ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន​ចេញ​សេចក្ដី​ប្រកាស​អំពី​ការ​គំរាមកំហែង​សន្តិសុខ


រូបឯកសារ៖ កងកម្លាំង​សហរដ្ឋ​អាមេរិក​ត្រៀម​ការពារ​ខ្លួន​ពី​ការ​វាយប្រហារ​នានា ក្នុង​អំឡុងពេល​នៃ​ការ​ជម្លៀសខ្លួន​ប្រជាជន​ចេញ​ពី​អាកាសយានដ្ឋាន​​អន្តរជាតិ​ក្នុង​រដ្ឋធានី​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន​ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។
រូបឯកសារ៖ កងកម្លាំង​សហរដ្ឋ​អាមេរិក​ត្រៀម​ការពារ​ខ្លួន​ពី​ការ​វាយប្រហារ​នានា ក្នុង​អំឡុងពេល​នៃ​ការ​ជម្លៀសខ្លួន​ប្រជាជន​ចេញ​ពី​អាកាសយានដ្ឋាន​​អន្តរជាតិ​ក្នុង​រដ្ឋធានី​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន​ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។

ក្នុង​ពេល​ប៉ុន្មាន​ម៉ោង​ក្រោយ​មក បន្ទាប់ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​និយាយ​ថា អាច​នឹង​មាន​ការ​វាយ​ប្រហារ​មួយ​ទៀត​កើតឡើង​នៅ​អាកាសយានដ្ឋាន​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន នៅ​ក្នុង​អំឡុងពេល ២៤ ទៅ ៣៦ ម៉ោង​ខាង​មុខ ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ក្នុង​ទីក្រុង​កាប៊ុល​បាន​ជំរុញ​ពលរដ្ឋ​អាមេរិកាំង​ឲ្យ​ចាកចេញ​ពី​បរិវេណ​អាកាសយានដ្ឋាន​នោះ​។

ការ​ប្រកាស​អំពី​ការ​គំរាមកំហែង​សន្តិសុខ​នេះ​មាន​បំណង​ជំរុញ​ពលរដ្ឋ​អាមេរិកាំង​កុំ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​អាកាសយានដ្ឋាន​ទីក្រុង​កាប៊ុល និង​បាន​បញ្ជាក់​ថា អ្នក​ដែល​នៅ​ជុំវិញ​បរិវេណ​អាកាសយានដ្ឋាន​នេះ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ច្រក​ចូល​ខាង​ត្បូង ក្រសួង​មហាផ្ទៃ​ថ្មី និង​ច្រក​ចូល​នៅ​ជិត​ស្ថានីយ៍​ប្រេង​ឥន្ធនៈ Panjshir នៅ​ផ្នែក​ពាយ័ព្យ​នៃ​អាកាសយានដ្ឋាន​ផងដែរ គួរតែ​ចាកចេញ​ជា​បន្ទាន់។

លោក Biden បាន​ព្រមាន​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​កាលពី​ថ្ងៃ​សៅរ៍​ថា ការ​វាយ​ប្រហារ​បន្ថែម​ទៀត​នៅ​អាកាសយានដ្ឋាន​ទីក្រុង​កាប៊ុល​ទំនងជា​អាច​នឹង​កើតឡើង។

ការ​ប្រកាស​របស់​លោក Biden នេះ​បាន​ធ្វើ​ឡើង នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ជិត​ឈាន​ដល់​ការ​បញ្ចប់​ការ​ជម្លៀស​ពលរដ្ឋ​របស់​ខ្លួន​និង​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ដែល​រត់គេច​ពី​ក្រុម​តាលីបង់ (Taliban) ចេញ​ពី​អាហ្វហ្គានីស្ថាន និង​ក្នុង​ពេល​ពីរ​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​មាន​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​នៅ​អាកាសយានដ្ឋាន​ទីក្រុង​កាប៊ុល ដែល​បាន​សម្លាប់​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​យ៉ាង​តិច ១៧០ នាក់ និង​ទាហាន​អាមេរិកាំង ១៣ នាក់។

លោក Biden បាន​និយាយ​ថា លោក​បាន​បញ្ជា​មេបញ្ជាការ​កងទ័ព​សហរដ្ឋ​អាមេរិក​ឲ្យ​ការពារ​ទាហាន​អាមេរិកាំង​ដែល​កំពុង​ឈរ​ជើង​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Hamid Karzai ក្នុង​ទីក្រុង​កាប៊ុល​នោះ។

សេតវិមាន​បាន​បញ្ជាក់​ថា ចាប់​តាំងពី​ថ្ងៃ​ទី ១៤ ខែ​សីហា​មក សហរដ្ឋ​អាមេរិក​បាន​ជម្លៀស​ឬ​ក៏​ជួយ​ជម្លៀស​មនុស្ស​បាន​ប្រហែល ១១៣.៥០០ នាក់ ហើយ​តាំងពី​ចុង​ខែ​កក្កដា​មក សហរដ្ឋ​អាមេរិក​បាន​ជម្លៀស​មនុស្ស​ទៅ​ទីតាំង​ថ្មី​បាន​ប្រហែល ១១៩.០០០ នាក់៕

XS
SM
MD
LG