ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​សភា​អាមេរិក​ទៅ​ទស្សនា​អាកាសយានដ្ឋាន​ក្រុង​កាប៊ុល​ចំ​ពេល​មាន​ការ​ខិតខំ​ជម្លៀស


មគ្គទ្ទេសក៍អាកាសយានិករបស់កងទ័ព​អាកាស​អាមេរិក ជម្លៀស​អ្នកដំណើរ​ឡើង​យន្តហោះ C-17 Globemaster III របស់​កងទ័ព​អាកាស​អាមេរិក​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Hamid Karzai ក្នុង​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។ (រូបនេះ ផ្តល់​ឲ្យ​ដោយ​កងទ័ព​អាកាស​អាមេរិក)
មគ្គទ្ទេសក៍អាកាសយានិករបស់កងទ័ព​អាកាស​អាមេរិក ជម្លៀស​អ្នកដំណើរ​ឡើង​យន្តហោះ C-17 Globemaster III របស់​កងទ័ព​អាកាស​អាមេរិក​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Hamid Karzai ក្នុង​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។ (រូបនេះ ផ្តល់​ឲ្យ​ដោយ​កងទ័ព​អាកាស​អាមេរិក)

សមាជិក​សភា​អាមេរិក​ពីរ​រូប ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់រដ្ឋធានីកាប៊ុលនៃ​ប្រទេស​អាហ្វហ្គានីស្ថាន​ដោយ​មិន​បាន​ប្រកាស​ជាមុន​កាល​ពី​ថ្ងៃ​អង្គារ ដែល​ពួកគេ​និយាយ​ថា​ ​ដើម្បី​វាយ​តម្លៃ​កិច្ច​ប្រឹងប្រែង​ជម្លៀស​ដែល​កំពុង​បន្ត ​និង​ដាក់​សម្ពាធ​ឱ្យ​លោក​ប្រធានាធិបតី Joe Biden ​ពន្យារ​ពេល​ថ្ងៃកំណត់សម្រាប់ដក​កងទ័ព​អាមេរិក​ដែល​នៅ​សល់​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន ឱ្យ​ហួស​ពី​ថ្ងៃ​ទី​៣១ ខែ​សីហា។

សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​ពី​សមាជិក​សភាលោក​ Seth Moulton អ្នក​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ Massachusetts និង​សមាជិក​សភាលោក​ Peter Meijer អ្នក​សាធារណរដ្ឋ​មកពី​រដ្ឋ​ Michigan ​សរសេរ​ថា៖ ​«យើង​បាន​ធ្វើ​ទស្សនកិច្ច​នេះ​ដោយ​សម្ងាត់​ ដោយ​និយាយ​អំពី​រឿង​នេះ​ បន្ទាប់​ពី​ការ​ចាកចេញ​របស់​យើង​ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​និង​ការ​រំខាន​ដល់​អ្នក​នៅ​មូលដ្ឋាន​ ហើយ​ដោយសារ​តែ​យើង​នៅ​ទីនោះ​ដើម្បី​ប្រមូល​ព័ត៌មាន​ មិនមែន​ដើម្បី​សម្ញែង​ទេ»។

តំណាងរាស្ត្រ​ដែល​ធ្វើ​ការ​នៅ​គណៈកម្មាធិការ​កិច្ចការ​ការពារ​ជាតិ​នៃ​រដ្ឋសភា​អាមេរិក​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​បន្ទាប់​ពី​ជិះ​យន្តហោះ​ឈ្នួល​ចេញ​ពី​ទីក្រុង​កាប៊ុល។ ​តាម​ទស្សនៈ​របស់​ពួកគេ​ បន្ទាប់​ពី​បាន​ឃើញ​ស្ថានការណ៍​ផ្ទាល់ ​ហើយ​នឹង​បាន​និយាយ​ជាមួយ​មេបញ្ជាការ​នៅ​ទីនោះ​ ពួកគេ​បាន​និយាយ​ថា៖ «យើង​នឹង​មិន​អាច​ជម្លៀសអ្នក​ទាំង​អស់​ចេញ​ទាន់​ពេល​ទេ»។​

លោក ​Biden បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា​ លោក​រំពឹង​ថា​ បេសកកម្ម​ជម្លៀស​ប្រជាជន​នឹង​ត្រូវ​បញ្ចប់​នៅចុង​ខែ​នេះ។ ​ប្រធាន​រដ្ឋសភា​អ្នកស្រី ​Nancy Pelosi ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពីថ្ងៃ​អង្គារ​ថា​ ការ​ធ្វើ​ដំណើរ​របស់​សមាជិក​សភា​ទៅ​កាន់​តំបន់​ នឹង​បង្វែរ​ធនធាន​ចេញ​ពី​ប្រតិបត្តិការ​ជម្លៀស។​ មន្រ្តី​រដ្ឋបាល​លោក Biden ​ខ្លះ​ប្រាប់​ AP ​ថា​ ពួកគេ​យល់ថា​ ​ការ​ធ្វើ​ដំណើរ​នេះ​ គឺរំខាន​ដល់កងទ័ព​ដែលកំពុង​មានភារកិច្ច​ការពារ​អាកាស​យានដ្ឋាន​ដើម្បី​ជួយ​សម្រួល​ដល់​ជើង​យន្តហោះ​ជម្លៀស៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុងសេចក្តី​រាយការណ៍​នេះ​ បានមក​ពី​ទី​ភ្នាក់ងារ​ព័ត៌មាន AP និង Reuters

XS
SM
MD
LG