សហភាពអឺរ៉ុបនិងប្រទេសគុយបាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធ្វើឱ្យទំនាក់ទំនងមានភាពធម្មតាឡើងវិញបន្ទាប់ពីបានរារាំងអស់រយៈពេលជាច្រើនទសវត្សរ៍ដោយសារតែការព្រួយបារម្ភពីការរំលោភសិទ្ធិមនុស្សដែលស្ថិតនៅក្រោមរបបអតីតមេដឹកនាំកុម្មុយនីស្ត Fidel Castro។
លោក Rodriguez Parrilla រដ្ឋមន្ត្រីការបរទេសគុយបានិងលោកស្រី Federica Mogherini ប្រធានការបរទេសនៃសហភាពអឺរ៉ុបរួមទាំងតំណាងចំនួន២៨នៃប្រទេសសមាជិកសហភាពអឺរ៉ុបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីនៅថ្ងៃចន្ទនេះនៅក្នុងពិធីមួយក្នុងទីក្រុងប្រ៊ុចសែល។
កាលពីសប្តាហ៍មុន ក្រុមរដ្ឋមន្ត្រីនៃសហភាពអឺរ៉ុបបានយល់ព្រមច្រានចោលគោលនយោបាយឆ្នាំ១៩៩៦ដែលចែងថាប្រទេសគុយបាត្រូវតែធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សរបស់ខ្លួនបានប្រសើរឡើងមុនពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងធ្វើប្រក្រតីកម្មទំនាក់ទំនងឡើងវិញ។
លោក Parrilla បាននិយាយថាកិច្ចព្រមព្រៀងនេះ«បង្ហាញថាដោយសារតែមានសុឆន្ទៈនិងការគោរពគ្នា គឺពិតជាអាចធ្វើឱ្យមានការរីកចម្រើននិងដោះស្រាយការខ្វែងគំនិតគ្នា» ហើយលោកបានបន្ថែមថា «ទំនាក់ទំនងសេដ្ឋកិច្ចជាមួយនឹងសហភាពអឺរ៉ុបនឹងបន្តជាអាទិភាពសម្រាប់ប្រទេសគុយបា» ក្នុងខណៈដែលប្រទេសនេះកសាងសេដ្ឋកិច្ចសង្គមនិយមមួយ។
គុយបាគឺជាប្រទេសក្នុងបណ្តាប្រទេសឡាទីនអាមេរិកាំងតែមួយគត់ដែលមិនមានកិច្ចព្រមព្រៀងសន្ទនានិងសហប្រតិបត្តិការជាមួយនឹងសហភាពអឺរ៉ុបលើបញ្ហាមួយចំនួនដូចជាពាណិជ្ជកម្ម សិទ្ធិមនុស្សនិងចំណាកស្រុក។
ក្នុងឆ្នាំ២០០៣ សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មលើប្រទេសគុយបាហើយបានផ្អាកកិច្ចសហប្រតិបត្តិការដោយសារតែគុយបាបានបង្រ្កាបលើអ្នកសារព័ត៌មាននិងសកម្មជននានាហើយរហូតដល់ឆ្នាំ២០០៨ទើបការចរចាចាប់ផ្តើមឡើងវិញ៕