ក្រសួងការងារសហរដ្ឋអាមេរិកបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ទី ១៨ ខែមីនា ថា ការដាក់ពាក្យសុំប្រាក់ជំនួយពេលគ្មានការងារបានកើនឡើងកាលពីសប្តាហ៍ទី ២ នៃខែមីនា។
ការប្រកាសនេះបានធ្វើឡើងនៅពេលដែលសហរដ្ឋអាមេរិក ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបង្អស់នៅក្នុងពិភពលោក នៅតែបន្តប្រឹងប្រែងដើម្បីងើបឡើងវិញឲ្យបានពេញលេញពីផលប៉ះពាល់ដែលបណ្តាលមកពីវិបត្តិជំងឺកូវីដ១៩។
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបញ្ជាក់ថា អ្នកធ្វើការចំនួន ៧៧០.០០០ នាក់ បានដាក់ពាក្យសុំប្រាក់ជំនួយនេះកាលពីសប្តាហ៍ទី ២ នៃខែមីនា ដែលមានការកើនឡើងចំនួន ៤៥.០០០ នាក់ ពីតួលេខកាលពីមួយសប្តាហ៍មុនពេលនោះ។
និយោជកនៅតាមបណ្ដារដ្ឋជាច្រើននៅក្នុងសហរដ្ឋអាមេរិកនៅតែប្រឈមនឹងការណែនាំឱ្យកាត់បន្ថយប្រតិបត្តិការរបស់ពួកគេ ទោះបីជាអភិបាលរដ្ឋខ្លះបានដកចេញបទបញ្ជាដែលតម្រូវឱ្យពលរដ្ឋពាក់ម៉ាស់ និងអនុញ្ញាតឱ្យអាជីវកម្មនានាបើកដំណើរការពេញលេញឡើងវិញក៏ដោយ។
ទោះជាយ៉ាងណាក៏ដោយ ក៏អត្រាអ្នកមានការងារធ្វើនៅក្នុងសហរដ្ឋអាមេរិកអាចមានភាពប្រសើរជាងមុន នៅពេលកញ្ចប់ថវិកាជំនួយចំនួន ១,៩ លានលានដុល្លាររបស់លោកប្រធានាធិបតី Joe Biden ចាប់ផ្តើមជ្រាបចូលក្នុងសេដ្ឋកិច្ច។
កញ្ចប់ថវិកានេះអាចជួយបង្កើនការជួលអ្នកធ្វើការ និងការចំណាយរបស់អ្នកប្រើប្រាស់។
នៅពេលនេះ ប្រជាពលរដ្ឋអាមេរិកាំងប្រមាណ ២ លាន ៤ សែននាក់ ចាក់វ៉ាក់សាំងកូវីដ១៩ ជារៀងរាល់ថ្ងៃ ហើយលោក Biden បានសន្យាថា ពលរដ្ឋពេញវ័យទាំងឡាយណាដែលចង់ចាក់វ៉ាក់សាំងនេះនឹងបានចាក់មិនហួសពីដំណាច់ខែឧសភាខាងមុខនោះទេ។
ពលរដ្ឋអាមេរិកាំងជាង ១១៣ លាននាក់ បានចាក់វ៉ាក់សាំងកូវីដ១៩ យ៉ាងហោចណាស់ក៏បានមួយដូសដែរ ក្នុងចំណោមវ៉ាក់សាំងកូវីដ១៩ ទាំង ៣ ប្រភេទដែលត្រូវបានអនុញ្ញាតឲ្យប្រើនៅក្នុងសហរដ្ឋអាមេរិក។ នៅពេលដែលចំនួនអ្នកចាក់វ៉ាក់សាំងនេះកាន់តែកើនឡើង នោះមនុស្សច្រើនជាងមុននឹងមានអារម្មណ៍ថាជីវិតរបស់ពួកគេនឹងវិលមករកភាពធម្មតាវិញ។
ទោះបីជាយ៉ាងនេះក៏ដោយ ក៏និយោជកនៅតាមបណ្ដារដ្ឋជាច្រើននៅតែប្រឈមនឹងបទបញ្ជាពីមន្ត្រីថ្នាក់រដ្ឋនិងថ្នាក់ក្រុងនៅក្នុងការដាក់កំហិតលើម៉ោងប្រកបអាជីវកម្ម ឬក៏កម្រិតចំនួនអតិថិជនរបស់ពួកគេ ដើម្បីព្យាយាមបញ្ចៀសកុំឱ្យមានការឆ្លងរាលដាលជំងឺកូវីដ១៩ ដដែល។
អស់រយៈពេលមួយឆ្នាំមកហើយ ចំនួនអ្នកដាក់ពាក្យសុំប្រាក់ជំនួយពេលគ្មានការងារធ្វើនៅតែមានចំនួនលើសពី ៧ សែននាក់ក្នុងមួយសប្ដាហ៍ដដែល ហើយសប្ដាហ៍ខ្លះមានលើសពី ៨ សែន ឬក៏ ៩ សែននាក់ កាលពីដើមឆ្នាំ ២០២១។
ប្រសិនបើធ្វើការប្រៀបធៀប គេឃើញថា នៅក្នុងឆ្នាំ ២០១៩ នៅមុនពេលមានការឆ្លងរាតត្បាតជំងឺកូវីដ១៩ នៅក្នុងសហរដ្ឋអាមេរិក ការដាក់ពាក្យសុំប្រាក់ជំនួយពេលគ្មានការងារធ្វើ ជាមធ្យមមានចំនួន ២១៨.០០០ នាក់ ក្នុងមួយសប្តាហ៍៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