លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានធ្វើឲ្យមានការច្របូកច្របល់កាន់តែខ្លាំងឡើងនៅក្នុងអ្វីដែលជាការបោះឆ្នោតប្រធានាធិបតីដ៏លំបាកបំផុតរបស់សហរដ្ឋអាមេរិកនៅក្នុងសម័យទំនើប។
លោកប្រធានាធិបតី ត្រាំ បាននិយាយនៅក្នុងកិច្ចសម្ភាសន៍កាលពីថ្ងៃពុធជាមួយទូរទស្សន៍ WECT-TV ក្នុងទីក្រុង Wilmington រដ្ឋ North Carolina ថា៖ «អនុញ្ញាតឲ្យពួកគេបោះឆ្នោតតាមប្រៃសណីយ៍និងបោះឆ្នោតដោយផ្ទាល់ទៅ។ ហើយប្រសិនបើប្រព័ន្ធបោះឆ្នោតនោះល្អដូចដែលពួកគេនិយាយ ពួកគេនឹងមិនបោះឆ្នោតដោយផ្ទាល់ទេ»។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនៅក្នុងទីក្រុង Latrobe រដ្ឋ Pennsylvania លោកប្រធានាធិបតី ត្រាំ ហាក់ដូចជាកែប្រែកំណត់សម្គាល់របស់លោកដោយប្រាប់ពួកអ្នកគាំទ្ររបស់លោកថា ពួកគេគួរតែបោះឆ្នោតលើកទី២ ប្រសិនបើការបោះឆ្នោតលើកទី១របស់ពួកគេ មិនត្រូវបានគេរាប់នោះទេ។
លោកប្រធានាធិបតី ត្រាំ បានប្រាប់ពួកអ្នកគាំទ្រនៅចំណតយន្តហោះក្រុង Latrobe ថា «ចុះហត្ថលេខាលើសន្លឹកឆ្នោតតាមប្រៃសណីយ៍ ហើយផ្ញើវាទៅ។ ហើយបន្ទាប់មក លោកអ្នកត្រូវតែតាមមើលវា។ ហើយប្រសិនបើ នៅថ្ងៃបោះឆ្នោតឬការបោះឆ្នោតមុននោះមិនត្រូវបានគេរាប់ លោកអ្នកទៅបោះឆ្នោតម្តងទៀត»។
លោកប្រធានាធិបតីបាននិយាយទៀតថា៖ «លោកអ្នកត្រូវតែធ្វើឲ្យប្រាកដថា សន្លឹកឆ្នោតរបស់លោកអ្នកត្រូវបានគេរាប់»។
ក្រុមមន្រ្តីរៀបចំការបោះឆ្នោតរដ្ឋកំពុងប្រុងប្រៀបកត់ត្រាចំនួនសន្លឹកឆ្នោតតាមប្រៃសណីយ៍នៅក្នុងការបោះឆ្នោតថ្ងៃទី៣ ខែវិច្ឆិកាពីព្រោះតែការរាតត្បាតនៃវីរុសកូរ៉ូណា។ លោកប្រធានាធិបតី ត្រាំ បានអះអាងម្តងហើយម្តងទៀតដោយគ្មានភស្តតាងថា ពួកគណបក្សប្រជាធិបតេយ្យនឹងទទួលបានសន្លឹកឆ្នោតតាមប្រៃសណីយ៍រាប់លានសន្លឹកដើម្បីប៉ុនប៉ងលួចបន្លំដ៏ធំបំផុតនៅក្នុងប្រវត្តិនយោបាយ»៕