ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថានទូត​តាំង​ពិព័ណ៌​ការសិក្សា​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​ខេត្ត​សៀមរាប​​ជាលើក​ដំបូង

យុវសិស្ស​មក​ពី​វិទ្យាល័យ​នានា​ក្នុង​ខេត្ត​សៀមរាប កំពុង​ស្វែងយល់​ពី​ចំណេះដឹង និង​ឱកាស​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​ពិព័រណ៌​ការសិក្សា​នៅ​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ ទី១៣ ខែមិថុនា ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ ​លោក William Heidt​ ​លើក​ឡើង​​ថា​ ​ពិព័ណ៌​ការ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​នេះ​ ​​ធ្វើ​ឡើង​ដើម្បី​ផ្តល់​ព័ត៌មាន​ដល់​សិស្ស​និស្សិត​ដែល​កំពុង​សិក្សា​​​នៅ​ខេត្ត​សៀមរាប​ ​ពី​ឱកាស​នៃ​ការ​​សិក្សា​នៅ​សហរដ្ឋ​អាមេរិក។​

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​រៀបចំ​ពិព័ណ៌​ការ​សិក្សា​ជា​លើក​ដំបូង​នៅ​ខេត្ត​សៀម​រាប​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​សិស្សានុសិស្សកំពុង​រស់នៅ​ខេត្ត​ដែល​ពោរពេញ​ដោយ​សក្តានុពល​ទេសចរណ៍​មួយ​នេះ​បាន​ទទួល​ព័ត៌មាន​អំពី​ឱកាស​សិក្សា​នៅ​សហរដ្ឋ​អាមេរិក។​ ​នេះ​បើ​តាម​ការ​លើកឡើង​របស់​ឯកអគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា។​

កាលពី​ថ្ងៃ​អង្គារ​ ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំកម្ពុជា​សហការ​ជាមួយ​មជ្ឈមណ្ឌល​ប្រឹក្សា​ការសិក្សា នៅ​សហរដ្ឋ​អាមេរិក​ ​(Education USA Advising Center)​ ​បាន​រៀបចំ​ពិព័ណ៌​ការ​អប់រំផ្តល់ព័ត៌មាន​ពី​ការ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​ ​ទាំងព័ត៌មាន​ពីការ​សិក្សា​បង់ថ្លៃ​ ​និង​អាហា​រូបករណ៍​ ​ដល់​សិស្សា​នុ​សិស្ស​កម្ពុជា​ដែលកំពុង​សិក្សានៅខេត្តសៀមរាប​ជាង​២០០​នាក់។​

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក William Heidt ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន ក្រោយ​បញ្ចប់ពិព័ណ៌​ការសិក្សា​នៅ​សហរដ្ឋ​អាមេរិក​ដល់​សិស្ស​ក្នុង​ខេត្ត​សៀមរាប​ នៅ​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)

ថ្លែង​ក្រោយ​បញ្ចប់​ការ​តាំង​ពិព័ណ៌​ការ​សិក្សា​នោះ​ ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ ​លោក William Heidt​ ​លើក​ឡើងថា​ ​ពិព័ណ៌​ការ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​នេះ​ ធ្វើ​ឡើង​ដើម្បី​ផ្តល់​ព័ត៌មាន​ដល់​សិស្ស​និស្សិត​ដែល​កំពុង​សិក្សា​នៅ​ខេត្ត​សៀមរាប​ ​ពី​ឱកាស​នៃ​ការសិក្សា​នៅ​សហរដ្ឋ​អាមេរិក។​ លោក​បន្ថែមថា​ ​ខេត្ត​សៀមរាប​ ​ជាខេត្ត​ដែល​មាន​ភ្ញៀវ​ទេសចរណ៍​អាមេរិកាំងមក​ទស្សនា​ច្រើន​ ​ដូច្នេះ​លោក​រំពឹង​ថា​ ​នឹង​មាន​សិស្ស​និស្សិត​ពី​ខេត្ត​សៀមរាប​ទៅ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​កាន់​តែ​ច្រើន ដើម្បី​បង្ហាញ​ពី​ទំនាក់ទំនង​ដ៏ល្អ​រវាង​ខេត្ត​សៀមរាប​ ​និង​សហរដ្ឋ​អាមេរិក។​

