លោក Rex Tillerson រដ្ឋមន្ត្រីការបរទេសអាមេរិកបានថ្លែងថា សហរដ្ឋអាមេរិកកំពុងតែពិចារណាលើការបិទស្ថានទូតរបស់ខ្លួនក្នុងប្រទេសគុយបា បន្ទាប់ពីមន្ត្រីការទូតអាមេរិកជាច្រើននាក់ជួបប្រទះបញ្ហាសុខភាពនៅទីនោះ។
លោក Tillerson បានថ្លែងក្នុងកម្មវិធី Face the Nation របស់ទូរទស្សន៍ CBS អាមេរិកថា៖ «យើងកំពុងតែវាយតម្លៃទៅលើបញ្ហានេះ ហើយវាជាបញ្ហាដ៏ធ្ងន់ធ្ងរមួយដោយសារតែវាប៉ះពាល់ដល់បុគ្គលិករបស់យើង»។
ជនជាតិអាមេរិកាំងយ៉ាងហោចណាស់២១នាក់បានជួបប្រទះនឹងបញ្ហាដែលក្រសួងការបរទេសហៅថាជា«ហេតុការណ៍»ដែលបានបណ្តាលឲ្យមានរោគសញ្ញាមួយចំនួនផ្សេងៗគ្នា ដូចជាការស្តាប់លែងឮ ការប៉ះទង្គិចខួរក្បាល ឈឺក្បាល ហ៊ឹងត្រចៀក ការបាត់បង់ការផ្តោតអារម្មណ៍ និងការចងចាំពាក្យធម្មតាៗមួយចំនួន។
ថ្វីដ្បិតតែអ្នកស៊ើបអង្កេតបានស្រាវជ្រាវទៅលើមូលហេតុនានាដូចជាលទ្ធភាពនៃរលកសំឡេង ឬអាវុធអេឡិចត្រូម៉ាញេទិកជាដើម គេនៅមិនទាន់អាចកំណត់បានថាមកពីមូលហេតុអ្វីនៅឡើយទេ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Associated Press។
តំណាងរាស្ត្រក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានលើកឡើងពីការព្រួយបារម្ភទៅលើហេតុការណ៍ទាំងនេះ។ កាលពីថ្ងៃសុក្រ សមាជិកព្រឹទ្ធសភាអាមេរិកខាងគណបក្សសាធារណរដ្ឋចំនួន៥នាក់បានសរសេរលិខិតទៅកាន់លោក Tillerson ឲ្យបិទស្ថានទូតក្នុងរដ្ឋធានីឡាហាវ៉ាន និងបណ្តេញមន្ត្រីការទូតគុយបាទាំងអស់ចេញពីសហរដ្ឋអាមេរិក៕