កាលពីថ្ងៃអង្គារម្សិលមិញ តុលាការឧទ្ធរណ៍មួយរបស់រដ្ឋាភិបាលសហព័ន្ធសហរដ្ឋអាមេរិក បានគាំទ្រសេចក្ដីសម្រេចមួយ ដែលអនុញ្ញាតឲ្យរាប់សន្លឹកឆ្នោតរបស់អ្នកបោះឆ្នោតដែលមិនបានមកបោះឆ្នោតដោយផ្ទាល់ក្នុងការបោះឆ្នោតថ្ងៃទី ៣ ខែវិច្ឆិកា ប្រសិនបើសន្លឹកឆ្នោតទាំងនោះ ផ្ញើមកដល់តិចជាង ឬត្រឹម ៦ ថ្ងៃ ក្រោយថ្ងៃបោះឆ្នោត។
គណៈកម្មាធិការដែលមានចៅក្រម ៣ រូប ដែលសុទ្ធតែតែងតាំងដោយប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ បានយល់ព្រមលើសេចក្ដីសម្រេចរបស់តុលាការជាន់ទាប ដែលបានចែងថា ប្រសិនបើសន្លឹកឆ្នោតត្រូវបានគេផ្ញើតាមប្រៃសណីយ៍នៅត្រឹមថ្ងៃទី ៣ ខែវិច្ឆិកា សន្លឹកឆ្នោតទាំងនោះអាចត្រូវបានទទួលយកដើម្បីបញ្ចូលក្នុងការរាប់សន្លឹកឆ្នោត ដរាបណាសន្លឹកឆ្នោតទាំងនោះមកដល់ត្រឹមថ្ងៃទី ៩ ខែវិច្ឆិកា។
គណៈកម្មាធិការជាតិគណបក្សសាធារណរដ្ឋ និងគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ Wisconsin បានប្រកែកប្រឆាំងនឹងការអនុញ្ញាតឲ្យពន្យារថ្ងៃផុតកំណត់នេះ ហើយពួកគេអាចនឹងប្ដឹងជំទាស់នឹងសេចក្ដីសម្រេចនេះ។ ពួកគេនិយាយថា អ្នកបោះឆ្នោតមានពេលគ្រប់គ្រាន់ដើម្បីទទួល និងផ្ញើសន្លឹកឆ្នោតមកវិញនៅត្រឹមថ្ងៃបោះឆ្នោត។
ចំណែកឯគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋ Wisconsin វិញ បានស្វាគមន៍ការសម្រេចរបស់តុលាការ និងបានឲ្យដឹងថា ការពន្យារពេលនេះ នឹងផ្ដល់ឱកាសដល់ពលរដ្ឋជាច្រើននៅរដ្ឋ Wisconsin ដើម្បីអាច «បញ្ចេញសំឡេងរបស់ពួកគេបាននៅក្នុងការបោះឆ្នោតលើកនេះ»។
រដ្ឋ Wisconsin នេះ គឺជារដ្ឋមួយក្នុងចំណោមរដ្ឋដែលមានការប្រជែងខ្លាំង ដែលនឹងអាចកំណត់ថាតើលោកប្រធានាធិបតី Trump ឈ្នះឆ្នោតនៅអាណត្តិទីពីរជាបន្តទៀត ឬក៏ថាតើលោក Joe Biden នឹងឈ្នះការបោះឆ្នោតប្រធានាធិបតីលើកនេះ។
លោក Trump បានឈ្នះឆ្នោតក្នុងរដ្ឋ Wisconsin នេះតិចជាងមួយភាគរយកាលពីឆ្នាំ ២០១៦ ហើយការស្ទង់មតិនាពេលថ្មីៗនេះបានបង្ហាញថា លោក Biden នាំមុខលោក Trump តិចតួចនៅក្នុងរដ្ឋនេះ៕