លោក​មាន​ប្រសាសន៍​ថា៖

​«ជា​ច្រើនឆ្នាំ​មក​ហើយ​ ​មាន​កម្មវិធី​ធំៗ​ ​និង​ការ​ទំនាក់ទំនង​ដ៏​រឹងមាំ​ជាច្រើន​រវាង​ជនជាតិ​អាមេរិកាំង​និង​ខេត្ត​សៀមរាប​ ហើយ​ជនជាតិ​អាមេរិកាំង​ជា​ច្រើន​បាន​មក​ខេត្ត​សៀមរាប​។ ដូចខ្ញុំ​និយាយ​អញ្ចឹង​ ពួក​គេ​ស្រឡាញ់​កម្ពុជា។ ​ពួក​គេបាន​ត្រឡប់​មក​ម្តង​ទៀត​ ​ហើយ​ពួក​គេ​ជួយ​ប្រទេស​កម្ពុជា។​ ឥឡូវនេះ​ ដោយ​សា​តែ​បរិ​បទ​រវាង​ជនជាតិ​អាមេរិក​កាំង​ និង​ជនជាតិ​ខ្មែរ​វ័យក្មេង​ទាំង​នោះ​ ធ្វើ​ឲ្យជនជាតិ​ខ្មែរ​ជាច្រើន​ចង់​ទៅ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក។​ ដូច្នេះពួក​យើង​គិត​ថា​ ​មាន​អ្នក​ចូលចិត្តយើង​ជា​ច្រើន​ ​មាន​ក្មេងៗ​ និង​សិស្ស​ឆ្លាតៗ​ជាច្រើន​ ​ហេតុ​ដូច្នេះ​ពួក​យើង​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា​ពួក​គេ​បាន​ទទួល​ព័ត៌មាន​ពី​ការ​សិក្សា​នៅ​ទីនោះ»។​

បើតាម​លោក​ឯកអគ្គរាជទូត​អះអាង​ថា​ ​សហរដ្ឋ​អាមេរិក​មាន​មហាវិទ្យាល័យ​ចំនួន​ជាង​៤៥០០​ដែល​លោក​ថា ជា​ឱកាស​ល្អ​សម្រាប់​សិស្ស​និស្សិត​កម្ពុជា​បន្ត​ការ​សិក្សា​នៅ​ទីនោះ។

អ្នកស្រី ម៉ៅ កូឡាប ទីប្រឹក្សា​យោបល់​ស្តីពី​ការសិក្សា​នៅ​សហរដ្ឋ​អាមេរិក និយាយ ជាមួយ​អ្នកសារព័ត៌មាន​ក្នុង​ពិព័រណ៌​ការសិក្សា​នៅ​សហរដ្ឋ​អាមេរិក​ដល់​សិស្ស​ក្នុង​ខេត្ត​សៀមរាប នៅ​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)

អ្នកស្រី​ ​ម៉ៅ កូឡាប​ ​ទីប្រឹក្សា​យោបល់​ស្តីពី​ការ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​លើក​ឡើង​ថា​ ​ឱកាស​សិក្សានៅ​សហរដ្ឋ​អាមេរិក​សម្រាប់​សិស្ស​និស្សិត​កម្ពុជា មាន​ចំនួន​ច្រើន​ ​ទាំង​អាហា​រូបករណ៍​ ​និង​បង់​ថ្លៃ។ អ្នកស្រី​បន្ថែម​ថា​ ​តម្លៃ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​បង់ថ្លៃ​ជាមធ្យម​ក្នុង​មួយឆ្នាំ​មានតម្លៃ​ចាប់​ពី​២ម៉ឺន​ដុល្លារ​ ​ទៅ​៤ម៉ឺន​ដុល្លារ​អាមេរិក។​ ​សម្រាប់​សិស្ស​និស្សិត​ដែល​មិនមាន​លទ្ធភាព​បង់​ថ្លៃ​ ​ពួកគេ​អាច​ស្វែង​រក​ព័ត៌មាន​អាហារូបករណ៍​ពីគេហទំព័រ​របស់​សាកល​វិទ្យាល័យ​នៅ​សហរដ្ឋ​អាមេរិក​ ​និង​គេហ​ទំព័រ​របស់​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា។

អ្នកស្រី​បញ្ជាក់​ថា៖​

«យើង​ចង់​ផ្សព្វផ្សាយ​ថា​ ​ឱកាស​នៃ​ការ​សិក្សា​ហ្នឹង​មាន​ច្រើន​តាម​ទូត​អាមេរិក​ក៏​មាន​ ​តាម​សាកល​វិទ្យាល័យ​ក៏​មាន​ ​តាម​អង្គការ​នានា​ក៏​មាន​ដែរ។​ ​ប្រសិនជា​គាត់​ចង់​ ​ប៉ុន្តែ​ខ្វះ​នូវ​ថវិកា​ដើម្បីជួយ​ទំនុក​បម្រុង​ការ​សិក្សា​នោះ​ ​គឺ​គាត់​ត្រូវ​ខំរៀនឲ្យ​ខ្លាំង​ដើម្បី​ទទួល​យក​នូវ​អាហា​រូបករណ៍»។​

យុវសិស្ស​មក​ពី​វិទ្យាល័យ​នានា​ក្នុង​ខេត្ត​សៀមរាប កំពុង​ស្វែងយល់​ពី​ចំណេះដឹង និង​ឱកាស​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​ពិព័រណ៌​ការសិក្សា​នៅ​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ ទី១៣ ខែមិថុនា ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)
យុវសិស្ស​មក​ពី​វិទ្យាល័យ​នានា​ក្នុង​ខេត្ត​សៀមរាប កំពុង​ស្វែងយល់​ពី​ចំណេះដឹង និង​ឱកាស​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​ពិព័រណ៌​ការសិក្សា​នៅ​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ ទី១៣ ខែមិថុនា ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/VOA)

ស្ថានទូត​សហរដ្ឋ​អាមេរិក​បាន​រៀបចំ​ពិព័ណ៌​ស្តីពី​ការ​សិក្សានៅ​សហរដ្ឋ​អាមេរិក​ ​ចាប់​តាំង​ពី​ឆ្នាំ​២០១២​មក​។ ភាគ​ច្រើន​នៃពិព័ណ៌​ការ​សិក្សា​នេះ​ធ្វើ​នៅ​រាជធានី​ភ្នំពេញ។​

កញ្ញា​ ​ងួន ស្រីលាភ​ ​សិស្ស​ថ្នាក់​ទី១២ នៃ​វិទ្យាល័យ​១០​មករា​ ​ប្រាប់​ ​VOA​ ​ថា​ នេះ​ជា​លើកទី១​ ​ដែល​កញ្ញា​បាន​ចូល​រួម​ទទួល​យក​ព័ត៌មាន​ពីការសិក្សា​នៅ​សហរដ្ឋ​អាមេរិក។​ ​កញ្ញា​បន្ថែម​ថា​ ​ពិព័ណ៌​ការ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​នេះ​ ​បាន​ជំរុញ​ទឹក​ចិត្ត​ឲ្យ​កញ្ញាចង់​ទៅ​រៀន​នៅ​សហរដ្ឋ​អាមេរិក​ ​និង​បាន​ប្រាប់​ឲ្យ​កញ្ញាដឹងពី​ការ​ត្រៀម​ខ្លួនដើម្បី​ចាប់​យក​ឱកាស​ទៅ​សិក្សា​នៅ​ទីនោះ។​

សិស្ស​វិទ្យាល័យ​វ័យ​១៨​ឆ្នាំ​រូប​នេះ​បញ្ជាក់​ថា៖​

«កម្មវិធី​ហ្នឹង​ល្អ​សម្រាប់​សិស្សានុសិស្ស​ដូចជា​ខ្ញុំ។​ ​ដូច​ថា​ ​ព័ត៌មាន​ចំពោះ​ ​Scholarship​ ​(អាហា​រូបករណ៍)​ ​ឬមួយក៏​ពីការ​សិក្សា​នៅ​បរទេស​ហ្នឹង​ ​អត់សូវ​បើក​ទូលាយ​ប៉ុន្មាន​ទេ។​ ​ដល់​ពេល​គាត់​មាន​កម្មវិធី​ពិព័ណ៌​អីចឹង​ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​ ​Clear ​(ច្បាស់)​ ​ជាង​មុន​ ​ខ្ញុំ​អាច​សួរ​គាត់​បាន​ពិភាក្សា​ជាមួយ​គាត់​បាន​អញ្ចឹង​វា​ល្អ​សម្រាប់​ខ្ញុំ»។

បើ​តាម​អ្នកស្រី​ ​ម៉ៅ កូឡាប​ ​ក្នុង​ឆ្នាំ​២០១៧​ ​មាន​សិស្ស​និស្សិត​កម្ពុជា​ ​កំពុង​សិក្សា​នៅ​បរទេស​ជាង​ ​៥ពាន់​នាក់។​ ​ក្នុងនោះ​មាន​សិស្ស​និស្សិត​ជ្រើសរើស​ទៅ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​ទាំង​បង់ថ្លៃ​និង​អាហា​រូបករណ៍​ជិត​៥០០​នាក់៕

XS
SM
MD
LG