ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា.​នៅ​តែ​បន្ត​​កម្មវិធី​សម្រាប់​អ្នក​ដឹក​នាំ​វ័យ​ក្មេង​នៅ​អាស៊ី​អាគ្នេយ៍


លោក​ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ជួប​ពិភាក្សា​ជាមួយ​នឹង​សមាជិក​នៃ​កម្មវិធី​អ្នកដឹកនាំ​វ័យ​ក្មេង​របស់​តំបន់​អាស៊ីអាគ្នេយ៍ ឬ Young Southeast Asian Leaders Initiative។ ប្រធាន​បទ​នៃ​កម្មវិធី​នេះ​ផ្តោត​លើ​ការ​ចូលរួម​ក្នុង​សង្គម បរិស្ថាន ការ​គ្រប់គ្រង​ធនធានធម្មជាតិ និង​ភាព​ជា​សហគ្រិននៅ​សេតវិមាន កាល​ពី​ថ្ងៃ​ទី១ ខែ​មិថុនា ឆ្នាំ២០១៥។ (រូបថតផ្លូវការ​របស់​សេតវិមាន​ដោយ Chuck Kennedy)
លោក​ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ជួប​ពិភាក្សា​ជាមួយ​នឹង​សមាជិក​នៃ​កម្មវិធី​អ្នកដឹកនាំ​វ័យ​ក្មេង​របស់​តំបន់​អាស៊ីអាគ្នេយ៍ ឬ Young Southeast Asian Leaders Initiative។ ប្រធាន​បទ​នៃ​កម្មវិធី​នេះ​ផ្តោត​លើ​ការ​ចូលរួម​ក្នុង​សង្គម បរិស្ថាន ការ​គ្រប់គ្រង​ធនធានធម្មជាតិ និង​ភាព​ជា​សហគ្រិននៅ​សេតវិមាន កាល​ពី​ថ្ងៃ​ទី១ ខែ​មិថុនា ឆ្នាំ២០១៥។ (រូបថតផ្លូវការ​របស់​សេតវិមាន​ដោយ Chuck Kennedy)

កម្មវិធី​ផ្តួចផ្តើម​ភាព​ជា​អ្នក​ដឹក​នាំ​ដល់​យុវជន​អាស៊ី​អាគ្នេយ៍ ​(YSEALI) ​បានបង្កើត​ឡើង​ដោយ​លោក​បារ៉ាក់ ​អូបាម៉ា​ (Barack​ Obama)​​ ​ប្រធានាធិបតី​​​ស.រ.អា. ​នៅ​ឆ្នាំ​២០១៣​ក្នុង​គោល​បំណង​ដើម្បី​អភិវឌ្ឍ​អ្នក​ដឹក​នាំ​ដែល​មាន​អាយុ​ក្រោម​៣៥ឆ្នាំ​នៅ​ក្នុង​តំបន់​នេះ។

សហរដ្ឋ​អាមេរិក​នៅ​តែបន្តបង្កើន​ទំនាក់​ទំនង​ជាមួយ​បណ្ដា​ប្រទេស​ទាំង​ឡាយ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​តាម​រយៈ​ការ​បង្កើត​កម្មវិធី​ជា​ច្រើន​ក្នុងពេលប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ​ក្នុង​ចំណោម​កម្មវិធី​ទាំង​នោះ​គឺ​មាន​កម្មវិធី​មួយ​មាន​ឈ្មោះ​ថា ​កម្មវិធី​ផ្តួចផ្តើម​ភាព​ជា​អ្នក​ដឹក​នាំ​ដល់​យុវជន​អាស៊ី​អាគ្នេយ៍ ​(YSEALI) ​ដែល​បង្កើត​ឡើង​ដោយ​លោក​បារ៉ាក់​ អូបាម៉ា​ (Barack​ Obama) ​ប្រធានាធិបតី​ស.រ.អា. ​នៅ​ឆ្នាំ​២០១៣​ក្នុង​គោល​បំណង​ដើម្បី​អភិវឌ្ឍ​អ្នក​ដឹក​នាំ​ដែល​មាន​អាយុ​ក្រោម​៣៥ឆ្នាំ​នៅ​ក្នុង​តំបន់​នេះ។

លោក​ឃើត​នី វូដ ​(Courtney Woods) ​ប្រធាន​ស្តីទី​នៃ​កិច្ចការ​សាធារណៈ​នៃ​ស្ថានទូត​ស.រ.អា.​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​ បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា​ កម្មវិធី​នេះ​បង្កើត​ឡើង​ដើម្បី​ធានា​ឲ្យ​បាន​ថា​ អ្នក​ដឹក​នាំ​វ័យ​ក្មេង​របស់​ប្រទេស​កម្ពុជា​និង​ប្រទេសក្នុង​តំបន់ ​«មាន​ធនធាន​សំភារៈ​ និង​បណ្ដាញ​ក្នុងដៃដែល​ពួក​គេ​ត្រូវ​ការ​ជាមូ​លដ្ឋាន ​ដើម្បីឲ្យ​ពួក​គេ​អាច​គ្រប់គ្រងស្ថាន​ភាព​នៅ​ក្នុង​សហគមន៍​របស់​ពួក​គេ​ ​នា​ពេល​អនាគត​ក៏​ដូច​ជា​ពេល​បច្ចុប្បន្ន»។​

លោក​បាន​បន្ថែម​ថា​ សកម្មភាព ​កម្មវិធី​នានា ​និង​អាហារូបករណ៍​ ក៏​ដូចជា​សិក្ខាសាលាជាច្រើន​ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ឲ្យ​ប្រជាជន​ក្មេងៗ​ទាញ​យក​ផល​ប្រយោជន៍​ពី​កម្មវិធី​នេះ​ហើយ​និង​ចាប់​យក​តួនាទី​ជា​អ្នក​ដឹក​នាំ ​និង​ចេះ​មាន​ការទទួល​ខុស​ត្រូវ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​សង្គម​នានា​ផង​ដែរ។​

លោក​និយាយថា៖

«បញ្ហា​ទាំង​នោះ​ជា​ធម្មតា​គឺការ​យល់​ដឹង​អំពី​បរិស្ថាន​ និង​ការ​ចូល​រួម​របស់​ពល​រដ្ឋ។ ​បញ្ហា​មួយ​ទៀត​គឺ​ពិនិត្យមើល​សមាហរណ​កម្ម​សេដ្ឋ​កិច្ច​អាស៊ាន​ដែល​នឹង​កើត​មាន​ឡើង។ ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គឺ​ជា​បញ្ហា​ធំ​មួយ​សម្រាប់​ប្រជាជន​វ័យ​ក្មេង​នៅ​ក្នុង​តំបន់​នេះ​ផង​ដែរ»។​

កម្ម​វិធី​ផ្តួចផ្តើម​ភាព​ជា​អ្នក​ដឹក​នាំ​ដល់​យុវជន​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា (YSEALI) ​នេះ​មាន​សមាជិក​ចំនួន​២៥៥៨​នាក់​ ដែល​សមាជិក​មួយ​ចំនួន​ក្នុង​ចំណោម​ពួក​គេ​ទាំង​នោះ​ ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ចូល​រួម​សិក្ខា​សាលា​ក្នុង​តំបន់​ ព្រមទាំង​ទៅ​ទស្សន​កិច្ច​នៅ​សហ​រដ្ឋ​អាមេរិក​ក្នុង​កម្មវិធីផ្លាស់ប្តូរ​ការ​សិក្សា​ផង​ដែរ។​

កម្ម​វិធី​កំនិត​ផ្តួចផ្តើម​នេះ​បាន​បង្កើត​បណ្ដាញ​គាំទ្រ​មួយ​ ដែល​ជួយ​ឲ្យ​យុវជន​នៅ​ក្នុង​តំបន់​មាន​ទំនាក់​ទំនង​ដោយ​ផ្ទាល់​ជាមួយ​គ្នា​ ហើយ​ក៏​ជួយ​ពួក​គេ​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​នៅ​ក្នុង​សហគមន៍​របស់​ពួក​គេ​ផង​ដែរ។​ តាមរយៈ​ការ​ចូល​រួម​ក្នុង​កម្មវិធី​នេះ ​ យុវជន​ក៏​មាន​ឱកាស​បានទៅ​សហ​រដ្ឋ​អាមេរិកជួប​ជាមួយ​សមាជិក​រដ្ឋាភិបាល ​អ្នក​ជំនួញ និង​មន្ត្រី​សង្គម​ស៊ីវិល​ផងដែរ ​ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍​ និង​ទទួល​បាន​ចំណេះ​ដឹង​ថ្មីៗ​បន្ថែម​ទៀត។​ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​ពី​លោក​ឃើត​នី វូដ។​

លោក​កេត មុន្នី​វឌ្ឍនា​ ​២៣​ឆ្នាំ​គឺ​ជា​យុវជន​ដែល​បាន​ផ្លាស់​ប្តូរ​ការ​សិក្សា​រយៈ​ពេល​៥​សប្ដាហ៍​ទៅ​កាន់​សហ​រដ្ឋ​អាមេរិក​តាម​រយៈ​កម្ម​វិធី​នេះ។ ​លោកបាន​និយាយ​ថា​ YSEALI ​ខុស​ប្លែក​ពី​កម្មវិធី​ផ្សេងៗ​ ព្រោះ​វា​ផ្ដល់​ឲ្យ​ ទាំង​ចំណេះ និងជំនាញ។​
លោក​វឌ្ឍនា​បាន​ឲ្យដឹង​ទៀត​ថា​ រយៈពេល​៥​អាទិត្យ​ខ្លី​ ហើយ​និស្សិតអត់​អាច​រៀន​ជា​លក្ខណៈ​ផ្លាស់​ប្តូរ​ចំណេះ​ដឹង​ ​សម្រាប់​ការ​សិក្សា​ថ្នាក់​ឧត្តម​សិក្សា​បាន​ទេ។ ​ ប៉ុន្តែ​វា​ផ្ដល់​ជា​ជំនាញ ​ដែល​គេ​ពិបាក​នឹង​រក​បាន​នៅ​ក្នុង​សាលា។ ​ ជំនាញ​ទាំង​នោះ​ទាក់​ទង​នឹង​ការ​សរសេរ​សំណើ​គម្រោង​ និង​ជំនាញ​នៅ​ក្នុង​ការ​បង្កើត​ឲ្យ​ចេញ​ជា​គម្រោង។​

លោក​វឌ្ឍនា​លើក​ឡើង​ថា៖​

«ឧទាហរណ៍​ថា​ យើង​ចង់​ធ្វើ​គម្រោង​អី​មួយ ​អញ្ចឹង​យើង​ត្រូវ​មានលំដាប់​កាល​អី្វ​ខ្លះ​ ហើយ​យើង​រៀប​ចំ​គម្រោង​ហ្នឹង​យ៉ាង​ម៉េច?​ យើង​បង្កើត​ជា​ក្រុម​ដើម្បីធ្វើ​ គម្រោងហ្នឹង​យ៉ាង​ម៉េច»។​

យុវជន​ ដែល​មាន​ការ​ចាប់អារម្មណ៍​ទៅ​លើ​បញ្ហា​បរិស្ថាន​រូប​នេះ​ បាន​បន្ត​ទៀត​ថា ​នៅ​ពេល​ដែល​លោក​ទៅ​សហ​រដ្ឋ​អាមេរិក​ លោក​ត្រូវ​បាន​គេ​នាំ​ឲ្យ​ទៅ​មើល​ភ្នំ​ទឹក​កក​កំពុង​រលាយ បណ្ដាល​មក​ពី​ការប្រែ​ប្រួល​អាកាសធាតុ​ ហើយ​ក៏​បាន​សិក្សា​ផង​ដែរ​ថា​ តើ​បញ្ហា​បរិស្ថាន​នៅ​សហ​រដ្ឋ​អាមេរិក​ខុស​គ្នា​យ៉ាងណា​ខ្លះ​ ​បើប្រៀបនឹង​បញ្ហា​បរិស្ថាន​នៅ​កម្ពុជា​ មាន​ដូច​ជា​គ្រោះ​រាំង​ស្ងួត​ ​និង​ការ​កាប់​បំ​ផ្លាញ​ព្រៃ​ឈើ។​
លោក​វឌ្ឍនា​បាន​ប្រាប់​បន្ត​ទៀត​ថា៖​

