ករណីឆ្លងជំងឺកូវីដ១៩ នៅទូទាំងសហរដ្ឋអាមេរិកបន្ដកើនឡើង ខណៈដែលរដូវកាលថ្ងៃបុណ្យកាន់តែខិតជិតមកដល់។ ការជួបជុំក្រុមគ្រួសារ និងមិត្តភក្ដិកាន់តែកើនឡើងអាចធ្វើឲ្យចំនួនករណីឆ្លងជំងឺកូវីដ១៩ កាន់តែខ្ពស់ ហើយមន្ទីរពេទ្យមិនអាចទទួលអ្នកជំងឺក្នុងចំនួនដ៏ច្រើនលើសលប់បាន។
ភាគច្រើននៃតំបន់ប៉ែកខាងត្បូងរដ្ឋ California និងតំបន់កណ្ដាលនៃរដ្ឋនេះ បានដាក់កំហិតថ្មីទៅលើអាជីវកម្ម និងសកម្មភាពនានា កាលពីថ្ងៃសៅរ៍ ខណៈមន្ទីរពេទ្យនៅក្នុងរដ្ឋដែលមានចំនួនប្រជាជនច្រើនបំផុតនៅក្នុងសហរដ្ឋអាមេរិកមួយនេះប្រឈមនឹងការខ្វះខាតគ្រែពេទ្យសម្រាប់អ្នកជំងឺ។ ភោជនីយដ្ឋាននានាត្រូវឈប់ទទួលឲ្យភ្ញៀវបរិភោគក្នុងហាង ហើយរោងមហោស្រព ហាងធ្វើសក់ និងអាជីវកម្មជាច្រើនទៀតត្រូវបិទដំណើរការនៅក្នុងទីក្រុង San Diego ទីក្រុង Los Angeles និងនៅតំបន់មួយចំនួននៃតំបន់ Central Valley។
ស្រុកចំនួន ៥ នៅតំបន់ Bay Area ក្នុងទីក្រុង San Francisco គ្រោងនឹងដាក់កំហិតនៅថ្ងៃអាទិត្យនេះ។
កាលពីថ្ងៃសុក្រ មានករណីឆ្លងជំងឺកូវីដ១៩ ខ្ពស់មិនធ្លាប់មានពីមុនមករហូតដល់ជិត ២២៨.០០០ ករណី នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើយោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins។
កាលពីថ្ងៃព្រហស្បតិ៍ សហរដ្ឋអាមេរិកមានករណីស្លាប់ដោយសារជំងឺកូវីដ១៩ ខ្ពស់មិនធា្លប់មានពីមុនមករហូតដល់ ២.៨៧៩ ករណី។ នេះបើយោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins ដដែលនេះ។
ករណីឆ្លងនិងស្លាប់ដោយសារជំងឺកូវីដ១៩ នេះបានកើនឡើងក្នុងរយៈពេលមួយសប្ដាហ៍ក្រោយមក បន្ទាប់ពីថ្ងៃបុណ្យរំឭកគុណ Thanksgiving បានបញ្ចប់ទៅ នៅពេលដែលពលរដ្ឋអាមេរិកាំងរាប់លាននាក់មិនអើពើនឹងការដាស់តឿនឲ្យស្នាក់នៅតែក្នុងផ្ទះ និងប្រារព្ធពិធីបុណ្យនេះតែជាមួយនឹងសមាជិកក្រុមគ្រួសាររបស់ខ្លួន៕