ឧត្តមសេនីយ៍កំពូលអាមេរិកក្នុងប្រទេសអាហ្វហ្គានីស្ថានបាននិយាយថា កងកម្លាំងរបស់លោកបានធ្វើការវាយប្រហារតាមអាកាសចំនួន៤៧០លើក ដើម្បីជាការជ្រុមជ្រែងកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការកំចាត់ក្រុមបះបោរ និងភេរវករក្នុងប្រទេស។
លោកវរសេនីយ៍ទោ Chris Karns អ្នកនាំពាក្យទីបញ្ជាការកណ្តាលរបស់កងទ័ពអាកាសអាមេរិកបានប្រាប់ VOA នៅថ្ងៃទី ២៨ ខែកក្កដា ថា តាមពិតទៅអាវុធច្រើនជាងមុនត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារតាមអាកាសក្នុងប្រទេសអាហ្វហ្គានីស្ថានកាលពីសប្តាហ៍មុនជាងសប្តាហ៍ផ្សេងៗទៀតក្នុងឆ្នាំ២០១៦។ បើតាមទិន្នន័យចេញពីកងទ័ពអាកាសអាមេរិក ចំនួនអាវុធដែលបានដាក់ចេញឲ្យប្រើ គឺកើនឡើងទៅដល់៨០ភាគរយចាប់តាំងពីដើមពាក់កណ្តាលឆ្នាំ២០១៥ ដល់ដើមពាក់កណ្តាលឆ្នាំ២០១៦។
លោកឧត្តមសេនីយ៍ John “Mick” Nicholson បានប្រាប់អ្នករាយការណ៍តាមរយៈសន្និសីទជាវីដេអូមកពីអាហ្វហ្គានីស្ថានថា ការវាយប្រហារតាមអាកាសប្រមាណជា៤០លើកត្រូវបានធ្វើឡើងក្រោមសិទ្ធិអំណាចថ្មីដែលផ្តល់ដោយលោកប្រធានាធិបតីកាលពីខែមុនដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថានក្នុងការកំចាត់ក្រុមបះបោរនិងភេរវករ។
ឥឡូវនេះទាហានអាមេរិកក្នុងប្រទេសអាហ្វហ្គានីស្ថាន អាចវាយប្រហារទៅលើក្រុមប្រយុទ្ធតាលីបង់ដោយផ្ទាល់ដើម្បីជួយកងកម្លាំងអាហ្វហ្គានីស្ថានបង្កើនផលប្រយោជន៍ខាងយុទ្ធសាស្ត្រ។ កាលពីលើកមុនកងកម្លាំងអាមេរិកត្រូវបានបញ្ជាឲ្យវាយប្រហារក្រុមតាលីបង់ប្រសិនបើពួកគេស្ថិតនៅក្រោមការវាយលុក ឬនៅពេលក្រុមសម្ព័ន្ធមិត្តអាហ្វហ្គានីស្ថានរៀបនឹងជួបប្រទះការបរាជ័យ។
ប្រហែលជាការវាយប្រហារតាមអាកាសចំនួន១៨០លើក ជាការគាំទ្របេសកកម្មប្រឆាំងភេរវកម្មរបស់អាមេរិកដែលមានគោលដៅតម្រង់ទៅក្រុមអាល់កៃដា ដែលជាក្រុមប្រយុទ្ធរបស់ក្រុមរដ្ឋឥស្លាម និងក្រុមភេរវកម្មដទៃទៀត។
ការផ្លាស់ប្តូរធនធាន
ក្រៅពីការកើនឡើងនៃការវាយប្រហារតាមអាកាសនេះ យោធាអាមេរិកបានបង្វែរធនធានខណៈពេលដែលយោធាអាហ្វហ្គានីស្ថានផ្តោតទៅលើការវាយប្រហារនៅប៉ែកខាងកើតនៃប្រទេស។
លោក Nicholson និយាយថា៖ «យោធាអាហ្វហ្គានីស្ថានបានបង្វែរការប្រឹងប្រែងរបស់គេមកភាគខាងកើតវិញ គឺពីខេត្ត Helmand ទៅខេត្ត Nangahar ហើយពួកយើងជួយពួកគេដោយប្តូរទីតាំងនៃការស៊ើបការណ៍ ការឈ្លបយកការណ៍ និងកម្លាំងផ្លូវអាកាសរបស់យើងមកតំបន់នោះវិញ។
សមាជិកបម្រើការរបស់អាមេរិក៥នាក់ត្រូវរបួសក្នុងប្រតិបត្តិការប្រឆាំងភេរវកម្មដ៏ខ្លាំងក្លាមួយពេលសហជាដៃគូជាមួយកងកម្លាំងអាហ្វហ្គានីស្ថាននៅថ្ងៃទី២៤ និងទី២៥ ខែកក្កដា។
លោក Nicholson បញ្ជាក់ថា របួសទាំងនេះ គឺជាលទ្ធផលនៃការបាញ់បោះ និងការដាក់គ្រាប់បែកបន្តិចបន្តួចក្នុងពេលកំពុងព្យាយាមធ្វើប្រតិបត្តិការបោសសម្អាតកន្លែងមួយនៅក្នុងខេត្ត Nangahar ភាគខាងត្បូង។ លោកបានបន្ថែមថា របួសទាំងនោះមិនមានគ្រោះថ្នាក់ដល់ជីវិតទេ។
ការផ្លាស់ប្តូរទៅភាគខាងកើតនេះនាំឲ្យមានការវាយប្រហារទៅដល់យុទ្ធជនរបស់រដ្ឋឥស្លាមក្នុងប្រទេសនេះ ដែលលោក Nicholson បាននិយាយថា ចំនួនយុទ្ធជនពី១.០០០ទៅ១.៥០០នាក់បានធ្លាក់ចុះពាក់កណ្តាល បន្ទាប់ពីមានការវាយ ប្រហារតាមអាកាសអាមេរិកប៉ុន្មានដងមក។ លោកបន្តថា ក្រុមរដ្ឋឥស្លាម Khorasan មានមូលដ្ឋាននៅបី ឬបួនស្រុកក្នុងខេត្ត Nangahar នេះ។
ក្រុមនេះបានអះអាងការទទួលខុសត្រូវសម្រាប់ការវាយប្រហារនៅទីក្រុងកាប៊ុល ដែលបានសម្លាប់មនុស្សច្រើនជាង៨០នាក់ និងបង្ករបួសដល់មនុស្ស២០០នាក់ផ្សេងទៀត។ ការវាយប្រហារអត្តឃាតនៅថ្ងៃសៅរ៍នេះ គឺជាការវាយប្រហារដែលកាចសាហាវជាងគេក្នុងទីក្រុងកាប៊ុល តាំងពីការទម្លាក់របបតាលីបង់ក្នុងឆ្នាំ២០០១មក។
ការកើនឡើងចំនួនទាហាន
ការប្រយុទ្ធដើម្បីបណ្តេញក្រុមរដ្ឋឥស្លាមចេញពីអាហ្វហ្គានីស្ថានត្រូវបានធ្វើឡើង នៅខណៈដែលលោកឧត្តមសេនីយ៍ Nicholson បានប្រាប់ទៅអ្នករាយការណ៍ក្នុងទីក្រុងកាប៊ុល ថាលោកកំពុងប្រើប្រាស់សិទ្ធិអំណាចពិសេសមួយដើម្បីនាំយកទ្រព្យ និងកងកម្លាំងជើងគោកបន្ថែមចូលមកក្នុងប្រទេសសម្រាប់ការទប់ទល់នឹងរដ្ឋឥស្លាម Khorasan ក្នុងរយៈពេលខ្លី។
តាមការរាយការណ៍ពីសារព័ត៌មាន The Wall Street Journal លោក Nicholson និយាយថា ការដាក់ពង្រាយទ័ពទាំងនេះគឺជារឿងធម្មតា ព្រោះថាសេចក្តីតម្រូវត្រូវបានកែសម្រួលដោយមេបញ្ជាការទូទាំងតំបន់បញ្ជាការកណ្តាលដែលគ្របដណ្តប់មជ្ឈិមបូព៌ា និងអាស៊ីខាងត្បូង។
សហរដ្ឋអាមេរិកនឹងកាត់បន្ថយចំនួនទាហានក្នុងប្រទេសអាហ្វហ្គានីស្ថានពី៩.៨០០នាក់ ឲ្យនៅសល់៨.៤០០នាក់វិញនៅចុងឆ្នាំនេះ។ លោក Nicholson បាននិយាយថា ទាហានប្រហែល៣.០០០នាក់នឹងធ្វើការផ្តល់ប្រឹក្សាដំបូន្មានទៅកងកម្លាំងជនជាតិអាហ្វហ្គានីស្ថាន ដែលនេះជាផ្នែកមួយនៃបេសកកម្មគាំទ្រយ៉ាងមុតមាំរបស់អង្គការណាតូ។ ទាហានប្រមាណជា២.១៥០នាក់ក្នុងចំណោមទាហាន៨.៤០០នាក់នឹងគាំទ្របេសកកម្មប្រឆាំងភេរវកម្មរបស់អាមេរិកដែលស្លៀកពាក់ជាអ្នកយាមឆ្មាំនៃសេរីភាព ហើយប្រហែល៣.០០០នាក់ទៀតនឹងធ្វើជាអ្នកជំរុញបន្ថែមសម្រាប់យុទ្ធនាការទាំងពីរ៕
ប្រែសម្រួលដោយ ស៊ូ រ៉ូហ្សានិច