ការប្រកួតប្រជែងដើម្បីឲ្យបានទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិក ឡើងកំដៅយ៉ាងខ្លាំងនៅសប្តាហ៍នេះនៅពេលដែលរដ្ឋ៥នៅភាគឦសាន្ត ធ្វើការបោះឆ្នោតបឋមនៅថ្ងៃអង្គារ។ ភាពមិនច្បាស់លាស់មានកម្រិតខ្ពស់បំផុតនៅខាងគណបក្សសាធារណរដ្ឋនៅពេលដែលពួកអ្នកបោះឆ្នោត អាចបង្កើនឬបំផ្លាញសេចក្តីសង្ឃឹមរបស់លោក Donald Trump បេក្ខជននាំមុខដើម្បីបានទទួលការតែងតាំង។
បន្ទាប់ពីបានទទួលជ័យជម្នះយ៉ាងធំនៅក្នុងរដ្ឋញូវយ៉កដែលជារដ្ឋកំណើតរបស់លោក ពាណិជ្ជករ Donald Trump កំពុងសង្ឃឹមថា នឹងទទួលជ័យជម្នះនៅបណ្តារដ្ឋជិតៗនោះដើម្បីបង្កើនការនាំមុខចំនួនប្រតិភូយ៉ាងខ្លាំងរបស់លោក។ សាររបស់លោក នៅដដែល គឺ«គ្រប់ប្រទេសទាំងអស់ដែលធ្វើពាណិជ្ជកម្មជាមួយយើង គេបានកេងប្រវ័ញយើង ដូចយើងជាមនុស្សល្ងង់អញ្ចឹង។ ហើយតើលោក អ្នក ដឹងទេ? ការណ៍នេះនឹងផ្លាស់ប្តូរ»។
ខណៈដែលលោក Trump ស្វះស្វែងឲ្យបានទទួលការតែងតាំងជាបន្ទាន់ លោក Ted Cruz ដែលជាគូប្រកួតប្រជែងកំពុងប្រុងប្រៀបសម្រាប់ការប្រកួតប្រជែងយកប្រតិភូឡើងវិញនៅក្នុងសន្និបាតគណបក្សនៅខែកក្កដា។ ដោយលើកស្ទួយប្រតិភូដែលស្មោះត្រង់នឹងលោក លោក Cruz នឹងបង្កើនឱកាសជាអតិបរមានៅក្នុងករណីមិនមានអ្នកទទួលបានការតែងតាំងជាបេក្ខជនប្រធានាធិបតី បានត្រូវជ្រើសរើសនៅក្នុងការបោះឆ្នោតជុំទីមួយនៅសន្និបាតគណបក្ស។
លោកថ្លែងថា៖ «ក្នុងនាមជាគណបក្សសាធារណរដ្ឋ យើងចង់ឈ្នះ។ ហើយប្រសិនបើលោក Donald Trump ជាអ្នកបានទទួលការតែងតាំង លោកស្រី Hillary Clinton នឹងឈ្នះ។ លោកស្រី នឹងឈ្នះដោយចំនួនច្រើនលើសលប់។ វាជាជ័យជម្នះយ៉ាងខ្លាំងសម្រាប់លោកស្រី Hillaryប្រសិនបើលោក Donald Trump ជាអ្នកបានទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋនោះ»។
ក៏ប៉ុន្តែ លោក Cruz ដែលជាសមាជិកព្រឹទ្ធសភារដ្ឋភាគខាងត្បូងនោះ ត្រូវការសំឡេងឆ្នោតពីពួកប្រឆាំងលោក Trump ដើម្បីទទួលការតែងតាំង។ នៅក្នុងតំបន់ភាគឦសាន្ត លោកJohn Kasich អភិបាលរដ្ឋ Ohio មានប្រៀបខាងភូមិសាស្រ្ត។ រដ្ឋរបស់លោក មានព្រំដែនជាមួយរដ្ឋ Pennsylvania ដែលមានប្រតិភូច្រើនជាងគេនៅក្នុងការបោះឆ្នោតបឋមពហុរដ្ឋនៅថ្ងៃអង្គារនេះ។
«លោក អ្នក នឹងទៅចូលរួមសន្និបាតគណបក្ស។ គ្មាននរណាម្នាក់នឹងមានប្រតិភូគ្រប់គ្រាន់ទេ។ ហើយ ពួកគេនឹងពិនិត្យមើលហើយសម្រេចលើបញ្ហា២៖ ទីមួយ តើនរណាអាចឈ្នះនៅក្នុងការបោះឆ្នោតនៅរដូវស្លឹកឈើជ្រុះ? ហើយទី២ ថាតើនរណា អាចជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក»។
ខាងគណបក្សប្រជាធិបតេយ្យវិញ ប្រតិភូរបស់លោកស្រី Hillary Clinton អតីតរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកបាននាំមុខ ក៏ប៉ុន្តែ មិនបានប្រតិភូសំឡេងច្រើនលើសលប់នោះទេ។ ប៉ុន្តែ សមាជិកព្រឹទ្ធសភា Bernie Sanders មិនបោះបង់ចោលការប្រកួតប្រជែងទេ។
«វាយឺតពេលហើយសម្រាប់ប្រព័ន្ធនយោបាយបច្ចុប្បន្នឬប្រព័ន្ធសេដ្ឋកិច្ចបច្ចុប្បន្ន។ហើយនៅថ្ងៃអង្គារនេះ ពលរដ្ឋនៅរដ្ឋម៉ារីឡេន អាចនិយាយថា វាជាពេលវេលាសម្រាប់បដិវត្តន៍ខាងនយោបាយហើយ»។
នៅពេលទន្ទឹមគ្នានេះ លោកស្រី គ្លីនតុន កំពុងផ្តោតការយកចិត្តទុកដាក់ទៅលើការវាយប្រហារពួកគណបក្សសាធារណរដ្ឋ។
«អស់លោក អ្នក ដឹងហើយ ពួកគណបក្សសាធារណរដ្ឋទាំងអស់នាំគ្នានិយាយដូចៗគ្នាថា ការងើបឡើងវិញនូវសេដ្ឋកិច្ចមានការយឺតយ៉ាវបំផុតនៅក្នុងប្រវត្តិសាស្រ្ត។ពួកគេហ៊ាននិយាយបែបនេះផង។ យើងមិនចាំបាច់ត្រូវការការស្តាសេដ្ឋកិច្ចទេ។ប្រសិនបើពួកគេមិនបានបំផ្លាញសេដ្ឋកិច្ចកាលពីដំបូងទេនោះ»។
ការប្រកួតប្រជែងការបោះឆ្នោតបឋមនៅថ្ងៃអង្គារនេះ ជារង្វាន់ប្រតិភូដ៏ធំបំផុតសម្រាប់រយៈពេល៦សប្តាហ៍ខាងមុខ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន