មួយថ្ងៃក្រោយពីស.រ.អាបានប្រកាសថា ខ្លួនបន្ធូរបន្ថយការរឹតត្បិតលើការដឹកជញ្ជូនទំនិញពីប្រទេសគុយបាចូលមកលក់ក្នុងប្រទេស សមាជិកាពីរនាក់នៃព្រឹទ្ធសភាស.រ.អា បានចាប់ផ្តើមបំពេញបេសកកម្មពាណិជ្ជកម្មបួនថ្ងៃនៅក្នុងប្រទេសជាកោះនោះ។
លោកស្រី Claire McCaskill សមាជិកាព្រឹទ្ធសភាស.រ.អាខាងគណបក្សប្រជាធិបតេយ្យមកពីរដ្ឋ Missouri នាប៉ែកកណ្តាលខាងលិចស.រ.អា និងលោកស្រី Amy Klobuchar សមាជិកាព្រឹទ្ធសភាអាមេរិកខាងគណបក្សប្រជាធិបតេយ្យមកពីរដ្ឋ Minnesota នាប៉ែកខាងជើងកណ្តាលស.រ.អា បានអញ្ជើញទៅកាន់ប្រទេសគុយបា កាលពីថ្ងៃសៅរ៍ដើម្បីពិនិត្យមើលឱកាសថ្មីៗសម្រាប់ការបើកចំហជាមួយប្រទេសនោះ។
កាលពីថ្ងៃសុក្រស.រ.អា បានប្រកាសថាខ្លួននឹងអនុញ្ញាតឲ្យវិស័យជំនួញឯកជន គុយបា លក់ទំនិញនិងសេវានៅក្នុងស.រ.អា លើកលែងផលិតផលម្ហូបអាហារនិងកសិកម្ម ស្រា ផលិតផលថ្នាំជក់និងវាយនភណ្ឌខ្លះៗប៉ុណ្ណោះ។
លោកស្រី McCaskill បានមានប្រសាសន៍ថា លោកស្រីយកចិត្តទុកដាក់ក្នុងការស្វែងរកអ្វីដែលក្រុមកសិករក្នុងរដ្ឋ Missouri អាចលក់ទៅឲ្យប្រជាជនគុយបា៕