រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានថ្កោលទោសខ្លាំងក្លាដល់ការបង្ហោះផ្កាយរណបវិទ្យាសាស្ត្រចារកម្មយោធាទីមួយរបស់កូរ៉េខាងជើង ដែលជាវត្ថុមួយរដ្ឋាភិបាលក្រុងព្យុងយ៉ាង និយាយថា ខ្លួនត្រូវការដើម្បីឃ្លាំមើលសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង។
លោក John Kirby អ្នកសម្របសម្រួលខាងគមនាគមន៍យុទ្ធសាស្ត្រនៃក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃពុធប្រាប់ក្រុមអ្នកកាសែត នៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ «រាល់ការបង្ហោះនីមួយៗក្នុងចំណោមការបង្ហោះទាំងនេះ ទោះជាវាគ្មានជោគជ័យឬក៏មានជោគជ័យក៏ដោយ ក៏លោក Kim Jong Un និងក្រុមអ្នកវិទ្យាសាស្ត្រនិងក្រុមវិស្វកររបស់លោកបានរៀនសូត្រ កែលម្អនិងសម្របសម្រួល»។
សេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានបោះពុម្ពផ្សាយក្នុងបណ្តាញសារព័ត៌មានរដ្ឋ បានឱ្យដឹងថា នៅក្នុងការបង្ហោះកាលពីថ្ងៃអង្គារ រ៉ុក្កែតបានបាត់បង់កម្លាំងជំរុញនៅក្រោយការផ្តាច់ពីគ្នានៃផ្នែកទីមួយនិងផ្នែកទីពីររបស់វា។ រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានថ្លែងថា ខ្លួននឹងប៉ុនប៉ងបង្ហោះលើកទីពីរក្នុងពេលឆាប់ៗនេះតាមដែលអាចធ្វើបាន។
បណ្តាញផ្សាយព័ត៌មានរបស់រដ្ឋបាននិយាយថា ផ្កាយរណបវិទ្យាសាស្ត្រនេះមានគោលដៅធ្វើការឃ្លាំមើលសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិកនិងបណ្តាប្រទេសសម្ព័ន្ធមិត្តអាមេរិក «ដោយជាក់ស្តែង»។
ទោះជាយ៉ាងណាក៏ដោយ ក៏សេតវិមាននៅតែយល់ថា ការបង្ហោះមិនមានជោគជ័យនេះមានទាក់ទិននឹងបច្ចេកវិទ្យានៃកម្មវិធីមីស៊ីលផ្លោងអន្តរទ្វីបរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង ដែលត្រូវបានហាមប្រាមដោយសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។ ក្រុមអ្នកសង្កេតការណ៍ក៏បាននិយាយដែរថា បច្ចេកវិទ្យាឃ្លាំមើលអះអាងដោយរដ្ឋាភិបាលក្រុងព្យុងយ៉ាងអាចឱ្យដឹងអំពីទីដៅក្នុងពេលមានសង្គ្រាមដែរ៕