«ខ្ញុំ​គិត​ថា​ កម្មវិធី​ហ្នឹង​វា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចំណេះ​ដឹង​ទី១។​ ហើយ​ទី២ ​វា​បាន​ជំរុញឲ្យ​ខ្ញុំ​ស្រឡាញ់​ផ្នែក​ហ្នឹង​(បរិស្ថាន) ​ហើយ​វា​ធ្វើ​ឲ្យ​ខ្ញុំ​ចង់ធ្វើ​សកម្ម​ភាព​ត​ទៅ​មុខ​ទៀត ​ទាក់​ទង​ជាមួយ​នឹង​ការ​សិក្សា​ក៏ដូចជា​ការងារ​របស់​ខ្ញុំ​ទាក់​ទង​នឹង​បញ្ហា​បរិស្ថាន។ ​អញ្ចឹង​ ពេល​ខ្ញុំ​ត្រឡប់​មក​វិញ​ហ្នឹង​គឺ​ក្រុម​ខ្ញុំ​បាន​បង្កើត​ជា​គម្រោង​មួយ​ដែល​យើង​ទៅ​ដាំកូន​ឈើ​ជាមួយ​ជន​ជាតិ​ដើម​ភាគ​តិច ​ហើយ​ក៏​យើង​បាន​នាំ​សិស្ស​ភ្នំ​ពេញ​ហ្នឹង​ចូល​ទៅ​ក្នុង​ព្រៃ​សហគមន៍​ជន​ជាតិ​ដើម​ភាគតិច​ ដើម្បីឲ្យ​ពួក​គេ​បាន​សិក្សា ​ឲ្យ​ពួក​គេ​បាន​យល់​ដឹង​ពី​ទាក់​ទង​ទៅ​នឹង៖​ ទី​១​ បញ្ហា​ដែល​ប៉ះពាល់​ដល់អ្នក​ដែល​រស់​នៅ​ពឹង​ផ្អែក​ទៅ​លើព្រៃឈើ។​ ទី២​ផល​ប៉ះពាល់​នៃ​ការ​ប្រែ​ប្រួល​អាកាសធាតុ។ ​ទី៣ ​យើង​ឲ្យ​ដឹង​ថា ​តើ​ជីវិត​អ្នក​ដែល​រស់​នៅ​ទីក្រុង ​ហើយ​និង​ជីវិត​អ្នក​ដែល​រស់​នៅ​ផ្អែក​ទៅ​លើព្រៃ​ឈើ​ហ្នឹង​ គឺវា​ខុស​គ្នា​យ៉ាង​ម៉េច»។​

នាង​ស៊ីផា កញ្ចនី​ ជា​យុវតីដែល​ជា​សមាជិក​របស់ ​YSEALI ​ហើយ​ក៏​ធ្លាប់​បាន​ទៅផ្លាស់​ប្តូរ​ការ​សិក្សា​នៅ​សហ​រដ្ឋ​អាមេរិក​តាម​រយៈ​កម្មវិធី​នេះ​ដែរ​នោះ ​បាន​បញ្ជាក់​ថា ​រូប​គេ​ទទួល​បាន​អត្ថ​ប្រយោជន៍​ជាច្រើន​ពី​កម្មវិធី​នេះ ​ដូច​ជា​ការ​កសាង​បណ្ដាញ​ជា​មួយ​យុវជន​ដទៃ​នៅ​ក្នុង​តំបន់ ​ការស្នាក់​នៅ​ និង​ការ​សិក្សា​នៅ​សហ​រដ្ឋ​អាមេរិក​ ដែលជា​កន្លែង​ដែល​នាង​បាន​រៀន​ពី​វប្បធម៌​អាមេរិក​កាន់​តែ​ច្រើន​ រួម​ទាំង​បាន​ទទួល​នូវ​ជំនាញ​ភាព​ជា​អ្នក​ដឹក​នាំ​ហើយ​នឹង​ការ​អនុវត្ត​ជាក់​ស្ដែង​ ដូច​ជា​ទំនាក់​ទំនង​ និង​ការ​សម្រួល​ខ្លួន​ជាមួយ​អ្នក​ដទៃ​ជាដើម។​

