កងយោធាស.រ.អា.បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះនៅពេលផ្សព្វផ្សាយសេចក្តីល្អិតល្អន់នៃការស៊ើបអង្កេតរបស់ខ្លួនថា កិច្ចប្រតិបត្តិការយោធារួមគ្នាមួយនៅក្នុងប៉ែកខាងជើងនៃប្រទេសអាហ្វហ្គានីស្ថានកាលពីដើមខែវិច្ឆិកាបានបណ្តាលឱ្យជនស៊ីវិលអាហ្វហ្គានីស្ថាន៣៣នាក់ស្លាប់ «ប្រកបដោយការសោកស្តាយ» និងបានធ្វើឱ្យប្រជារាស្ត្រអាហ្វហ្គានីស្ថាន២៧នាក់ទៀតត្រូវរបួស។
បើតាមពួកអ្នកស្រុក និងពួកបះបោរថាការវាយប្រហារដ៏ប្រល័យនៅក្នុងភូមិ Boz ក្នុងខេត្ត Kunduz មានចលាចលបានកម្ទេចផ្ទះរាប់សិបខ្នង។ កិច្ចប្រតិបត្តិការរួមគ្នានេះបានត្រូវធ្វើឡើងដើម្បីចាប់ខ្លួនពួកមេដឹកនាំតាលីបង់ដែលបានរៀបចំផែនការប្រព្រឹត្តអំពើហិង្សាដើម្បីវាយយកទីរួមខេត្ត Kunduz នេះបើតាមការប្រាប់ឱ្យដឹងដោយពួកមន្ត្រីយោធាអាហ្វហ្គានីស្ថាន និងអាមេរិកាំង។
កងយោធាស.រ.អា.បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា «ដើម្បីការពារខ្លួនឯងនិងកងកម្លាំងអាហ្វហ្គានីស្ថាន កងកម្លាំងស.រ.អា.បានបាញ់តនឹងពួកតាលីបង់ក្នុងការការពារខ្លួន ដោយពួកនេះបានប្រើប្រាស់ផ្ទះជនស៊ីវិលជាទីតាំងសម្រាប់បាញ់ទៅលើពួកទាហានរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងកងទាហានអាមេរិកាំង។
សេចក្តីថ្លែងការណ៍នេះបានដកស្រង់ពាក្យសម្តីលោកឧត្តមសេនីយ៍ John Nicholson មេបញ្ជាការកងកម្លាំងស.រ.អា.ក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលបានមានប្រសាសន៍ថា «ដោយមិនគិតពីកាលៈទេសៈ ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំងដល់ការបាត់បង់ជីវិតពួកជនស្លូតត្រង់គ្មានទោសពៃរ៍។ ខ្ញុំចង់ធានារ៉ាប់រងដល់លោកប្រធានាធិបតី Ghani និងប្រជារាស្ត្រអាហ្វហ្គានីស្ថានថាយើងនឹងចាត់វិធានាការទាំងអស់តាមដែលអាចធ្វើបានដើម្បីការពារក្រុមជនស៊ីវិលអាហ្វហ្គានីស្ថាន៕