ប្រទេសកូរ៉េខាងជើងបានប្រកាសថា ខ្លួននឹងបាញ់បង្ហោះផ្កាយរណបឈ្លបការណ៍យោធាមួយគ្រឿងរបស់ខ្លួន ទៅក្នុងលំហអាកាសក្នុងខែមិថុនាខាងមុខនេះដើម្បីត្រួតពិនិត្យមើល ការចល័តកងទ័ពជាក់ស្តែងរបស់សហរដ្ឋអាមេរិកនិងដៃគូរបស់គេ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានមជ្ឈិមរដ្ឋកូរ៉េ KCNA នៅថ្ងៃអង្គារនេះ ម៉ោងនៅក្នុងស្រុក។
លោក Ri Pyong Chol អនុប្រធានគណៈកម្មការយោធាមជ្ឈិមនៃគណបក្សពលករកូរ៉េខាងជើង បានថ្កោលទោសយ៉ាងខ្លាំង ទៅលើសមយុទ្ធយោធារួមគ្នាដែលកំពុងធ្វើឡើង រវាងសហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងត្បូង ថាជាការបង្ហាញនូវ«មហិច្ឆតាដ៏គឃ្លើនដោយបើកចំហនិងគ្មានការទទួលខុសត្រូវ»។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានមជ្ឈិមរដ្ឋ KCNA របស់កូរ៉េខាងជើង ដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។
ផ្កាយរណបដែលនឹងត្រូវបាញ់បង្ហោះក្នុងពេលឆាប់ៗខាងមុខ រួមជាមួយនិងបច្ចេកវិទ្យាឈ្លបការណ៍មួយចំនួនទៀតរបស់កូរ៉េខាងជើងនោះ គឺជាការចាំបាច់ក្នុងការតាមដានត្រួតពិនិត្យ និងត្រៀមខ្លួនដោះស្រាយជាមុន នូវសកម្មភាពយោធាដ៏គ្រោះថ្នាក់របស់សហរដ្ឋអាមេរិក និងកងកម្លាំងបរិវាររបស់គេ។ នេះបើយោងទៅលើសេចក្តីថ្លែងការណ៍ដដែលរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA។
កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង បានចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នាដ៏ធំមួយ ដែលមានរយៈពេល៣សប្តាហ៍។ សមយុទ្ធយោធានេះគឺជាផ្នែកមួយនៃការចង់បង្ហាញកម្លាំងដល់កូរ៉េខាងជើង ដែលបានបង្កើនការបាញ់សាកល្បងអាវុធមីស៊ីលរបស់ខ្លួន៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានផ្ដល់ជូនដោយទីភ្នាក់ងារសារព័ត៌មាន AP និងReuters។