក្រុមអ្នករិះគន់រដ្ឋាភិបាលមួយចំនួន ព្រមទាំងអ្នកសារព័ត៌មាននិងអ្នកថតភាពយន្តឯកសារឯករាជ្យផង ត្រូវបានចាប់ខ្លួនឬត្រូវបង្ខំចិត្តចាកចេញពីប្រទេស ដើម្បីគេចពីការចាប់ខ្លួនជាយថាហេតុណាមួយ។
លោកW. Patrick Murphyដែលនឹងទៅជំនួសលោក William A. Heidt ប្រសិនបើសំណើតែងតាំងរូបលោកជាឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា ត្រូវបានព្រឹទ្ធសភាអនុម័តនោះ មានប្រសាសន៍ថា ស្ថានភាពនៃសេរីភាពសារព័ត៌មាន សង្គមស៊ីវិលនិងគណបក្សនយោបាយដែលបានធ្លាក់ចុះដុនដាបនៅកម្ពុជាក្នុងរយៈពេល១៨ខែចុងក្រោយនេះ បានធ្វើឱ្យសហរដ្ឋអាមេរិកខកចិត្តយ៉ាងខ្លាំង។
«ការឭសំឡេងដ៏ខ្លាំងពីស្ថាប័នសភាអាមេរិកនេះ ជួយពួកយើងយ៉ាងច្រើន ហើយប្រសិនបើត្រូវបានអនុម័តមែននោះ នេះគឺជាសារមួយដែលខ្ញុំនឹងពាំនាំទៅថា សហរដ្ឋអាមេរិក មានជំហររួមគ្នាគួរសម។ យើងចង់ឃើញការប្ដូរស្ថានភាពដុនដាបក្នុងប្រទេសកម្ពុជាឡើងវិញ ដើម្បីឱ្យកម្ពុជា អាចបន្តកំណើននិងពង្រីកវិសាលភាពនយោបាយរបស់ខ្លួនបាន»។
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន បានទម្លាក់ចំណាត់ថ្នាក់នៃសេរីភាពសារព័ត៌មានរបស់កម្ពុជារហូតដល់លំដាប់ទី១៤២ ក្នុងចំណោមប្រទេសចំនួន១៨០ ទូទាំងពិភពលោក។ ចំណាត់ថ្នាក់នេះ ធ្វើឱ្យកម្រិតសេរីភាពសារព័ត៌មាននៅកម្ពុជា បានធ្លាក់ចុះ១០កម្រិតថែមទៀត បើធៀបនឹងចំណាត់ថ្នាក់កាលពីឆ្នាំ២០១៧។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ប្រាប់វីអូអេក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃពុធថា រដ្ឋាភិបាល មិនដែលបិទឬទទួលស្គាល់ថាមានសារព័ត៌មានឯករាជ្យណាមួយក្នុងប្រទេសកម្ពុជានោះទេ។
«រាជរដ្ឋាភិបាល មិនដែលមានបំណងឬចេញសេចក្ដីថ្លែងការណ៍មួយបិទសារព័ត៌មានដែលគេតាំងខ្លួនជាសារព័ត៌មានឯករាជ្យនោះទេ។ គ្មានទេ អ្នកសារព័ត៌មានឯករាជ្យនៅលើពិភពលោកនេះ។ មានតែអ្នកសារព័ត៌មានសេរីតែប៉ុណ្ណោះបាទ»។
កាលពីថ្ងៃច័ន្ទ រដ្ឋាភិបាលកម្ពុជា ក៏បានចេញសេចក្ដីថ្លែងការណ៍មួយដោយបង្ហាញជំហរអនុញ្ញាតឱ្យស្ថាប័នសារព័ត៌មាន កាសែតឌឹខេមបូឌាដេលី វិទ្យុអាស៊ីសេរី និងវីអូអេ អាចបើកឬដំណើរការធម្មតាឡើងវិញបានក្នុងប្រទេសកម្ពុជា។
លោកបណ្ឌិត មាស នី អ្នកវិភាគផ្នែកសង្គមនិងនយោបាយក្នុងប្រទេសកម្ពុជា មានប្រសាសន៍ក្នុងបទសម្ភាសន៍ជាមួយវីអូអេកាលពីថ្ងៃពុធថា ទោះបីជាលោកមើលឃើញជំហរចុងក្រោយរបស់រដ្ឋាភិបាលកម្ពុជានេះថាហាក់ដូចជាការទទួលស្គាល់របស់រដ្ឋាភិបាលអំពីការរឹតត្បិតរបស់ខ្លួនទៅលើសេរីភាពសារព័ត៌មានឯករាជ្យក្នុងប្រទេសកម្ពុជាក្នុងឆ្នាំកន្លងមកក៏ដោយ ក៏លោកទទូចឱ្យរដ្ឋាភិបាលធានាឱ្យមានប្រតិបត្តិការនៃសារព័ត៌មានឯករាជ្យនៅកម្ពុជា។
«នៅក្នុងវប្បធម៌ខ្មែរយើង ការទទួលការរិះគន់ពីសារព័ត៌មានឯករាជ្យនេះ ឬក៏ការនិយាយទៅដែលជាចំណុចចន្លោះប្រហោងឬភាពខ្វះខាតរបស់គណបក្សនយោបាយ មិនថាគណបក្សប្រឆាំង មិនថាគណបក្សកាន់អំណាចទេ សុទ្ធតែចាត់ទុកថាជារឿងរសើប ហើយត្រូវតែធ្វើប្រតិកម្មមកវិញ ដោយចោទលាបពណ៌អញ្ចេះ លាបពណ៌អញ្ចុះ»។
លោកបន្ថែមថា លោកចង់ឃើញសហរដ្ឋអាមេរិក«ប្ដេជ្ញាចិត្តឱ្យបានកាន់តែច្រើនថែមទៀត ដោយចូលរួមធ្វើការតាមដាន ដើម្បីត្រួតពិនិត្យអ្នកនយោបាយខ្មែរ ឱ្យធ្វើយ៉ាងម៉េចដើរតាមគន្លងប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស»៕