បច្ចុប្ប​នេះ​កញ្ញា​កញ្ចនី​កំពុង​តែ​ធ្វើ​ការ​ក្នុង​ក្រុម​តូច​មួយ​ជាមួយ​នឹង​មិត្ត​ភក្តិ​របស់​នាង​មួយ​ចំនួន​ផ្សេង​ទៀត​ ដើម្បី​រៀប​ចំ​ដំណើរ​ទស្សនកិច្ច​ជិះ​កង់​ ដោយ​សារ​តែ​នៅ​ឆ្នាំ​ក្រោយ​នេះ​ប្រទេស​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ការ​ជួប​ជុំ​សម្រាប់​សមាជិក​ដែល​បាន​ផ្លាស់​ប្តូរ​ការ​សិក្សា។​

នាង​កញ្ចនី​បាន​បន្ថែម​យ៉ាង​ដូច្នេះ​ថា៖​

«ពួក​បងៗ​ដឹក​នាំ​គេ​ឲ្យ​ជិះកង់​(អ្នក​ចូល​រួម)​ទៅ​ក្នុង​បរិវេណ​អង្គរវត្ត​ សិក្សា​ពី​វប្បធម៌​ខ្មែរ​យើង ​ហើយ​និង​របៀប​ថែ​រក្សា​ប្រាសាទ​ជា​មួ​យ​ដៃ​គូ​ផ្សេងៗ​ទៀត»។​
កញ្ចនី​ក៏​បាន​ចែក​រំលែក​នូវ​បទ​ពិ​សោធន៍​របស់​នាង​ជាមួយ​សិស្ស​និស្សិត​កម្ពុជា​ផ្សេង​ទៀត​ផង​ដែរ​ ជា​ពិសេស​អ្នក​ដែល​នៅ​តាម​ខេត្ត​ដែល​ទទួល​បាន​ព័ត៌មាន​តិច​ពី​កម្ម​វិធី​នេះ។​

លោក​អ៊ូ រិទ្ធី​ ដែល​ជា​ស្ថាបនិក​តុ​កាហ្វេ​នយោបាយ​ បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា ​កម្ម​វិធីនេះ​ ក៏​ដូច​ជា​កម្មវិធី​ផ្សេងៗទៀតដែល​ផ្ដល់​ដោយ​សហរដ្ឋ​អាមេរិក​ដែរ​គឺ​ជា​កម្មវិធី​ល្អ​សម្រាប់​ប្រទេស​កម្ពុជា។​

លោក​អ៊ូ រិទ្ធី​បាន​បញ្ជាក់​បន្ថែម​ថា៖​

«វា​ជា​រឿង​ល្អ​ទៅ​វិញ​ទេ ​នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​ប្រកាន់​យក​របប​ប្រជា​ធិបតេយ្យ ​ហើយ​និង​ទី​ផ្សារ​សេរី។ ខ្ញុំ​គិត​ថា​ របប​ប្រជា​ធិបតេយ្យ​ហើយ​និង​ទីផ្សារ​សេរី​គឺ​វា​បាន​ផ្សព្វ​ផ្សាយ​ទូទាំង​ពិភព​លោក​ទៅ​ហើយ»។​

លោក​អ៊ូ រិទ្ធី​បាន​ពន្យល់​ថា ​ ​ប្រសិន​បើ​កម្ពុជា​សម្រេច​ចិត្ត​ថា ​យក​របប​ប្រជា​ធិបតេយ្យ​ ដូច្នេះ​ការទៅ​សិក្សា​នៅ​អាមេរិក​វា​ជា​រឿង​ល្អ ​ព្រោះ​ស.រ.អា.​ជា​ប្រទេស​ប្រជា​ធិបតេយ្យ​មានជំនាញ និងចំណេះ​ដឹង​ទាក់​ទៅ​នឹង​ការផ្តួចផ្តើម​ភាព​ជា​អ្នក​ដឹក​នាំ​ដល់​យុវជន៕​

XS
SM
MD
LG