ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ការទូត​អាមេរិក​ថា លោក Trump មាន​ចំណាប់​អារម្មណ៍​ចង់​ឲ្យ​អ៊ុយក្រែន​បើក​ការ​ស៊ើប​អង្កេត​លើ​លោក Joe Biden


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថ្លែងនៅក្រុងញូវយ៉ក កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។
រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថ្លែងនៅក្រុងញូវយ៉ក កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump មាន​ចំណាប់​អារម្មណ៍​ផ្ទាល់​ចង់​ឲ្យ​ប្រទេស​អ៊ុយក្រែន​ស៊ើប​អង្កេត​លើ​អតីត​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ដែល​អាច​ជា​គូ​ប្រជែង​របស់​លោក​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ​ក្រោយ ហើយ​ស្រប​ពេល​នោះ​ដែរ លោក​បាន​ផ្អឹប​ជំនួយ​យោធា​សម្រាប់​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ការទូត​កំពូល​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​អ៊ុយក្រែន​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញនៅ​ក្នុង​សវនាការ​ស៊ើប​អង្កេត​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក Trump ពី​តំណែង។

ជាមួយ​គ្នា​នេះ​ដែរ លោក Trump បាន​ប្រាប់​អ្នក​កាសែត​នៅ​ក្នុង​សន្និសីទ​កាសែត​ជាមួយ​នឹង​ប្រធានាធិបតី​ទួរគី​លោក Recep Tayyip Erdogan ថា សវនាការ​ស៊ើប​អង្កេត​នេះ​គឺ​ជា «ការ​តាម​ព្យាបាទ‍» និង​ជា «រឿង​គួរ​ឲ្យ​ចង់​សើច‍»។ លោក​បាន​និយាយ​ថា លោក​មិន​បាន​មើល​សវនាការ​នេះ​តាម​កញ្ចក់​ទូរទស្សន៍​នោះ​ទេ ដោយសារតែ​លោក​រវល់​ជួប​ពិភាក្សា​ជាមួយ​នឹង​លោក Erdogan។

លោក Trump ក៏​បាន​ឌឺដង​ផង​ដែរ​ចំពោះ​ការ​បញ្ចេញ​ព័ត៌មាន​អំពី «ការ​សន្ទនា​តាម​ទូរស័ព្ទ​លើក​ទី​ពីរ‍» នេះ‍» ដែល​លោក​បាន​និយាយ​ថា «តាម​ពិត​ជា​ការ​សន្ទនា​លើក​ទី​មួយ​នៃ​ការ​សន្ទនា​ទាំង​ពីរ​នេះ‍»។

សមាជិក​គណបក្ស​សាធារណរដ្ឋ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ផ្ដល់​សក្ខីកម្ម​ពី​អ្នក​លួច​បញ្ចេញ​ព័ត៌មាន​សម្ងាត់ ដែល​ព័ត៌មាន​ដែល​បាន​បញ្ចេញ​នោះ​បាន​ធ្វើ​ឲ្យ​រដ្ឋសភា​ចាប់ផ្ដើម​ជា​ផ្លូវការ​នូវ​ការ​ស៊ើប​អង្កេត​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក Trump ពី​តំណែង និង​ឈាន​ដល់​ការ​បើក​សវនាការ​ជា​សាធារណៈ​អំពី​ការ​ស៊ើប​អង្កេត​នេះ។

គណៈកម្មាធិការ​រដ្ឋសភា​ដែល​រៀបចំ​សវនាការ​នេះ បាន​បោះ​ឆ្នោត​ស្រប​តាម​គោលការណ៍​គណបក្ស​រៀងៗ​ខ្លួន​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ដើម្បី​ពន្យារពេល​សំណើ​ច្បាប់​មួយ ដែល​តម្រូវ​ឲ្យ​មាន​ការ​ចេញ​ដីកា​កោះ​ហៅ​អ្នក​លួច​បញ្ចេញ​ព័ត៌មាន​សម្ងាត់​មក​បង្ហាញ​ខ្លួន។

ឯក​អគ្គរដ្ឋទូត​ស្ដីទី​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​អ៊ុយក្រែន​លោក William Taylor បាន​រៀបរាប់​ឡើង​វិញ​អំពី​កិច្ច​សន្ទនា​សម្ងាត់​កាល​ពី​មុន ដែល​បុគ្គលិក​ជំនួយការ​របស់​លោក​បាន​ឭ​ដោយ​ចៃដន្យ​កាល​ពី​ថ្ងៃ​ទី ២៦ ខែ​កក្កដា។ ថ្ងៃ​នោះ​គឺ​មួយ​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​លោក Trump បាន​ស្នើ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskiy នៅ​ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​ឲ្យ​ស៊ើប​អង្កេត​លើ​លោក Biden និង​ការងារ​របស់​លោក Hunter Biden ដែល​ជា​កូន​ប្រុស​របស់​លោក Biden នៅ​ក្នុង​ក្រុមហ៊ុន​ឧស្ម័ន​ធម្មជាតិ​មួយ​របស់​អ៊ុយក្រែន និង​ទ្រឹស្ដី​មិន​ពិត​ដែល​ថា​អ៊ុយក្រែន​ជា​អ្នក​ជ្រៀតជ្រែក​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ ២០១៦៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG