ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ចេញ​បទបញ្ជា​ប្រធានាធិបតី​ដើម្បី​ដោះស្រាយ​បញ្ហា​សន្ដិសុខ​ស្បៀង​អាហារ​និង​ហិរញ្ញវត្ថុ


លោក​ប្រធានាធិបតី Joe Biden ថ្លែង​អំពី​ជំងឺ​កូវីដ១៩ នៅ​ក្នុង​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី២១ ខែមករា​ ឆ្នាំ២០២១។
លោក​ប្រធានាធិបតី Joe Biden ថ្លែង​អំពី​ជំងឺ​កូវីដ១៩ នៅ​ក្នុង​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី២១ ខែមករា​ ឆ្នាំ២០២១។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ត្រូវ​គេ​រំពឹង​ថា នឹង​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​ប្រធានាធិបតី​យ៉ាង​តិចណាស់​ក៏​ចំនួន​២ដែរ​នៅថ្ងៃ​សុក្រ​នេះ ដែល​មាន​គោលបំណង​ផ្តល់​នូវ​សន្តិសុខ​ហិរញ្ញវត្ថុ​និង​ម្ហូបអាហារ​ដល់​ក្រុម​គ្រួសារ​ដែល​រង ផល​ប៉ះពាល់​ដោយសារ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩។

លោក​ប្រធានាធិបតី​ដែល​ទើប​ស្បថ​ចូល​កាន់​តំណែង​នេះ នឹង​បញ្ជា​ឲ្យ​ក្រសួង​កសិកម្ម​ពង្រីក​ការទទួល​បាន​អត្ថប្រយោជន៍​នៅ​ក្នុង​កម្មវិធី​ស្បៀងអាហារ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​បទបញ្ជា​ប្រធានាធិបតី​ចំនួន​ពីរ។ ពលរដ្ឋ​ជា​ច្រើន​ដែល​ត្រូវ​បាន​គេ​បញ្ឈប់​ពីការងារ​ពីព្រោះតែ​ការរាតត្បាត​នៃ​ជំងឺកូវីដ១៩​ បាន​ស្វះស្វែង​រកជំនួយ​ដើម្បី​ទទួល​បានម្ហូបអាហារ។

បន្ថែម​ពី​នោះ លោក​ប្រធានាធិបតី​ថ្មី​ក៏​កំពុង​ស្វះស្វែង​រក​ការ​បង្កើន​ចំនួន​១៥ភាគរយ​នៅ​ក្នុង​កម្មវិធីម្ហូបអាហារ​នៅ​តាម​សាលារៀន ​បន្ទាប់ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។ ក្រុម​មន្ត្រី​របស់​លោក​ប្រធានា​ធិបតី Biden បាន​និយាយ​ថា ការបង្កើន​ម្ហូបអាហារ​នៅ​ក្នុង​កម្មវិធី​សាលារៀន​នេះ អាច​នាំ​ឲ្យ​គ្រួសារ​ដែល​មាន​កូន៣​នាក់​ទទួល​បាន​អត្ថប្រយោជន៍​បន្ថែម​ចំនួន​១០០ដុល្លារ​ទៀត​ជា​រៀង​រាល់​២​ខែ​ម្តង។

បទបញ្ជា​ប្រធានាធិបតី​ទៅ​លើ​ប្រាក់ជំនួយ​សម្រាប់​ការ​រាតត្បាតជំងឺ​កូវីដ១៩គឺ​ដើម្បី​ស្វះស្វែង​ផ្តល់​សែក​ជា​ទឹកប្រាក់​ដល់​ប្រជាពលរដ្ឋ​ដែលមាន​គ្រប់​លក្ខខណ្ឌ​ដើម្បីទទួល​បាន ប៉ុន្តែ​នៅ​មិន​ទាន់បាន​ទទួល។​

សេចក្តីថ្លែងការណ៍​របស់​សេតវិមាន បាន​បញ្ជាក់​ថា «ប្រជាពលរដ្ឋ​អាមេរិកាំង​ជាច្រើន​ បាន​ប្រឈម​បញ្ហា​ជាច្រើន​ដើម្បី​ទទួល​បាន​ប្រាក់ជំនួយ​ដោយ​ផ្ទាល់​លើក​ទី​មួយ ហើយ​សមាជិក​គ្រួសារ​ចំនួន​៨លាន​នាក់ មិនទាន់បាន​ទទួល​ប្រាក់​ជំនួយ​នោះដែល​បាន​ចេញ​ឲ្យ​តាំង​ពី​ខែ​មីនា​ទេ»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG