ភាពតានតឹងខាងនយោបាយដែលកំពុងកើតមានឡើងរយៈពេលមួយសប្តាហ៍ រវាងពួកមេដឹកនាំកំពូលនៃប្រទេសអាហ្វហ្គានីស្ថាន បានលាតត្រដាងនៅពេលដែលលោក Ashraf Ghani ប្រធានាធិបតីអាហ្វហ្គានីស្ថានហើយនិងលោក Abdullah Abdullah ប្រធានប្រតិបត្តិដែលជាដៃគូក្នុងរដ្ឋាភិបាល បានរិះគន់គ្នាទៅវិញទៅមក។ ភាពតានតឹងនេះកំពុងបង្កើនសំណួរអំពីការរស់រានមានជីវិតនៃរដ្ឋាភិបាលឯកភាពជាតិដែលកំពុងមានការប្រេះឆារនេះ។
ជម្លោះខាងនយោបាយ បានផ្ទុះឡើងនៅពេលដែលពួកបះបោរតាលីបានបានពង្រីកការគំរាមកំហែងដើម្បីកាន់កាប់រដ្ឋធានីរបស់ខេត្ត Helmandដែលជាខេត្តដ៏ធំបង្អស់នៅក្នុងតំបន់ភាគខាងត្បូង ហើយនិងខេត្តនានានៅផ្នែកខាងជើងនៃប្រទេសអាហ្វហ្គានីស្ថាន។
លោក Abdullah ប្រធាននីតិប្រតិបត្តិអាហ្វហ្គានីស្ថាន បានធ្វើសន្ទរកថាកាលពីថ្ងៃព្រហស្បតិ៍ដោយនិយាយថា ប្រធានាធិបតី Ghani មិនស័ក្តិសមដឹកនាំប្រទេសទេ ពីព្រោះតែលោកខកខានមិនបានធ្វើការសហការណ៍គ្នាហើយមិនបានអនុវត្តទៅតាមការប្តេជ្ញាថានឹងដើម្បីធ្វើកំណែទម្រង់ច្បាប់បោះឆ្នោត។
កាលពីថ្ងៃសុក្រ ប្រធានាធិបតី Ghani បានរិះគន់លោក Abdullah វិញតាមរយៈអ្នកនាំពាក្យរបស់លោក ដោយអះអាងថាលោក Abdullah មិនបានប្រើប្រាស់មុខងារជាប្រធានប្រតិបត្តិរបស់លោកនៅក្នុងសេចក្តីថ្លែងការណ៍នោះ។
អ្នកនាំពាក្យរូបនោះ បាននិយាយថា៖ «ជាអកុសល សេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយឯកឧត្តមបណ្ឌិត Abdullah Abdullah កាលពីម្សិលមិញជាការផ្ទុយទៅនឹងស្មារតីនិងសីលធម៌អភិបាលកិច្ច»៕